ជាតិ
កម្ពុជាបដិសេធព័ត៌មាននៃការបញ្ចូនជនភៀសខ្លួនអូស្ត្រាលីនៅថ្ងៃស្អែក
×
ក្រសួងមហាផ្ទៃបានបដិសេធជុំវិញព័ត៌មាននៃការបញ្ចូនជនភៀសខ្លួនអូស្ត្រាលី(ក្រុមទី១) ពីកោះណាអ៊ូរូ(Nauru) មកកាន់កម្ពុជានៅស្អែកនេះ។ ព័ត៌មានទាក់ទងនឹងការបញ្ចូនជនភៀសខ្លួនអូស្ត្រាលីនេះ ជាព័ត៌មានមិនពិត។ នេះជាការបញ្ជាក់របស់ លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
លោកខៀវ សុភ័គ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃនេះថា រហូតមកដល់ពេលនេះ ទាំងក្រសួងមហាផ្ទៃ និងក្រសួងការបរទេសកម្ពុជា មិនទាន់ព្រមព្រៀង ឬទទួលព័ត៌មានផ្លូវការ ណាមួយពីរដ្ឋាភិបាលអូស្ត្រាលី ស្តីពីការបញ្ជូនជនភៀសខ្លួនពីកោះណាអ៊ូរូ មកកម្ពុជានៅឡើយ។
អ្នកនាំពាក្យដដែល បានបញ្ជាក់ទៀតថា នៅថ្ងៃនេះឫថ្ងៃស្អែក កម្ពុជានឹងបញ្ចូនមន្ត្រីជំនាញរបស់ខ្លួនទៅកាន់កោះណាអ៊ូរូជាថ្មីម្តងទៀត ដើម្បីត្រួតពិនិត្យ និងសាកសួរពីការស្ម័គ្រចិត្តរបស់ជនភៀសខ្លួនទាំងនោះ។
ព័ត៌មានស្តីពីការបញ្ចូនជនភៀសខ្លួនអូស្ត្រាលី(ក្រុមទី១)ពីកោះណាអ៊ូរូមកកាន់កម្ពុជា ត្រូវបានកាសែតThe Guardian របស់អង់គ្លេសនៅអូស្ត្រាលី ចុះផ្សាយកាលពីថ្ងៃទី១៥ មេសាកន្លងទៅ។ កាសែតThe Guardian បានរាយការណ៍ថា ជនភៀសខ្លួនដែលស្ម័គ្រចិត្ត នឹងត្រូវបញ្ជូនមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី២០ មេសា។ សេចក្តីរាយការណ៍ដែលយោងទៅតាម លិខិតព័ត៌មានដែលមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី បានចែកជូនឲ្យជនភៀសខ្លួននៅលើកោះណាអ៊ូរូ បានឲ្យដឹងថា ជនភៀសខ្លួនទាំងនោះ នឹងទទួលបានការជួយស្វែងរកការងារធ្វើ ការស្នាក់នៅ សេវាសុខាភិបាល និងអាចដាក់ពាក្យស្នើសុំសញ្ជាតិខ្មែរ ក្នុងរយៈពេល៧ឆ្នាំ។
កាលចុងខែកញ្ញា ឆ្នាំ២០១៤ កម្ពុជានិងអូស្ត្រាលី បានចុះអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍ ដែលនឹងផ្តល់ សិទ្ធិជ្រកកោនដល់ជនភៀសខ្លួនប្រមាណ ១ពាន់នាក់ ពីប្រទេសអូស្ត្រាលី។ ការផ្តល់សិទ្ធិជ្រកកោននេះ បានធ្វើឲ្យក្រុមអង្គការសង្គមស៊ីវិល មន្ត្រីគណបក្សប្រឆាំង និងពលរដ្ឋមួយចំនួន មិនពេញចិត្ត និងជំទាស់នឹងកិច្ចព្រមព្រៀងនេះ ក្រោមហេតុផលថា កម្ពុជាមិនទាន់មានលទ្ធភាពទទួលយកជនភៀសខ្លួនទាំងនោះនៅឡើយទេ។ យ៉ាងណារដ្ឋាភិបាលកម្ពុជា ធ្លាប់បានអះអាងថា ការបញ្ជូន និងទទួលជនភៀសខ្លួនទាំងនោះ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត គ្មានការបង្ខំនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com