អន្តរជាតិ
យ៉ាងហោច៦០០នាក់អាចស្លាប់ក្នុងករណីលិចនាវាក្បែរលីប៊ី
× មនុស្សយ៉ាងហោចណាស់ជាង៦០០នាក់អាចប្រឈមមុខនឹងគ្រោះថ្នាក់រហូតដល់ស្លាប់ក្នុងឧបទ្ទវហេតុលិចនាវាមួយនៅក្នុងសមុទ្រម់េឌីទែរ៉ាណេ មិនឆ្ងាយប៉ុន្មានពីប្រទេសលីប៊ី។ បើតាមមន្ត្រីទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិ នាវាដែលលិចដឹកមនុស្ស៦៥០នាក់ ហើយក្រោយលិចមនុស្សត្រឹម ២៨នាក់ប៉ុណ្ណោះត្រូវបានគេជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់។
អ្នកដំណើរជាច្រើនរយនាក់អាចប្រឈមមុខនឹងការស្លាប់បាត់បង់ជីវិតក្នុងករណីលិចនាវាមួយនៅក្នុងសមុទ្រម៉េឌិទែរ៉ាណេនៅថ្ងៃអាទិត្យនេះ។ អាជ្ញានៅតំបន់ក្បែរសមុទ្រដែលជាតំបន់កើតហេតុបានបង្ហាញក្តីបារម្ភថា មនុស្សអាចច្រើនដល់៦០០នាក់រងគ្រោះថ្នាក់រហូតដល់ស្លាប់ក្នុងករណីនេះ ព្រោះគេអាចជួយសង្គ្រោះអ្នកដំណើរបានចំនួនបន្តិចបន្តួចបណ្ណោះក្រោយគ្រោះថ្នាក់។ មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានអះអាងថា មនុស្សចំនួនត្រឹម ២៨នាក់ប៉ុណ្ណោះត្រូវបានគេស្រោចស្រង់ចេញពីទឹករួចពីសេចក្តីស្លាប់ ខណៈចំនួនអ្នកដំណើរជាង ៦០០នាក់ផ្សេងទៀតស្ថិតក្នុងភាពមិនច្បាស់លាស់និងគ្រោះថ្នាក់នៅឡើយ។
ករណីលិចនាវាដែលផ្ទុកមនុស្សច្រើនសន្ធឹកសន្ធាប់នេះ កើតឡើងនៅក្នុងសមុទ្រម៉េឌីតទែរ៉ាណេ ដែលស្ថិតនៅចំងាយប្រហែល ១៩៣គីឡូម៉ែត្រពីកោះ Labedusa ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីឆ្នេរសមុទ្រប្រទេសលីប៊ី។ អ្នកដំណើរភាគច្រើនដែលស្ថិតក្នុងនាវាជាជនអន្តោរប្រវេស្ត ដែលរត់គេចចេញពីគ្រោះថ្នាក់ ភាពក្រីក្រ និងសង្គ្រាមស៊ីវិលនៅតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា ក្នុងគោលដៅស្វែងរកទីកន្លែងរស់នៅថ្មី សង្ឃឹមថានឹងអាចកសាងជិវភាពខ្លួនឡើងវិញនៅអឺរ់ុប។
យ៉ាងណាក៏ដោយចំនួនជនអន្តោរប្រវេស្ត នេះមានការកើនឡើងជាប្រចាំ ហើយអ្វីដែលគួរអោយព្រួយបារម្ភនោះ គឺចំនួនគ្រោះថ្នាក់តាមការផ្សងព្រេងដោយជិះនាវានេះកើនឡើងដូចគ្នាដែរ។ គ្រាន់តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះមនុស្សចំនួន ១៣០០នាក់ត្រូវបានគេជួយសង្គ្រោះចេញពីគ្រោះថ្នាក់។ ដូចដែលឃើញស្រាប់កាល ពីប៉ុន្មានថ្ងៃមុននោះក៏មានករណីលិចនាវាដឹកអ្នកដំណើរសរុបជាង ៤០០នាក់ផងដែរនៅក្នុងសមុទ្រម៉េឌីទែរ៉ាណេដដែល។៕
© រក្សាសិទ្ធិដោយ thmeythmey.com