ជាតិ
សុខភាព
ឆ្នាំ២០១៤ ស្ត្រី​ជិត២ម៉ឺន​នាក់​បាន​សម្រាលកូន​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា
18, Apr 2015 , 7:50 pm        
រូបភាព
ដោយ: ថ្មីៗ


នៅ​ឆ្នាំ២០១៤មន្ទីរពេទ្យ​គន្ធបុប្ផា បាន​សម្រាលកូន​នៅ​ផ្នែក​សម្ភព​បាន​ចំនួន១៩,៣៦១កំណើត ក្នុងនោះ​ការ​សម្រាលកូន​ដោយ​វះកាត់​មាន​ចំនួន៨ភាគរយ។ តួលេខ​នេះ ត្រូវបាន​បង្ហោះ​នៅក្នុង​គេហទំព័រ​ហ្វេ​ក​ប៊ុ​ក របស់លោក បេ​អាត រី​ច​ឆ្នឺ​រ ប្រធាន និង​ជា​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​ថ្ងៃទី១០ខែមេសា​កន្លងទៅ។ 



លិខិត​ដែល​ក៏បាន​បញ្ជាក់ដែរថា ភាគច្រើន​នៃ​ស្ត្រី​មាន​គ៌​ត​ទាំងនោះ មាន​ជីវភាព​ទីទ័លក្រ រីឯ​ស្ត្រី​ដែលមាន​ជីវភាព​ធូរធារ ក៏​បានមក​សម្រាលកូន​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​កាន់តែច្រើន​ផងដែរ។

បច្ចុប្បន្ន​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​បាន​ចំណាយ​ថវិកា​ចំនួន១២ម៉ឺន​ដុល្លារ​ក្នុងមួយថ្ងៃៗ ដើម្បី​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ដល់​កុមារ​កម្ពុជា។  ចាប់តាំងពី​ឆ្នាំ១៩៩២មក​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ៥៦០លាន​ដុល្លារ ក្នុងនោះ ៣,៥ភាគរយ​បានមកពី​ភាគី​រាជរដ្ឋាភិបាល​កម្ពុជា៤,៥ភាគរយ​ជា​ថវិកា​បានមកពី​រដ្ឋាភិបាល​ស្វ៊ី​ស​និង៩២,៥ភាគរយ​ជា​ថវិកា​ដែល​ប្រមូលបាន​មូលនិធិ​សប្បុរសជន។

សូមបញ្ជាក់ថា នៅ​ឆ្នាំ២០១៤កន្លងទៅ មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​ប្រមាណ៤០លាន​ដុល្លារ​ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​កុមារ​កម្ពុជា​ជិត១លាន​នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com