អន្តរជាតិ
ចិនតម្រូវឲ្យសាកលវិទ្យាល័យទាំងអស់ដាក់ម៉ាស៊ីនលក់ស្រោមអនាម័យក្នុងទីធ្លាសាលា
×
គោលនយោបាយថ្មីមួយរបស់អាជ្ញាធរចិន គឺតម្រូវឲ្យសាកលវិទ្យាល័យទាំងអស់ នៅទូទាំងរដ្ឋធានីរបស់ប្រទេសចិន ត្រូវតែដំឡើងម៉ាស៊ីនផ្គត់ផ្គង់ស្រោមអនាម័យ នៅក្នុងទីធ្លារសាលា។ គោលនយោបាយថ្មីនេះ ត្រូវបានគេមើលឃើញថា ជាការខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការកើនឡើងនៃជំងឺកាមរោគ ក្នុងចំណោមនិស្សិតចិន ជាពិសេសមេរោគ និងជំងឺអេដស៍។ នេះបើយោងតាមទូរទស្សន៍មជ្ឈឹម CCTV ។
បើតាមប្រភពដដែលនេះ សាកលវិទ្យាល័យនៅក្នុងទីក្រុងប៉េកាំង គឺជាគោលដៅសំខាន់ ជាងគេក្នុងការអនុវត្តកម្មវិធីការការពារនេះ។
ការអប់រំពីបញ្ហាផ្លូវភេទ និងសុខភាពផ្លូវភេទ គឺជាប្រធានបទដ៏ចម្រូងចម្រាសមួយ នៅក្នុងប្រទេសចិន ដោយសារតែឪពុកម្តាយ និងក្រុមអ្នកអភិរក្សនិយម តែងតែតវ៉ាប្រឆាំងនឹងវគ្គសិក្សាបែបនេះ សម្រាប់សិស្ស និស្សិតនៅក្នុងប្រទេសចិន។
ទោះជាយ៉ាងណា គេក៏សង្កេតឃើញមានការផ្លាស់ប្តូរបន្តិចម្តងៗ បានកើតឡើងក្នុងស្រទាប់ សិស្សមួយចំនួនផងដែរ ដោយមានវគ្គសិក្សាពីបញ្ហាផ្លូវភេទ ត្រូវបានគេរៀបចំឡើងនៅក្នុងសាលារៀនមួយចំនួន។ ជាក់ស្ដែង សាលាបឋមសិក្សាជាង ៥០ នៅក្នុងទីក្រុងប៉េកាំង បានបើកវគ្គសិក្សាអប់រំពីបញ្ហាសុខភាពផ្លូវភេទ ។
អ្នកជំនាញផ្នែកផ្លូវភេទ ម្នាក់គឺអ្នកនាង Li Yinhe និយាយថា នាងមានសុទិដ្ឋិនិយមអំពីអនាគតនៃការអប់រំផ្លូវភេទនៅប្រទេសចិន។ នាងបាននិយាយថា ឥរិយាបថទូទៅរបស់រដ្ឋាភិបាលចិន ឆ្ពោះទៅរកផ្លូវភេទ និងការអប់រំផ្លូវភេទ កាន់តែមានការបើកចំហរ និងមានចំនួនកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com