ពីនេះ ពីនោះ
សត្វប្រម៉ា៖ កាំរបស់វាអាចបន្លឺសំឡេងបាននៅពេលវាអង្រួន
18, Apr 2015 , 3:42 pm        
រូបភាព
ដោយ: ថ្មីៗ
១១. ឯកសារសត្វ


ភិនភាគ៖ ប្រម៉ា គឺជាសត្វកកេរធំមួយក្នុងចំណោមសត្វកកេរដទៃទៀត ដែលមានជើងមុខក្រោយខ្លីៗ និងម្រាមជើងធំខ្លី។ ដងខ្លួនខ្លី ត្រចៀកតូច កន្ទុយធំខ្លី។ ជាទូទៅ វាមានពណ៌ខ្មៅ មានដងខ្លួន និងកន្ទុយគ្របដណ្តប់ទៅដោយកាំរឹងវែងៗរាងដូចបន្លា។ ប្រម៉ាមានដងខ្លួនចាប់ពីក្បាលដល់ពាក់កណ្តាលនៃដងខ្លួនដែលគ្របដណ្តប់ដោយកាំខ្លីៗ

ដែលមានលក្ខណៈដូចរោម និងផ្នែកនៅសល់គ្របដណ្តប់ដោយកាំវែងៗ។ កាំប្រម៉ាភាគច្រើនមានពណ៌ខ្មៅនៅផ្នែកកណ្តាល ដោយឡែកខាងចុង និងគល់នៃកាំវិញមានពណ៌ស។ កាំកន្ទុយប្រម៉ាមានលក្ខណៈពិសេសម៉្យាង ខាងក្នុងកាំមានប្រហោងអាចបន្លឺសំឡេងបាននៅពេលវាអង្រួន។ ពេលមានការគំរាមកំហែង វាបំបាស់កាំរបស់វាឡើងលើ ដើម្បីការពារខ្លួនរបស់វាចៀសផុតពីការយាយីពីសត្រូវ។ ប្រម៉ាមានទំហំដងខ្លួនធំជាងប្រមោញ តែមានកន្ទុយខ្លីជាង និងពុំមានកញ្ចុំនៅចុងកន្ទុយដូចប្រមោញទេ។

ជីវសាស្រ្ត៖ ប្រម៉ារស់នៅក្នុងរូងដីនៃព្រៃគ្រប់ប្រភេទ និងក្បែរតំបន់កសិកម្ម។ វាជាប្រភេទសត្វដែលចិញ្ចឹមជីវិតដោយស៊ីផ្លែឈើជ្រុះពីដើម ឬសឈើ មើមរុក្ខជាតិ និងរុក្ខជាតិផ្សេងៗ។ ជាទូទៅវាជាប្រភេទសត្វដែលចេញរកស៊ីនៅពេលយប់ និងសម្ងំនៅក្នុងរូងនៅពេលថ្ងៃ។

រប៉ាយរស់នៅ៖
នៅប្រទេសកម្ពុជា ប្រម៉ាគឺជាប្រភេទសត្វដែលមានជាមធ្យមស្ទើរគ្រប់ទីកន្លែង។ វាមានរស់នៅគ្រប់ប្រភេទព្រៃនៅតំបន់អាស៊ីអាគ្នេយ៍ កោះស៊ូមាត្រា និងកោះប័រណអូ។ ប្រភេទនេះទទួលរងនូវការបាញ់ដើម្បីយកសាច់បរិភោគ។ កាំ និងក្រពះជាតម្រូវការខាងផ្នែកអាជីវកម្មដើម្បីធ្វើជាឱសថ។

ស្ថានភាពអភិរក្ស៖ ប្រហែលជាមកពីប្រម៉ាមានកាំសម្រាប់ការពារខ្លួនពីសត្រូវ និងសម្បូរចំណីស៊ីហើយមើលទៅ ទើបវាមានដង់ស៊ីតេរស់នៅច្រើនបង្គួរនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែប្រភេទនេះត្រូវបានចុះក្នុងបញ្ជីសៀវភៅក្រហមនៃអង្គការ IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់ (VU) នៅលើពិភពលោក ដោយសារសត្វឆ្កែ ឬការបរបាញ់ដើម្បីយកក្រពះ និងកាំរបស់វាសម្រាប់ធ្វើអាជីវកម្ម៕


© រក្សាសិទ្ធិដោយ thmeythmey.com