អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាហ្វ្រិក​ខាងត្បូង​ទ័លច្រក​ជាថ្មី​ក្នុង​ហិង្សា​ប្រឆាំង​ជនបរទេស
19, Apr 2015 , 7:00 pm        
រូបភាព
ដោយ:

អំពើហិង្សា​ប្រឆាំង​ជនបរទេស​ផ្ទុះឡើង៣សប្តាហ៍​មកនេះ បានធ្វើអោយ​មនុស្ស​យ៉ាងហោច៦នាក់​ស្លាប់បាត់​បង់ជីវិត ជាង៥ពាន់​នាក់​ទៀត​ត្រូវ​ភៀសខ្លួន។ សមាគមន៍​មួយ​បាន​ប្រាប់ថា ចំនួន​មនុស្ស​ស្លាប់មាន​ដល់​ទៅ១៥នាក់។ ប្រធានាធិបតី​Jacob Zumaបាន​លុបចោល​ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី និង​សុំអោយ​ប៉ូលិស​ខិតខំ​ការពារ​ប្រជាជន​ពី​ហិង្សា។



ភ្លើង​ហិង្សា​ប្រឆាំង​ជនបរទេស​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​ចាប់​ផ្ទុះឡើង កាលពី​ខែមករា នៅ​ក្រុង​Soweto ភាគខាងត្បូង ក្រុង​Johannesbourg ក្រោយពេល​ម្ចាស់​ហាង​ទំនិញ​ជនជាតិ​សូ​ម៉ាលី​ម្នាក់ បានសម្លាប់​ក្មេងប្រុស​អាហ្វ្រិក​ខាងត្បូង​ម្នាក់​ដែល​ចូលទៅ​ប្លន់​ហាង។ ហេតុការណ៍​នេះ​បាន​បង្ក​អោយ​ផ្ទុះ​ហិង្សា​ប្រឆាំង​ជនបរទេស នៅតាម​ក្រុង​ជាច្រើន ពិសេស​ប្រឆាំង​ជនជាតិ​សូ​ម៉ាលី​តែម្តង។ មនុស្ស​ជាច្រើន​ក្រុម​បាន​ឆ្លៀតឱកាស​ចូល​ប្លន់​ហាង​ទំនិញ របស់​ជនបរទេស​ជាច្រើន​កន្លែង។

ក្រោយមកទៀត ព្រះមហាក្សត្រ​Goodwill Zwelithini បានធ្វើ​សន្ទរកថា​បរិហារ​ពី​វត្តមាន​ជនបរទេស​ដែល​រស់នៅ​ខុសច្បាប់​ក្នុងប្រទេស ជាហេតុ​ធ្វើអោយ​ហិង្សា​កាន់តែ​រាលដាល។ ក្នុង​សប្តាហ៍​នេះ ក្រោយ​មាន​ហិង្សា​កាលពី​យប់​ថ្ងៃ​សុក្រ បង្កឡើង​ដោយ​ក្រុមចោរ​ជាច្រើន​ក្រុម ថ្ងៃ​សៅរ៍​ម្សិលមិញ ប៉ូលិស​បាន​ពង្រាយ​កង​កម្លាំង​បន្ថែម នៅ​តំបន់​ជុំវិញ​ក្រុង Johannesburg។ ប៉ូលិស​បាន​ចាប់ខ្លួន​ចោរ​ជាង៣០នាក់។ ប៉ូលិស​ប្រាប់​ដែរ​ថា មាន​ស្លាប់​ជនបរទេស​បន្ថែម​ម្នាក់ទៀត នៅ​ក្រុង​អា​ឡិច​សិន​ដ្រា។ ប្រធានាធិបតី​Jacob Zuma បាន​សុំអោយ​ប៉ូលិស​នាំខ្លួន​ជនល្មើស​ទៅ​កាត់ទោស។ រដ្ឋាភិបាល​សន្យាថា សប្តាហ៍​ក្រោយ នឹង​រៀបចំ​កិច្ចពិភាក្សា​រក​ដំណោះស្រាយ អោយ​ស្ថានភាព​វិល​ត្រលប់​ដូចដើម​វិញ។

ហិង្សា​ប្រឆាំង​ជនបរទេស​នៅ​អាហ្វ្រិក​ខាងត្បូង​តែង​កើតឡើងជារឿយ។ វា​ជា​ព្រឹត្តិការណ៍​បង្ហាញ​ពី​ភាព​តានតឹង​ក្នុង​ចិត្ត របស់​ពលរដ្ឋ​ស្បែក​ខ្មៅ ដែល​ភាគច្រើន​រងគ្រោះ​ដោយសារ​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​គ្មាន​ការងារ​ធ្វើ។ ជនបរទេស​ដែលជា​ជន​ស្បែក​ខ្មៅ​ដូចគ្នា ដែលជា​ជនអន្តោប្រវេសន៍​បាន​រង​ការចោទប្រកាន់ថា ដណ្តើម​ការងារ​ប្រជាជន​ក្នុងស្រុក។ កាលពី​ថ្ងៃ​សុក្រ តំណាង​សហគមន៍​បរទេស​ជន​ជាតិ​អាហ្វ្រិក​បានស្នើ​រដ្ឋាភិបាល​អោយចេញ​ទ័ព​អន្តរាគមន៍ ចៀសវាង​ហិង្សា​ដុនដាប ដូច​កាលពី​ឆ្នាំ២០០៨ ។ កាលពី​ឆ្នាំ២០០៨ ហិង្សា​ប្រឆាំង​ជនបរទេស​បានសម្លាប់​មនុស្ស៦៨នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com