ជាតិ
សេដ្ឋកិច្ច
សៀមរាប៖ អតិថិជនរបស់​​ត្រី​ម៉ាស្សា​ថយចុះ
20, Apr 2015 , 2:03 pm        
រូបភាព
ផ្សាររាត្រី៖ សេវា​ត្រី​ម៉ាស្សា​ជើង មិនសូវ​ពេញនិយម​ទៀតឡើយ​នៅក្នុង​តំបន់​ទេសចរណ៍​ផ្សារ​រាត្រី និង​Pub Street ក្នុង​ខេត្តសៀមរាប។ ប៉ុន្តែ​អាជីវ​កម្មនេះ​មិនទាន់​ផុតរលត់​ទេ។ នៅមាន​ទូ​ត្រី​ជាង១០កន្លែង​ដែរ ដើម្បី​បម្រើសេវា​អ្នកទេសចរ​ដែល​ចង់​សាកល្បង​ដាក់​ជើង​ឲ្យ​ត្រី​ចឹក ហើយ​ដែល​គេ​ពន្យល់ថា វា​ជាការ​ម៉ាស្សា​ដោយ​ត្រី​នោះ។



ទូ​ត្រី​មួយកន្លែង​ដែលមាន​ទំហំ២ម៉ែត្រ៤ជ្រុង ស្ថិតនៅលើ​ចិញ្ចើមផ្លូវ​ស៊ី​វុត្ថា ក្បែរ​ច្រកចូល​ផ្សារ​រាត្រី ស្ថិតនៅ​ទំនេរ​ច្រើន​ម៉ោង​ដែរ​ហើយ។ វា​គឺជា​ទូ​ត្រី​របស់លោក សុធី។ ជា​ទូ​ត្រី​មួយ​ក្នុងចំណោម​ទូ​ត្រី​ជាង១០កន្លែង​នៅ​ជុំវិញ​តំបន់​ទេសចរណ៍​កណ្តាល​ក្រុង​សៀមរាប។

បច្ចុប្បន្ននេះ មាន​អ្នកទេសចរ​តិច​ណាស់​ទាំង​ខ្មែរ និង​បរទេស​ដែល​ចង់​សាកល្បង​ការ​ម៉ាស្សា​ដោយ​ត្រី​ចឹក​ជើង​នេះ។ ខុសពី​ជាង៥ឆ្នាំមុន ដែល​មនុស្ស​ជាច្រើន​មិនអាច​រំលង​ការកម្សាន្ត​មួយ​នេះ​បាន បើទោះបីជា​វា​មានតម្លៃ​ថ្លៃ​ក៏ដោយ។ នៅពេលនេះ​ចំនួន​អតិថិជន​ថយចុះ អាជីវករ​ត្រី​ម៉ាស្សា​ក៏​ថយចុះ​បន្តិចម្តងៗ រហូតដល់​តម្លៃ​ធ្លាក់ចុះ​នៅត្រឹម២ដុល្លារ​ក្នុង​សម្រាប់​រយៈ​មួយ​ម៉ោង​សម្រាប់​ជនជាតិខ្មែរ និង៤ដុល្លារ​សម្រាប់​ជនបរទេស។ ប៉ុន្តែ​ជាទូទៅ អតិថិជន​ចង់​សាកល្បង​តែ​ក្នុង​រយៈពេល​កន្លះ​ម៉ោង​តែប៉ុណ្ណោះ។

អតិថិជន​ធ្លាក់ចុះ ចំនួន​អាជីវកម្ម​ក៏​ធ្លាក់ចុះ តែ​អ្នក​ដែល​តស៊ូ​នៅ​បន្ត​អាច​ទទួលផល​ចំណេញ​ច្រើន​បង្គួរ​ដែរ។ សុធី​អាច​រកបាន​ចំណូល​បាន​មិនតិចជាង៥០០ដុល្លារ​ឡើយ​ក្នុងមួយខែៗ ។
«ជាង៥០០ដុល្លារ ជា​ចំណូល​សរុប។ ខ្ញុំ​ជួល​កន្លែង​ដាក់​ទូ​ត្រី​នេះ៣០០ដុល្លារ​ក្នុង​មួយខែ។ ថ្លៃ​ភ្លើង និង​ទឹក​សរុប​ប្រហែល៥០ដុល្លារ​ទៀត។ ចឹ​ង​អាច​នៅសល់​ជាង១០០ដុល្លារ​ដែរ។ នេះ​យើង​គ្រាន់តែ​ធ្វើការ​ពេលយប់​ទេ។ ពេល​ថ្ងៃ​ខ្ញុំ​រត់​ម៉ូតូឌុប និង​ធ្វើ​ការងារផ្សេងៗ អាច​បាន​កំរៃ​ថែមទៀត»។ នេះ​ជាការ​រៀបរាប់​របស់​សុ​ធី ដែល​ឈរ​នៅចាំ​ទទួល​អតិថិជន​នៅមុខ​ទូ​ត្រី​របស់ខ្លួន។

ម្ចាស់​ទូ​ត្រី​រូបនេះ ហាក់​មិន​មានជំនឿថា របរ​ត្រី​ម៉ាស្សា​នេះ​អាចមាន​ជីវិត​បន្ត​យូរ​ទៀត​បាន​នោះទេ បើទោះជា​នៅពេលនេះ វា​នៅមាន​អតិថិជន​ចង់​កម្សាន្ត​ជាមួយ​ត្រី​ក៏ដោយ។ រលក​នៃ​ការថយចុះ​អាជីវ​កម្មនេះ នឹង​អាច​មកដល់​ជាថ្មី​ម្តងទៀត ហើយ​នៅពេលនោះ ក៏​ប្រហែលជា​គ្មាន​ទៀតឡើយ ទូ​ត្រី​ទាំង១០កន្លែង​ចុងក្រោយ​នេះ។ មូលហេតុ​ភ្ញៀវទេសចរ​កាន់តែ​តិច​ទៅ​ចង់​សាកល្បង​ជាមួយ​ត្រី នៅពេលដែល​ការ​តូប​ម៉ាស្សា​ជើង​ដែល​ធ្វើ​ដោយ​មនុ​ស្សបាន​រីកដុះដាល​មក​នៅ​ជុំវិញ​ទូ​ត្រី។ ភ្ញៀវទេសចរ​ទំនងជា​ចាប់អារម្មណ៍​ការ​ម៉ាស្សា​ដោយ​ដៃ​មនុស្ស ជាង​មាត់​ត្រី៕



© រក្សាសិទ្ធិដោយ thmeythmey.com