អន្តរជាតិ
នយោបាយអន្តរជាតិ
គ្រូនៅកូរ៉េខាងជើងត្រូវបង្រៀនសិស្សថា« គីម ជុងអ៊ុនគឺជាក្មេងចេះបើកបរតាំងពីអាយុ ៣ ឆ្នាំ»
×
សៀវភៅសិក្សាគោលថ្មីមួយ តម្រូវឲ្យគ្រូបង្រៀននៅក្នុងប្រទេសកូរ៉េខាងជើង ត្រូវតែបង្រៀនសិស្សរបស់ពួកគេថា លោក គីម ជុងអ៊ុន មានសមត្ថភាពអាចបើកបររថយន្តបាន តាំងពីពេលដែលលោកមានអាយុ ៣ ឆ្នាំ និងបានឈ្នះការប្រណាំងទូកក្ដោងទោល តាំងពីអាយុ ៩ ឆ្នាំមកម្លេះ។
បើយោងតាមបណ្តាញទូរទស្សន៍ YTN របស់កូរ៉េខាងត្បូង បានរាយការណ៍ថា សៀវភៅសិក្សាគោលថ្មីនេះត្រូវបានគេផ្តល់ទៅឱ្យគ្រូបង្រៀន នៅឯសាលារៀនថ្នាក់មធ្យម និងថ្នាក់ខ្ពស់នៅទូទាំងប្រទេស ដើម្បីបង្រៀនសិស្សនូវមុខវិជ្ជាថ្មីមួយ គឺ «សកម្មភាពបដិវត្តន៍ លោក គីម ជុងអ៊ុន» ត្រូវបានបញ្ចូលនៅក្នុងកម្មវិធីសិក្សារបស់សាលា ចាប់ពីឆ្នាំនេះតទៅ។
បើតាមសៀវភៅគោលថ្មីនេះ កុមារកូរ៉េខាងជើងទាំងអស់ ក៏ត្រូវបានគេបង្រៀនផងដែរថា លោក គីម ជុងអ៊ុន គឺជាសិល្បករដ៏មានជំនាញម្នាក់ និងពូកែតែងនិពន្ធតន្ត្រីទៀតផង។
លោក Toshimitsu Shigemura សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Wased បាននិយាយថា ការដាក់មុខវិជ្ជាថ្មីក្នុងកម្មវិធីសិក្សានេះ គឺដោយសារតែរបបផ្ដាច់ការកូរ៉េខាងជើង ចង់បានគាំទ្រពេញលេញពីប្រជាជនរបស់ពួកគេ ដើម្បីជឿជាក់លើមេដឹកនាំផ្ដាច់ការវ័យក្មេងរបស់ពួកគេ គឺ លោក គីម ជុងអ៊ុន។
លោកសាស្ត្រចារ្យបានបន្ថែមថា មានមនុស្សជាច្រើននៅក្នុងប្រទេសកូរ៉េខាងជើង មិនមានការគោរពចំពោះ លោក គីម ជុងអ៊ុន នោះទេ។ ដូច្នេះហើយក្មេងៗនៅក្នុងប្រទេសនេះ ត្រូវបានបង្រៀនភាពអស្ចារ្យ និងភាពខ្លាំងរបស់ លោក គីម ជុងអ៊ុន ។ ទោះបីជាក្មេងៗជឿឬមិនជឿ ថាវាជាការពិតក៏ដោយ ក៏គ្រូបង្រៀនទាំងនោះគ្មានជម្រើសផ្សេងក្រៅពីនេះទេ គឺត្រូវតែបង្រៀនឲ្យពួកគេជឿលើរឿងនេះ។
កិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងការគោរពទៅលើបុគ្គលិកលក្ខណៈរបស់ លោក គីម ជុងអ៊ុន នៅពេលនេះ ក៏ធ្លាប់មានផងដែរកាលជំនាន់ លោក គីម ជុងអ៊ីល ដែលកាលនោះ សិស្សានុសិស្ស ត្រូវបានគេបង្រៀនថា លោក ជុងអ៊ីល រៀនដើរតាំងពីលោកមានអាយុ ៣ សប្ដាហ៍ និងរៀននិយាយ ក្រោយពេលលោកមានអាយុ ៨ សប្ដាហ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com