អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ភេរវកម្ម​សម្លាប់​មនុ​ស្ស៣៣នាក់​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន អាជ្ញាធរ​ទម្លាក់កំហុស​លើ​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម
19, Apr 2015 , 9:31 am        
រូបភាព
ដោយ:


មនុស្ស៣៣នាក់​បាន​ស្លាប់ និង​ជាង១០០នាក់​ទៀត​រងរបួស​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ក្នុង​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ នៅ​ក្រុង​Jalalabad ភាគ​ខាងកើត​អា​ហ្វ​ហ្កា​នី​ស្ថាន។ ក្រុម​តា​លី​បង់​អា​ហ្វ​ហ្កា​នី​ស្ថាន បាន​ថ្កោលទោស​ភេរវកម្ម​នេះ ខណៈ​ប្រធានាធិបតី​Ashraf Ghani ប្រកាសថា ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​បាន​បង្ក​ហិង្សា​នេះ​ឡើង។



នៅ​ក្រុង​Jalalabad ភាគ​ខាងកើត​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​ប៉ា​គី​ស្ថាន ថ្ងៃ​សៅរ៍​ម្សិលមិញ ភេរវជន​អត្តឃាត​បាន​ចូលទៅ​វាយប្រហារ​នៅមុខ​សាខា​ធនាគារឯកជន​មួយកន្លែង ក្នុងពេលដែល​បុគ្គលិក​ធនាគារ​កំពុង​នាំគ្នា​បើកប្រាក់​ខែ។ ភេរវកម្ម​ម្សិលមិញ គឺជា​ភេរវកម្ម​សម្លាប់​មនុស្ស​ច្រើន​បំផុត គិត​ចាប់ពី​ខែកញ្ញា​ឆ្នាំ២០១៤មក។ បើ​ភេរវកម្ម​នេះ​ពិតជា​ស្នាដៃ​របស់​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​ដូច​ការលើកឡើង​របស់​អាជ្ញាធរ​មែន វា​ជា​ភេរវកម្ម​ដ៏​ធំ​លើកដំបូង​របស់​ក្រុម​នេះ ក្នង​តំបន់​ជា​សំបុក​ក្រុម​តា​លី​បង់ និង​ក្រុម​អាល់​កៃ​ដា។

ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ មេដឹកនាំ​អា​ហ្វ​ហ្កា​នី​ស្ថាន​ជាច្រើនរូប​បាន​សំដែង​ការព្រួយបារម្ភ​ខ្លាច​ក្រុម​ជី​ហាត​វាតទី​មកដល់​អា​ហ្វ​ហ្កា​នី​ស្ថាន។ ផ្ទុយទៅវិញ​អ្នកជំនាញ​គិតថា នេះ​ជា​យុទ្ធសាស្ត្រ​របស់​ថ្នាក់ដឹកនាំ ដើម្បី​ទទួលបាន​ជំនួយ​ពី​ប្រទេស​លោកខាងលិច​កាន់តែច្រើន ខណៈ​អង្គការ​អូតង់​កាត់បន្ថយ​កងកម្លាំង​ខ្លួន​ក្នុងប្រទេស​មួយ​នេះ។ អូតង់​បានបញ្ចប់​បេសកកម្ម​របស់ខ្លួន តាំងពី​ខែធ្នូ​ឆ្នាំមុន តែ​នៅ​បន្ត​ជួយ​បង្វឹក​ជំនាញ​ដល់​កងទ័ព​អា​ហ្វ​ហ្កា​នី​ស្ថាន។ កងទ័ព​អូតង់​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​សព្វថ្ងៃ មាន​ប្រមាណ១២ ៥០០នាក់ ក្នុងនោះ​មាន​កងទ័ព​អាមេរិក៩៨០០នាក់។

ដោយឡែក ក្រុម​តា​លី​បង់​នៅតែ​បន្ត​ហិង្សា​ក្នុងស្រុក។ សប្តាហ៍​មុន ក្រុម​តា​លី​បង់​បាន​វាយប្រហារ២លើក សម្លាប់​ជន​ស៊ីវិល​យ៉ាងហោច១៥នាក់។ នៅ​ភាគ​ខាងកើត​វិញ ទាហាន​អា​ហ្វ​ហ្កា​នី​ស្ថាន១៨នាក់​បាន​ស្លាប់ ក្នុងការ​វាយប្រហារ​មួយ​ផ្សេងទៀត របស់​ក្រុម​តា​លី​បង់។ ក្រុម​តា​លី​បង់​បដិសេធ​ចរចា​ជាមួយ​រដ្ឋាភិបាល ដរាបណា​កងទ័ព​បរទេស​មិនទាន់​ដកចេញ​អស់ពី​អា​ហ្វ​ហ្កា​នី​ស្ថាន៕



© រក្សាសិទ្ធិដោយ thmeythmey.com