អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
គ្រូ​នៅ​កូរ៉េខាងជើង​ត្រូវ​បង្រៀន​សិស្ស​ថា« គីម ជុង​អ៊ុន​គឺជា​ក្មេង​ចេះ​បើកបរ​តាំងពី​អាយុ ៣ ឆ្នាំ»
18, Apr 2015 , 7:45 pm        
រូបភាព
ដោយ:

សៀវភៅ​សិក្សា​គោល​ថ្មី​មួយ តម្រូវ​ឲ្យ​គ្រូបង្រៀន​នៅក្នុង​ប្រទេស​កូរ៉េខាងជើង ត្រូវតែ​បង្រៀន​សិស្ស​របស់​ពួកគេ​ថា លោក គីម ជុង​អ៊ុន មាន​សមត្ថភាព​អាច​បើកបរ​រថយន្ត​បាន តាំងពី​ពេលដែល​លោក​មាន​អាយុ ៣ ឆ្នាំ និង​បានឈ្នះ​ការប្រណាំង​ទូកក្ដោង​ទោល តាំងពី​អាយុ ៩ ឆ្នាំ​មក​ម្លេះ។



​បើ​យោងតាមបណ្តាញ​ទូរទស្សន៍ YTN របស់​កូរ៉េខាងត្បូង បាន​រាយការណ៍​ថា សៀវភៅ​សិក្សា​គោល​ថ្មី​នេះ​ត្រូវបាន​គេ​ផ្តល់ទៅឱ្យ​គ្រូបង្រៀន នៅឯ​សាលារៀន​ថ្នាក់​មធ្យម និង​ថ្នាក់ខ្ពស់​នៅ​ទូទាំងប្រទេស ដើម្បី​បង្រៀន​សិស្ស​នូវមុខ​វិជ្ជា​ថ្មី​មួយ គឺ «សកម្មភាព​បដិវត្តន៍ លោក គីម ជុង​អ៊ុន» ត្រូវបាន​បញ្ចូល​នៅក្នុង​កម្មវិធីសិក្សា​រប​ស់​សាលា ចាប់ពី​ឆ្នាំនេះ​តទៅ។

បើតាម​សៀវភៅ​គោល​ថ្មី​នេះ កុមារ​កូរ៉េខាងជើង​ទាំងអស់ ក៏ត្រូវ​បាន​គេ​បង្រៀន​ផងដែរ​ថា លោក គីម ជុង​អ៊ុន គឺជា​សិល្បករ​ដ៏​មាន​ជំនាញ​ម្នាក់ និង​ពូកែ​តែង​និពន្ធ​តន្ត្រី​ទៀតផង។ 

លោក Toshimitsu Shigemura សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Wased បាន​និយាយថា ការដាក់​មុខវិជ្ជា​ថ្មី​ក្នុង​កម្មវិធីសិក្សា​នេះ គឺ​ដោយសារតែ​របប​ផ្ដាច់ការ​កូរ៉េខាងជើង ចង់បាន​គាំទ្រ​ពេញលេញ​ពី​ប្រជាជន​របស់​ពួកគេ ដើម្បី​ជឿជាក់​លើ​មេដឹកនាំ​ផ្ដាច់ការ​វ័យក្មេង​របស់​ពួកគេ គឺ លោក គីម ជុង​អ៊ុន។

លោក​សាស្ត្រ​ចា​រ្យ​បាន​បន្ថែមថា មាន​មនុស្ស​ជាច្រើន​នៅក្នុង​ប្រទេស​កូរ៉េខាងជើង មិនមាន​ការគោរព​ចំពោះ លោក គីម ជុង​អ៊ុន នោះទេ។ ដូច្នេះហើយក្មេងៗនៅក្នុង​ប្រទេស​នេះ ត្រូវបាន​បង្រៀន​ភាព​អស្ចារ្យ និង​ភាពខ្លាំង​របស់ លោក គីម ជុង​អ៊ុន ។ ទោះបីជាក្មេងៗជឿ​ឬ​មិន​ជឿ ថា​វា​ជាការ​ពិត​ក៏ដោយ ក៏​គ្រូបង្រៀន​ទាំងនោះ​គ្មាន​ជម្រើស​ផ្សេង​ក្រៅពីនេះ​ទេ គឺ​ត្រូវតែ​បង្រៀន​ឲ្យ​ពួកគេ​ជឿ​លើ​រឿងនេះ។

កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​កសាង​ការគោរព​ទៅលើ​បុគ្គលិកលក្ខណៈ​របស់ លោក គីម ជុង​អ៊ុន នៅពេលនេះ ក៏​ធ្លាប់មាន​ផងដែរ​កាល​ជំនាន់ លោក គីម ជុងអ៊ីល ដែល​កាលនោះ សិស្សានុសិស្ស ត្រូវបាន​គេ​បង្រៀន​ថា លោក ជុងអ៊ីល រៀន​ដើរ​តាំងពី​លោក​មាន​អាយុ ៣ សប្ដាហ៍ និង​រៀន​និយាយ ក្រោយពេល​លោក​មាន​អាយុ ៨ សប្ដាហ៍៕


© រក្សាសិទ្ធិដោយ thmeythmey.com