ខ្មែរ​ក្រហម
ជាតិ
សាលាក្តី​ខ្មែរក្រហម​នឹង​បន្ត​សវន​កា​រលើ​សំណុំរឿង០០២ឡើងវិញ​ដើម​សប្តាហ៍​ក្រោយ
19, Apr 2015 , 11:04 am        
រូបភាព
អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង តុលាការ​កម្ពុជា (អ.វ.ត.ក) នឹង​បន្ត​បើក​សវន​ការ​លើ​សំណុំរឿង ០០២ ឡើងវិញ​នៅ​ថ្ងៃទី២១ ខែមេសា​ដើម​សប្តាហ៍​ក្រោយ បន្ទាប់ពី​បាន​ផ្អាក​ជាង២សប្តាហ៍​មកហើយ​នោះ។



សវនាការ​លើ​សំណុំរឿង ០០២ បាន​ផ្អាក​អស់​រយៈពេល​ជាង២សប្តាហ៍ ពោលគឺ​ចាប់​ថ្ងៃទី៦ មេសា​រហូតដល់​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ ដើម្បី​ទុកពេល​វេលា​ឲ្យ​មេធាវី​ការពារ​ក្តី និង​ភាគី​នានា​ពិនិត្យមើល​ឯកសារ​ពាក់ព័ន្ធ​ជាង ៣ពាន់​ទំព័រ​ដែល​បាន​ដកស្រង់​ចេញពី​សំណុំរឿង ០០៣ និង០០៤ ពាក់ព័ន្ធ​នឹង​សំណុំរឿង០០២ វគ្គ​ទី២ ។

អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹងថា សហ​ព្រះរាជអាជ្ញា​បានស្នើ​យក​ឯកសារ​ពាក់ព័ន្ធ​ជាង៣ពាន់​ទំព័រ​ក្នុង​សំណុំរឿង០០៣ និង០០៤ ពាក់ព័ន្ធ​នឹង​សំណុំរឿង០០២ វគ្គ​ទី២ ដូចនេះ​អង្គជំនុំជម្រះ​ទុកពេល​ឲ្យ​មេធាវី​ការពារ​ក្តី សហ​ចៅក្រម និង​សហ​ព្រះរាជអាជ្ញា​ទាំង​ជាតិ និង​អន្តរជាតិ​ត្រួតពិនិត្យ​ឯកសារ​ទាំងនោះ មុននឹង​បន្ត​នីតិវីធី​សវន​ការ។

គួររម្លឹកថា កាលពី​ថ្ងៃទី ២៦ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​រិះគន់​សាលាក្តី​ខ្មែរក្រហម ករណី​ពង្រីក​វិសាលភាព​ក្នុងការ​កាត់ទោស​ក្នុង​សំណុំរឿង០០៣ និង០០៤ ថា នឹង​អាចធ្វើ​ឲ្យ​អតីតមន្ត្រី​ក្នុងសម័យ​ខ្មែរក្រហម​មានការ​ភ័យខ្លាច​ហើយ​អាច រត់​ចូល​ព្រៃ​នាំ​ឲ្យ​មាន​សង្គ្រាមស៊ីវិល​ជាថ្មីទៀត។

ប៉ុន្តែ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​បាន​បញ្ជាក់ថា ការសម្រេច​ដកស្រង់​ឯកសារ ពី​សំណុំរឿង ០០៣ និង០០៤ ពាក់ព័ន្ធ​នឹង​សំណុំរឿង០០២ វគ្គ​ទី២ មក​ពិនិត្យ​នោះ គឺ​មិន​ប៉ះពាល់​ដល់​ដំណើ​ស៊ើប​ក្តី​នោះទេ ពោលគឺ ជន​ត្រូវ​ចោទ អ៊ឹម ចែម និង មាស មុត ដែល​អតីត​មេដឹកនាំ​ខ្មែរក្រហម​ត្រូវ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ដោយ កំបាំងមុខ​ដដែល។

លោក​ថា៖«សហ​ព្រះរាជអាជ្ញា​សម្រេច​ដកស្រង់​ឯកសារ​មក​ពិនិត្យ​ជាង ៣ពាន់​ទំព័រ​នោះ គឺជា​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​អង្គហេតុ នៅ​សហករណ៍​ត្រាំកក់ ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពុទ្ធសាសនិកជន និង​មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់។ ហើយ​សំណុំរឿង ០០៣ និង០០៤ នៅតែ​ដាក់​ឲ្យ​ស្ថិតក្រោម​ការអង្កេត​ដូច​ធម្មតា»។

កាលពីដើម​ខែមីនា អតីត​មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ៣រូប​ក្នុង​សំណុំរឿង ០០៣ និង ០០៤ គឺ លោកស្រី អ៊ឹម ចែម លោក មាស មុត និង​លោក អោ អាន ត្រូវបាន​ចៅក្រម​អន្តរជាតិ​នៃ សាលាក្តី​ខ្មែរក្រហម​ដាក់ឱ្យ​នៅក្រោម​ការត្រួតពិនិត្យ។

លោកស្រី អ៊ឹម ចែម ដែលជា​អតីត​ចៅហ្វាយស្រុក​ព្រះ​នេ​ត​ព្រះ និង​លោក មាស មុត​អតីត​មេ​ទា​ហ៊ាន​ជើង​ទឹក ត្រូវបាន​តុលាការ​ដាក់​ស្ថិតនៅក្រោម​ត្រួតពិនិត្យ​ដោយ​កំបាំងមុខ។ អ្នក​ទាំង២ រង​ការចោទប្រកាន់​ពីបទ​មនុស្សឃាត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង ឧក្រិដ្ឋកម្ម​សង្គ្រាម៕



© រក្សាសិទ្ធិដោយ thmeythmey.com