អន្តរជាតិ
ចិន​តម្រូវ​ឲ្យ​សាកលវិទ្យាល័យ​ទាំងអស់​ដាក់​ម៉ាស៊ីន​លក់​ស្រោមអនាម័យ​ក្នុង​ទីធ្លា​សាលា
19, Apr 2015 , 9:05 am        
រូបភាព
ដោយ:

គោលនយោបាយ​ថ្មី​មួយ​របស់​អាជ្ញាធរ​ចិន គឺ​តម្រូវ​ឲ្យ​សាកលវិទ្យាល័យ​ទាំងអស់ នៅ​ទូទាំង​រដ្ឋធានី​របស់​ប្រទេស​ចិន ត្រូវតែ​ដំឡើង​ម៉ាស៊ីន​ផ្គត់ផ្គង់​ស្រោមអនាម័យ នៅក្នុង​ទីធ្លារ​សាលា។ គោលនយោបាយ​ថ្មី​នេះ ត្រូវបាន​គេ​មើលឃើញថា ជាការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​ជំងឺ​កាមរោគ ក្នុងចំណោម​និស្សិត​ចិន ជាពិសេស​មេរោគ និង​ជំងឺអេដស៍។ នេះ​បើ​យោងតាម​ទូរទស្សន៍​ម​ជ្ឈឹ​ម CCTV ។



បើតាម​ប្រភព​ដដែល​នេះ សាកលវិទ្យាល័យ​នៅក្នុង​ទីក្រុង​ប៉េកាំង គឺជា​គោលដៅ​សំខាន់ ជាងគេ​ក្នុងការ​អនុវត្ត​កម្មវិធី​ការការពារ​នេះ។
 
ការអប់រំ​ពី​បញ្ហា​ផ្លូវភេទ និង​សុខភាព​ផ្លូវភេទ គឺជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស​មួយ នៅក្នុង​ប្រទេស​ចិន ដោយសារតែ​ឪពុកម្តាយ និង​ក្រុម​អ្នក​អភិរក្សនិយម តែងតែ​តវ៉ា​ប្រឆាំងនឹង​វគ្គ​សិក្សា​បែបនេះ សម្រាប់​សិស្ស និស្សិត​នៅក្នុង​ប្រទេស​ចិន។

ទោះជា​យ៉ាងណា គេ​ក៏​សង្កេតឃើញ​មានការ​ផ្លាស់ប្តូរ​បន្តិចម្តងៗ បាន​កើតឡើង​ក្នុង​ស្រទាប់ សិស្ស​មួយចំនួន​ផងដែរ ដោយមាន​វគ្គ​សិក្សា​ពី​បញ្ហា​ផ្លូវភេទ ត្រូវបាន​គេ​រៀបចំឡើង​នៅក្នុង​សាលារៀន​មួយចំនួន។ ជាក់ស្ដែង សាលាបឋមសិក្សា​ជាង ៥០ នៅក្នុង​ទីក្រុង​ប៉េកាំង បាន​បើក​វគ្គ​សិក្សាអប់រំ​ពី​បញ្ហា​សុខភាព​ផ្លូវភេទ ។

អ្នកជំនាញ​ផ្នែក​ផ្លូវភេទ ម្នាក់​គឺ​អ្នកនាង Li Yinhe និយាយថា នាង​មាន​សុទិដ្ឋិនិយម​អំពី​អនាគត​នៃ​ការអប់រំ​ផ្លូវភេទ​នៅ​ប្រទេស​ចិន។ នាង​បាន​និយាយថា ឥរិយាបថ​ទូទៅ​របស់​រដ្ឋាភិបាល​ចិន ឆ្ពោះទៅរក​ផ្លូវភេទ និង​ការអប់រំ​ផ្លូវភេទ កាន់តែ​មានការ​បើកចំហ​រ និង​មាន​ចំនួន​កាន់តែច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ៕



© រក្សាសិទ្ធិដោយ thmeythmey.com