ជាតិ
«Largest Madison Dance» នៅ​សៀមរាប​ត្រូវបាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ហើយ
15, Apr 2015 , 11:28 pm        
រូបភាព
ដោយ: រួបរួម
ឯតទគ្គ​កម្ម​ថ្មី​ពិភពលោក នៃ​ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សុ​ន (Largest Madison Dance) ដែលមាន​មនុស្ស​ចូលរួម២០១៥នាក់ ត្រូវបាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ហើយ​នៅលើ​វ៉ិ​ប​សាយ www.guinnessworldrecords.com នៅ​ល្ងាច​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥ ពោលគឺ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការប្រកាស​លទ្ធផល​ជា​ផ្លូវ​ដោយ​អ្នកស្រី Seyda Subasi Gemici តំណាង​ក្រុមការងារ Guinness World Records។



ការចូលរួម​រាំក្បាច់​ម៉ា​ឌី​ហ្សុ​ន​ពី​សំណាក់​មនុស្ស២០១៥នាក់​នា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​ខេត្តសៀមរាប បាន​នាំ​ឲ្យ​កម្ពុជា ចូល​ឈ្មោះ​បន្ថែមទៀត​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness World Records ពោលគឺ​មួយថ្ងៃ​ក្រោយ​ពេលដែល​នំអន្សម​យក្ស​ទទួលបាន​នូវ​ការចុះបញ្ជី។

វត្តមាន​របស់​កម្ពុជា បាន​ទម្លាក់​កំណត់ត្រា​របស់​អូស្ត្រាលី ដែល​បាន​គ្រប់គ្រង​តាំងពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ ។ នា​ពិធីបុណ្យ​តន្ត្រី Easterfest Music Festival នៅ Toowoomba ប្រទេស​អូស្ត្រាលី មាន​មនុស្ស​ចូលរួម​ចំនួន១១៥៥នាក់ ដែល​មកពី​ក្រុម The Smashing Bumkins។



សូមបញ្ជាក់​ផងដែរ​ថា កាលពី​ឆ្នាំ២០១២ ក្រោម​ការរៀបចំ​របស់​កម្មវិធី​កម្សាន្ត​មួយ​ដែលមាន​ឈ្មោះថា «Loy9» ការ​រាំ​ម៉ា​ឌី​ហ្សុ​ន​នៅ​កម្ពុជា​ដែលមាន​អ្នកចូលរួម ៩២៩នាក់ បាន​ចូលក្នុង​កំណត់ត្រា​ពិភពលោក​ម្តង​ហើយ ប៉ុន្តែ​ត្រូវបាន​បំបែក​ដោយ​ក្រុម​រាំ​នៅ​អូស្ត្រាលី​កាលពី​ឆ្នាំ២០១៤ ដែលមាន​ចំនួន១១៥៥នាក់។

ការដណ្តើមយក​កំណត់ត្រា​ពិភពលោក «The Largest Madison Dance» របស់​កម្ពុជា​មកវិញ ត្រូវបាន​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ទី​លានជល់ដំរី ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ១៥ ខែមេសា ឆ្នាំ២០១៥ និង​ជា​ថ្ងៃទី២ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ។



មកដល់ពេលនេះ កំណត់ត្រា​នៅ​អន្សម​យក្ស​ទម្ងន់​ប្រមាណ៤តោន ដែលជា​ឯតទគ្គ​កម្ម​ថ្មី មិនទាន់​ត្រូវបាន​ចុះផ្សាយ​ជា​ផ្លូវការ​នៅលើ​វ៉ិ​ប​សាយ www.guinnessworldrecords.com  នៅឡើយ​ទេ៕

© រក្សាសិទ្ធិដោយ thmeythmey.com