ជាតិ
«សាមគ្គីភាព ផលិតភាព និង​ការងារ»ជា​ទិស​ស្លោក​ខួប​លើក​ទី១២៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ
19, Apr 2015 , 7:45 pm        
រូបភាព
ដោយ: ថ្មីៗ

រាជរដ្ឋាភិបាល​កម្ពុជា នឹង​រៀបចំ​ប្រារព្ធ​ខួប ថ្ងៃទី១ឧសភា​ឆ្នាំ២០១៥ ក្រោម​ប្រធានបទ​ស្លោក៖«សាមគ្គីភាព ផលិតភាព និង​ការងារ» ។



ការជ្រើសរើស​យក​ទិស​ស្លោក​នេះ គឺ​ដើម្បី​ឧទ្ទិស​ដល់​គោលបំណង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​ការបន្ត​ខិតខំ​ពង្រឹង​ភាពសុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ការបង្កើន​ផលិតភាព​ការងារ គុណភាព​ផលិតផល និង​ការកែលម្អ​ជីវភាព​របស់​ពលករ​ដើម្បី​រួមចំណែក​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេសជាតិ និង​ដំណើរ​ការចូលរួម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នាពេលខាងមុខ។ នេះ​បើតាម​សារា​ចរណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ស្តីពី​ការរៀបចំ ប្រារព្ធ​ខួប​លើក​ទី១២៩នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃទី១ឧសភា។

នៅក្នុង​សារា​ចរណ៍​ណែនាំ​រាជរដ្ឋាភិបាល បាន​ចាត់​ឲ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្វើជា​ស្ថាប័ន​ស្នូល​ក្នុង​ការរៀបចំ​ទិវា​អន្តរជាតិ​នេះ ដោយ​ចេញ​សេចក្តីជូនដំណឹង​ដល់​គ្រប់​ស្ថាប័ន និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ណែនាំ​អំពី​ការឈប់​សម្រាក និង​ការរៀបចំ​កម្មវិធី​កម្សាន្ត​ទៅតាម​សហគ្រាស និង​គ្រឹះស្ថាន​នានា សំដៅ​បង្ក​បរិយាកាស​យោគយល់​គ្នា​រវាង​កម្មករ និយោជក។

ក្រសួង​ការងារ​ក៏ត្រូវ​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ រៀបចំ​មិ​ទ្ទេញ​ថ្នាក់ជាតិ ដែលមាន​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័នរដ្ឋ ស្ថានទូត អង្គការ​អន្តរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ព្រមទាំង​ត្រូវ​រៀបចំ​ឲ្យ​មានការ​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត នៅតាម​បណ្តា​រោងចក្រ សហគ្រាស គ្រឹះស្ថាន នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់។

សារា​ចរណ៍​ណែនាំ​បាន​សរសេរ​ទៀតថា ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​រាជធានី-ខេត្ត ត្រូវមាន​វិធានការ​តាម​សមត្ថកិច្ចរៀងៗខ្លួន ក្នុងការ​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ នៅក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​នេះ។

បើតាម​សារា​ចរណ៍​ដដែល ក្រសួង​ព័ត៌មាន​ត្រូវ​ណែនាំ​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋ និង​ឯកជន​ឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​សារលិខិត​របស់ លោក នាយករដ្ឋមន្ត្រី ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី១២៩នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃទី១ឧសភា​នេះ សកម្មភាព​មិ​ទ្ទេញ និង​ការកម្សាន្ត​របស់​កម្មក​រ និយោជិត នៅតាម​បណ្តា​រោងចក្រ សហគ្រាស​នានា ហើយ​នៅ​គ្រប់​រាជធានី-ខេត្ត និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចង់​បដា​ពាក្យស្លោក និង​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ប្រារព្ធ​ខួប​លើក​ទី១២៩នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃទី១ឧសភា៕




© រក្សាសិទ្ធិដោយ thmeythmey.com