ជាតិ
សង្គមជាតិ
លោកនាយក​រដ្ឋមន្ត្រី​កាត់​ដី​ទំហំ​ជាង១០០ហិកតា​ពី​អាជ្ញាធរ​អប្សរា​ប្រគល់​ឲ្យ​ពលរដ្ឋវិញ
19, Apr 2015 , 10:37 am        
រូបភាព
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលចុះសំណេះសំណាលនឹងប្រជាពលរដ្ឋទំាង២ភូមិ នៅថ្ងៃទី១៣ មេសា។ ២០១៥
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលចុះសំណេះសំណាលនឹងប្រជាពលរដ្ឋទំាង២ភូមិ នៅថ្ងៃទី១៣ មេសា។ ២០១៥
សៀមរាប៖ តាម​អនុក្រឹត្យ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទៃដី​ទំហំ​សរុប ១១៥,៤១ហិកតា ត្រូវបាន​កាត់ចេញ​ពី​ដី​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ប្រគល់ជូន​ពលរដ្ឋ ដែល​កាន់កាប់ និង​ប្រើប្រាស់​ដី​ទាំងនោះ​នាពេល​កន្លងមក។



យោងតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី១៧ មេសា ផ្ទៃដី​ចំនួន១១៥,៤១ហិកតា ដែល​ស្ថិតនៅ​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប ត្រូវ​កាត់​ឲ្យ​ប្រជាពលរដ្ឋ​ភូមិ​ចំនួន២ នៃ​សង្កាត់​ស្លក្រាម មាន​ភូមិ​បឹង​ដូន​ប៉ា និង​ភូមិ​ចុង​កៅស៊ូ។ ទីមួយ ផ្ទៃដី​ទំហំ ៥១,៤៣ ហិកតា ត្រូវ​ប្រគល់ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹង​ដូន​ប៉ា តាម​ប្រព័ន្ធ​កូអរដោណេ និង​មាន​និយាម​កា​ដូច​កំណត់​ក្នុង​ផែនទី​ឧបសម្ព័ន្ធ១ នៃ​អនុក្រឹត្យ។ ទី​ពីរ ផ្ទៃដី​ទំហំ ៦៣,៩៨ ហិកតា ប្រគល់ជូន​ពលរដ្ឋ​នៅ​ភូមិ​ចុង​កៅស៊ូ តាម​ប្រព័ន្ធ​កូអរដោណេ និង​មាន​និយាម​កា​ដូច​កំណត់​ក្នុង​ផែនទី​ឧបសម្ព័ន្ធ២ នៃ​អនុក្រឹត្យ។

គេ​នៅ​ចាំបាន​ថា មុន​ថ្ងៃ​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​ថ្ងៃទី១៣ មេសា លោកនាយក​រដ្ឋមន្ត្រី បាន​ជួប​សំណេះសំណាល​នឹង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខាងលើ។ ក្នុង​ពិធី​នោះ លោកនាយក​រដ្ឋមន្ត្រី​បាន​សុំ​អភ័យទោស​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ ពី​អនុក្រឹត្យ​ឆ្នាំ១៩៩៥ ដែល​លោក​បាន​កាត់​ដី​ទំហំ ៤០២គីឡូម៉ែត្រ​ក្រឡា ដើម្បី​ឲ្យ​ស្ថាប័ន​អាជ្ញាធរ​អប្សរា និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ។ លោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើ​ការអភិវឌ្ឍ​ណាមួយ​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ នោះ​លោក​មិន​ធ្វើ​ទេ។

គួរ​បញ្ជាក់ដែរថា ពលរដ្ឋ​ដែល​ទទួលបាន​ដី​ពី​អនុក្រឹត្យ​នៅពេលនេះ មាន​ចំនួន ៧៤៧គ្រួសារ ហើយ​ដែលមាន​លំនៅដ្ឋាន​នៅ​ទីនោះ តាំងពីដើម​មក។ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ អភិបាលខេត្ត​សៀមរាប បាន​ចុះ​ប្រគល់​ក្បាលដី​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ទាំង២ខាងលើ តាម​អនុក្រឹត្យ​របស់​នាយករ​ដ្ឋ​មន្ត្រី​ហើយ​ដែរ តែ​ដំណើរការ​ចុះបញ្ជី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ នឹង​ដំណើរការ​តាម​ក្រោយ៕


© រក្សាសិទ្ធិដោយ thmeythmey.com