ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្ថានីយទូរទស្សន៍«ព្រះអាទិត្យ» ស្ថិតនៅក្នុង​ក្រុង​តាខ្មៅ
19, Apr 2015 , 3:25 pm        
រូបភាព
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រលយ​ឲ្យ​ដឹងថា ទូរទស្សន៍​ដែល​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់អំណាច​ដំបូង​គេ តែមាន​សមានចិត្ត​លើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ កំពុង​ត្រៀមលក្ខណៈ​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដើម្បី​ចាប់ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ២០១៥នេះ។



ទូរទស្សន៍«ព្រះអាទិត្យ» បាន​ត្រៀមខ្លួន​រួចហើយ​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដើម្បី​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ២០១៥នេះ។ នេះ​គឺជា​ការប្រកាស​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ដៃគូ​សន្ទនា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក សម រង្ស៊ី ប្រាប់​អំពី​ព័ត៌មាន​នេះ​នៅក្នុង​ទំព័រ​គណនី​ហ្វ៊េ​ស​ប៊ុ​ក​របស់លោក។

លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស សម រង្ស៊ី និង​ជាម​នុស្ស​ស្និទ្ធ​នឹង​លោក សម រង្ស៊ី បាន​អះអាង​ប្រាប់​សារព័ត៌មានថ្មីៗនៅ​រសៀល​ថ្ងៃអាទិត្យ​នេះ​ថា ដំណើរការ​រៀបចំ​ទូរទស្សន៍​ព្រះអាទិត្យ នឹង​អាច​ប្រព្រឹត្តិ​ទៅ​លឿន ដោយសារ​តែមាន​ការយ​ក​ចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក ហុង សុខ​ហួរ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ទំហំ​វិនិយោគ​នឹង​ស្ថិតក្នុង​រង្វង់​ប្រមាណ៤លាន​ដុល្លារ​ដូច​យើង​ធ្លាប់បាន​បញ្ជាក់។ ហើយ​ស្ថានីយ​ផ្សាយ​របស់​យើង គឺ​ស្ថិតនៅ​ម្តុំ​ក្រុង​តាខ្មៅ ដែល​យើង​អាចមាន​លទ្ធភាព​រកបាន ហើយ​វា​ក៏​ជា​ភូមិសាស្ត្រ​ល្អ និង​មិន​ឆ្ងាយ​សម្រាប់​បុគ្គលិក​របស់​យើង»។

បើតាម​ការអះអាង​រប​ស់លោក ហុង សុខ​ហួរ​ដដែល ក្រុមហ៊ុន​ទូរទស្សន៍​ថ្មី​នេះ នឹងត្រូវ​ធ្វើការ​ជាមួយ​អ្នកជំនាញ ហើយក៏​កំពុង​ត្រៀម​ប្រមូល​ដើមទុន និង​អ្នក​ដែល​ចង់​វិនិយោគ​ជាមួយ​ដែរ។

នៅលើ​គណនី​យ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក សមរង្ស៊ី បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ស្ថានីយទូរទស្សន៍​ថ្មី​នេះ ដែល​ប្រជារាស្ត្រ​ខ្មែរ​រង់ចាំ​យូរ​មកហើយ ហើយ​ដែល​អាចមាន​ឈ្មោះថា "ទូរទស្សន៍ ព្រះអាទិត្យ" គឺជា​លទ្ធផល​មួយទៀត នៃ​វប្បធម៌​សន្ទនា បន្ទាប់ពី​ការបង្កើត គ.ជ.ប. ថ្មី​មួយ ដែល​គេ​អាច​ជឿ​ទុកចិត្តបាន ដើម្បី​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នៅ​ឆ្នាំ ២០១៧ និង ២០១៨ ៕




© រក្សាសិទ្ធិដោយ thmeythmey.com