ជាតិ
រាំ​ម៉ា​ឌី​ហ្សុ​ន៖ កម្ពុជា​ទម្លាក់​អូស្ត្រាលី​ដើម្បី​ចូលក្នុង​កំណត់ត្រា​ពិភពលោក​សារជាថ្មី
15, Apr 2015 , 3:12 pm        
រូបភាព
ដោយ: ថ្មីៗ
ការចូលរួម​រាំក្បាច់​ម៉ា​ឌី​ហ្សុ​ន​ពី​សំណាក់​មនុស្ស២០១៥នាក់​នា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​ខេត្តសៀមរាប បាន​នាំ​ឲ្យ​កម្ពុជា ចូល​ឈ្មោះ​បន្ថែមទៀត​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness World Records ពោលគឺ​មួយថ្ងៃ​ក្រោយ​ពេលដែល​នំអន្សម​យក្ស​ទទួលបាន​នូវ​ការចុះបញ្ជី។



វត្តមាន​របស់​កម្ពុជា បាន​ទម្លាក់​កំណត់ត្រា​របស់​អូស្ត្រាលី ដែល​បាន​គ្រប់គ្រង​តាំងពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ ។ នា​ពិធីបុណ្យ​តន្ត្រី Easterfest Music Festival នៅ Toowoomba ប្រទេស​អូស្ត្រាលី មាន​មនុស្ស​ចូលរួម​ចំនួន១១៥៥នាក់ ដែល​មកពី​ក្រុម The Smashing Bumkins។

សូមបញ្ជាក់​ផងដែរ​ថា កាលពី​ឆ្នាំ២០១២ ក្រោម​ការរៀបចំ​របស់​កម្មវិធី​កម្សាន្ត​មួយ​ដែលមាន​ឈ្មោះថា «Loy9» ការ​រាំ​ម៉ា​ឌី​ហ្សុ​ន​នៅ​កម្ពុជា​ដែលមាន​អ្នកចូលរួម ៩២៩នាក់ បាន​ចូលក្នុង​កំណត់ត្រា​ពិភពលោក​ម្តង​ហើយ ប៉ុន្តែ​ត្រូវបាន​បំបែក​ដោយ​ក្រុម​រាំ​នៅ​អូស្ត្រាលី​កាលពី​ឆ្នាំ២០១៤ ដែលមាន​ចំនួន១១៥៥នាក់។

ការដណ្តើមយក​កំណត់ត្រា​ពិភពលោក «The Largest Madison Dance» របស់​កម្ពុជា​មកវិញ ត្រូវបាន​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ទី​លានជល់ដំរី ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ១៥ ខែមេសា ឆ្នាំ២០១៥ និង​ជា​ថ្ងៃទី២ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ។

ទោះបីជា​យ៉ាងណាក៏ដោយ នៅ​មានមតិ​មួយចំនួន​រិះគន់​ពី​ការ​លើកយក​ក្បាច់​រាំ​បរទេស​ដើម្បី​ទទួលបាន​កំណត់ត្រា​ពិភពលោក។ អ្នក​ទាំងនោះ ចង់​ឲ្យ​លើកយក​ចង្វាក់រាំ​ខ្មែរ ដូចជា​រាំវង់ រាំក្បាច់ ជាដើម ហើយ​ចំនួន​អ្នកចូលរួម ពួកគេ​ចង់​ឲ្យ​មាន​រហូតដល់​ទៅ២៥៥៩ ដែល​ស្មើនឹង​ចំនួន​ឆ្នាំ​នៃ​ពុទ្ធសករាជ៕



© រក្សាសិទ្ធិដោយ thmeythmey.com