ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា ​ច័ន្ទ ​មល្លិកា៖ ជោគជ័យ ម៉ា​ឌី​ហ្សូ​ន២០១៥ ធ្វើ​ឲ្យ​យើង​អួលដើម ក នៅឡើយ
20, Apr 2015 , 4:09 pm        
រូបភាព
ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៥ទើបតែ​បញ្ចប់ទៅថ្មីៗនេះ។ ប៉ុន្តែ​ការជជែក​អំពី​ការ​រាំ​ម៉ា​ឌី​ហ្សូ​ន​បំបែក​ឯតទគ្គ​កម្ម Guinness World Records នៅ​មិនទាន់​ចប់​ឡើយ។ រូបភាព​នៃ​ការ​រាំ​ម៉ា​ឌី​ហ្សូ​ន​នៅ​ទី​លានជល់ដំរី​ត្រូវ​សារព័ត៌មាន​បន្ត​ផ្សព្វផ្សាយ និង​ត្រូវបាន​គេ​ចែកចាយ​បន្ត​គ្នា​នៅលើ​បណ្តាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​ក។ ម៉ាស៊ីន​ថត កាមេរ៉ា​វីដេអូ បាន​ផ្តិត​យកតែ​រូបភាព​បេក្ខជន បេ​ក្ខ​នារី២០១៥នាក់ និង​អ្នកតំណាង​ទទួល​លិខិតបញ្ជាក់ Guinness World Records ប៉ុន្តែ​ម៉ាស៊ីន​ផ្តិត​រូបភាព​ទាំងនោះ មិនបាន​ផ្តិត​យក​រូបភាព កញ្ញា ច័ន្ទ មល្លិកា ដែល​កាន់​វិទ្យុទាក់ទង​ជាមួយ​ក្រុមការងារ​រត់​ចុះឡើង​ជុំវិញ​មនុស្ស២០១៥នាក់​នោះទេ។ តាមពិត កញ្ញា ច័ន្ទ មល្លិកា នេះហើយ​ដែលជា​អ្នកនិពន្ធ​បទ ម៉ា​ឌី​ហ្សូ​ន២០១៥ ទុក​ឲ្យ​យុវជន​ខ្មែរ​រាំ​បំបែក ឯតទគ្គ​កម្ម​ពិភពលោក។ នៅពេលដែល​ពលរដ្ឋ​កម្ពុជា​សាទរ​នឹង​ជ័យជម្នះ​នេះ កញ្ញា​អ្នកនិពន្ធ​អត្ថាធិប្បាយ​យ៉ាងខ្លី​ថា ជោគជ័យ​របស់​អង្គរ​សង្ក្រាន្ត​ជា​មោទនភាព​បំផុត​ក្នុង​មួយជីវិត​កញ្ញា​ក្នុងនាម​ជា​ខ្មែរ។



ដើម្បី​យល់​អំពី​ចំណាប់អារម្មណ៍​លម្អិត​របស់​កញ្ញា ច័ន្ទ មល្លិកា សូម​លោក​អ្នកអាន​បទសម្ភាសន៍​រវាង កញ្ញា ខន ចំប៉ា អ្នកយកព័ត៌មាន​នៃ​សារព័ត៌មានថ្មីៗ និង​កញ្ញា ច័ន្ទ មល្លិកា ដូចតទៅ៖

កញ្ញា ​ខន ​ចំប៉ា៖ កញ្ញា​ច័ន្ទ​មល្លិកា​គឺជា​អតីត​អ្នកនិពន្ធ​ទំនុកច្រៀង​នៅក្នុង​ផលិតកម្ម​ក្នុងស្រុក​មួយចំនួន​ដូចជា​ផលិតកម្ម​រស្មី​ហង្ស​មាស​ផលិតកម្ម​ថោ​ន​ផលិតកម្ម​អឹម(M)ជាដើម។ កញ្ញា​ក៏​ជា​អ្នកនិពន្ធ​ទំនុកច្រៀង​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រយៈ៣ឆ្នាំ​ជាប់​គ្នា​ដែរ។ តើ​ក្នុង​រយៈពេល៣ឆ្នាំនេះ កញ្ញា​តែង​បាន​ចម្រៀង​ប៉ុន្មាន​បទ?
កញ្ញា ​ច័ន្ទ​ មល្លិកា៖ ចា៎​ខ្ញុំ​បាន​និពន្ធ​បទ​ចម្រៀង​ជាង៣០ហើយ​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រយៈ៣ឆ្នាំនេះ​ពោលគឺ១ឆ្នាំ​យើង​ធ្វើ​ចំនួន១២បទ។ បទ​ចម្រៀង​ទាំងនោះ​មាន​គ្រប់​ចង្វាក់​ទាំងអស់ ដូចជា​បទ​គោម​ទឹក​នឹក​ស្នេហ៍ បទ​មរតក​អង្គរ​សៀមរាប​ផ្ទះ​ខ្ញុំ​អបអរសាទរ​អង្គរ​សង្ក្រាន្ត​បទ​ម៉ា​ឌី​ហ្សូ​ន២០១៥និង​បទ​អង្គរ​សង្ក្រាន្ត​ជាដើម។

កញ្ញា​ ខន ​ចំប៉ា៖ កញ្ញា​មល្លិកា​មាន​ហេតុផល​អ្វីខ្លះ​ដែល​ជំរុញ​ទឹកចិត្ត​ឲ្យ​កញ្ញា​ស្ម័គ្រចិត្ត​និពន្ធ​ទំនុកច្រៀង​សម្រាប់​មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ?
កញ្ញា ​ច័ន្ទ​ មល្លិកា៖ ចា៎​សម្រាប់​ខ្ញុំ​ក្នុង​មួយជីវិត​នេះ​មានរឿង៣ដែល​ខ្ញុំ​ត្រូវធ្វើ គឺ​ទី១.ធ្វើ​ដើម្បី​ខ្លួនឯង​ទី២.ធ្វើ​ដើម្បី​គ្រួសារ​និង​ទី៣. ធ្វើ​អ្វី​សម្រាប់​ជួយ​សង្គមជាតិ។ ហើយ​ខ្ញុំ​សូមជម្រាបថា​មិនមែន​តែ​ខ្ញុំ​ម្នាក់ ដែលជា​និពន្ធ​ទំនុកច្រៀង​នេះ​អាចធ្វើ​ឲ្យ​បទ​ចម្រៀង​ទាក់ទង​នឹង​អង្គរ​សង្ក្រាន្ត​នេះ​ចេញ​ជា​រូបរាង​នោះទេ។ និយាយ​ដោយស្មោះ​ត្រង់​ទៅ​ក្រុមការងារ​របស់ខ្ញុំ​មាន​ជិត២០នាក់​ទាំង​អ្នកនិពន្ធ​ទំនុកច្រៀង​អ្នកនិពន្ធ​បទ​ភ្លេង​និង​អ្នកចម្រៀង។ ពួកយើង​សុទ្ធតែ​ស្ម័គ្រចិត្ត​ទាំងអស់។ ពីព្រោះ​អី! ពីព្រោះ​ខ្ញុំ​យល់ថា​ការចូល​រួមមួយ​នេះ​គឺជា​វិភាគទាន​មួយ​ដែល​ក្នុងនាម​ខ្ញុំ​ជា​ខ្មែរ​អាចជួយ​សង្គមជាតិ​របស់ខ្ញុំ​បានការ​ស្រឡាញ់​ដែល​ចេញពី​បេះដូង​វា​នឹង​ជំរុញ​ឲ្យ​យើង​ខំ​ធ្វើ​វា​ឲ្យ​អស់ពី​លទ្ធភាព ទោះបីជា​ហត់នឿយ​ប៉ុន្តែ​ពួកយើង​សប្បាយចិត្ត​នឹងធ្វើ​វា។

កញ្ញា ​ខន ​ចំប៉ា៖ ត្រឡប់​ទៅ​ជជែក​ពីបទ​ចម្រៀង​ដែល​ត្រូវបាន​តែង​សម្រាប់​ឆ្នាំ២០១៥នេះ​វិញ។ មាន​បទ​ចម្រៀង២បទ​ដែលមាន​ភាពលេច​ធ្លោ​ជាងគេ គឺ​បទ«អង្គរ​សង្ក្រាន្ត»ជា​ចង្វាក់​រាំវង់​ដែល​ប្រជាជន​កម្ពុជា​ស្ទើរ​ទូទាំងប្រទេស​បានលឺ​នៅក្នុង ​Call Tuneក្នង​ទូរ​សព្ទ​និង​បទ«ម៉ា​ឌី​ហ្សូ​ន២០១៥»ជា​បទ​ដែល​ច្រៀង​ក្នុងការ​រាំ​ម៉ា​ឌី​ហ្សូ​ន​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក។ កញ្ញា​ច័ន្ទ​មល្លិកា​តើ​ប​ទស​ម្រៀ​ង​ទាំងពីរ​នេះ​មាន​លក្ខណៈពិសេស​យ៉ាងដូចម្តេចខ្លះ សម្រាប់​កញ្ញា?

កញ្ញា​ ច័ន្ទ​ មល្លិកា៖ ជាដំបូង​ខ្ញុំ​សូម​លើកយក​ពីបទ«អង្គរ​សង្ក្រាន្ត»ដែល​ច្រៀង​ដោយ​កញ្ញា​ណាក់ ស្រី​ណា ​តួឯក​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៣និង​លោក​ សុគន្ធ ថេរ៉ាយុ។ បទ​នេះ​គឺ​ខ្ញុំ​បាន​សរសេរ​រៀបរាប់​លំអិត​ពី​កម្មវិធីផ្សេងៗដែល​ត្រូវ​រៀបចំ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក្នុងនោះ​មានដូចជា​ការប្រកួត​អុកចត្រង្គ​យក្ស នំអន្សម​យក្ស ការ​បណ្តែត​គោម​ខ្មែរ​ការសម្តែង​សិល្បៈ​ខ្មែរ​ការលេង​ល្បែង​ប្រជាប្រិយ​ដូចជា​ចោល​ឈូង ទាញព្រ័ត្រ​បោះ​អ​ង្គុ​ញ​ជាដើម។ នៅពេលដែល​គេ​បាន​ស្តាប់​បទ​នេះ​គេ​នឹង​ដឹងថា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​មាន​កម្មវិធី​អ្វីខ្លះ ហើយ​រៀបចំ​នៅទីណា។ចំណែកឯ បទ«ម៉ា​ឌី​ហ្សូ​ន២០១៥»ដែល​ច្រៀង​ដោយ​កញ្ញា ​សុគន្ធ​ នីសា​ក ញ្ញា​ ឡូ​រា ​ម៉ម ​លោក​ សុគន្ធ ថេ​រ៉ា​យុ ​និង​លោក​ នៅ ស៊ី​នឿន ​វិញ​ខ្ញុំ​បាន​សរសេរ​បញ្ជាក់ថា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត គឺ​រៀបចំឡើង​ដើម្បី​មហា​គ្រួសារ​ខ្មែរ​ដើម្បី«យុវជន​សៀមរាប​ផ្ទះ​ខ្ញុំ» ដែល​បាន​ហ្វឹកហាត់​រាំ​បទ​ម៉ា​ឌី​ហ្សូ​ន​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក​និង​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ដែល​ទៅលេង​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត។លើសពីនេះ​ទៀត ទាំង​អត្ថន័យ​និង​អត្ថរស​នៃ​បទ​ចម្រៀង គឺ​សុទ្ធសឹងតែ​បានបញ្ជាក់​យ៉ាងច្បាស់​ពី​អត្តសញ្ញាណ​និង​មោទនភាព​របស់​ខ្មែរ​តទៅ​គ្រប់​ជំនាន់​ទាំងអស់​និង​បង្ហាញ​ឲ្យ​ពិភពលោក​ស្គាល់​ថា​អង្គរ​សង្ក្រាន្ត​មានតែ​នៅ​កម្ពុជា​តែមួយគត់។

កញ្ញា ​ខន​ ចំប៉ា៖ កញ្ញា​ ច័ន្ទ​ មល្លិកា​ បានដឹង​ជាមុន​ទេ ថា​តើ​គេ​នឹង​រើសយក​បទ«ម៉ា​ឌី​ហ្សូ​ន២០១៥»នេះ​អម​ជាមួយ​ការ​រាំ​ម៉ា​ឌី​ហ្សូ​ន​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក​ដែរ​ទេ?
កញ្ញា​ ច័ន្ទ ​មល្លិកា៖ ចា៎​បទ«ម៉ា​ឌី​ហ្ស៊ុ​ន២០១៥»នេះ​ត្រូវបាន​ជ្រើសរើស​ដោយ លោក​ហ៊ុន​មា​នី ប្រធាន សហភាព​សហព័ន្ធ​យុ​វជ​ម្ពុ​ជា ហើយក៏​ត្រូវ​ឆ្លងកាត់​ការយល់ព្រម​ពី​លោកស្រី​ Seyda Subasi Gamici តំណាង​អ្នកវាយតម្លៃ​របស់ ​Guinness World Record ផ្ទាល់។ការពិតទៅ​យើង​មិនបាន​ដឹង​ទេ​ថា​បទ​នេះ​ត្រូវបាន​គេ​ជ្រើសរើស ម្យ៉ាង​យើង​មាន​ពេលវេលា​ប្រមាណ២សប្តាហ៍​ប៉ុណ្ណោះ​សម្រាប់​និពន្ធ​បទ​ចម្រៀង​ទាំង១២បទ​ហើយ​ដែល​គ្រប់​បទ​ចម្រៀង​ទាំងអស់​គឺ​យើង​និពន្ធ​ឲ្យ​ទាក់ទង​ទៅនឹង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៥ដែល​រៀបចំ​នៅ​ខេត្តសៀមរាប​នេះ។

កញ្ញា​ ខន​ ចំប៉ា៖ ក្នុងនាម​ជា​អ្នកនិពន្ធ​ទំនុកច្រៀង​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ជាពិសេស​បទ«ម៉ា​ឌី​ហ្សូ​ន២០១៥»កញ្ញា​មល្លិកា អាច​ពិពណ៌នា​ពី​អារម្មណ៍​របស់ខ្លួន​យ៉ាងណាខ្លះ​នៅពេល​លោកស្រី​Seyda Subasi Gamiciប្រកាសថា​ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សូ​ន​របស់​យុវជន​កម្ពុជា​បាន​ជាប់​ក្នុង​កំណត់ត្រា​ពិភពលោក?

កញ្ញា​ ច័ន្ទ​ មល្លិកា៖ រំភើប​មែនទែន​ហើយ​ជា​អារម្មណ៍​រំភើប​មួយ​ដែល​មិនអាច​កាត់ថ្លៃ​បាន។ ព្រោះ​ជា​មោទនភាព​ជាតិ។ហើយ​រហូតមកដល់​ថ្ងៃនេះ​ក៏​ខ្ញុំ​នៅតែ នឹកស្មាន​មិន​ដល់​និង​នៅ​អួលដើមក​នៅពេល​ស្រមៃ​នឹកឃើញ​ពី​លទ្ធផល​ដែលជា​ជោគជ័យ​មួយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នោះ។មួយវិញទៀត​ពួកយើង​ជា​ក្រុម​ផលិត​បទ​ចម្រៀង ក៏​មិនបាន​រំពឹង​អ្វី​ការងារ​របស់​យើង​ដែរ​ក្រៅពី​ចង់​ឲ្យ​មហា​គ្រួសារ​រីករាយ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះហើយ​ពួកយើង​តាំងចិត្ត​ប្រឹងប្រែង លះបង់​កម្លាំងកាយ​ចិត្ត​ចូលរួមចំណែក​ក្នុង​ការជួយ​សង្គម​ទោះបី​វា​នៅមាន​ចំណុច​ខ្វះខាត​ខ្លះ​ក៏ដោយ។ប៉ុន្តែ​ពួកគាត់​បាន​ខំប្រឹងប្រែង​ហើយ​លះបង់​ហើយ។មិនមែន​តែ​បទ​នេះ​មួយ​ទេ​សូម្បីតែ​បទ​អង្គរ​សង្ក្រាន្ត​ដែល​ប្រជាជន​ជាង១៤លាន​នាក់​បានលឺ​នៅក្នុង​Call Tuneក៏​ធ្វើ​ឲ្យ​ពួកយើង​រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក​ដែរ។

កញ្ញា ​ខន​ ចំប៉ា៖ មែនទែនទៅ​បទ​ចម្រៀង​សម្រាប់​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៥ហាក់​មិនសូវ​បាន​ចាក់ផ្សាយ​ច្រើន​ទេ​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។យើង​បានលឺ​តែ​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​តែប៉ុណ្ណោះ។តើ​កញ្ញា​មាន​គម្រោង​ថា​នឹងដាក់​ផ្សាយ​ជា​សាធារណៈ​ឬ​ផលិត​ទៅជា​វីដេអូ​ដែរឬទេ​បន្ទាប់ពី​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៥បានបញ្ចប់​ដោយ​ជោគជ័យ​ជាពិសេស​ការ​រាំ​ម៉ា​ឌី​ហ្សូ​ន​អម​ជាមួយ​បទ​ចម្រៀង«ម៉ា​ឌី​ហ្សូ​ន២០១៥»ដែល​កញ្ញា​និពន្ធ​បាន​ជាប់​ជា​កំណត់ត្រា​ពិភពលោក?
កញ្ញា ​ច័ន្ទ​ មល្លិកា៖ ការពិតទៅ​គម្រោង​នេះ​យើង​មាន​តាំងពី​យូរ​មកហើយ​គ្រាន់តែ​យើង​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដូច​ខ្ញុំ​បាន​និយាយ​មុននេះ​យើង​មាន​ពេល​មិន​ដល់២សប្តាហ៍​ផង​សម្រាប់​ការនិពន្ធ​បទ​ចម្រៀង​សម្រាប់​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ។ថ្ងៃទី៨ខែមេសា​ទើប​ក្រុមការងារ​បានបញ្ចប់​ការ​តែង​និពន្ធ​និង​ច្រៀង ដូច្នេះ​យើង​មាន​ពេលវេលា​តិចតួច​មែនទែន​ហើយម្នាក់ៗបាន​គេង​តែ២ឬ៣ម៉ោង​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ជាង​កន្លះ​ខែ​នេះ។ប៉ុន្តែ​បន្ទាប់ពី​អង្គរ​សង្ក្រាន្ត​បញ្ចប់​យើង​នឹង​គិតគូរ​ពី​បញ្ហា​នេះ។

កញ្ញា ​ខន ​ចំប៉ា៖ ជា​សំណួរ​ចុងក្រោយ​អ្វី​ជា​មោទនភាព​និង​ទិដ្ឋភាព​ដែល​មិនអាច​បំភ្លេចបាន​របស់​កញ្ញា​ច័ន្ទ​មល្លិកា​ក្នុងនាម​ជា​អ្នកនិពន្ធ​ទំនុក​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៥នេះ?
កញ្ញា ​ច័ន្ទ​ មល្លិកា៖ ជា​មោទនភាព​សម្រាប់​ជីវិត​ខ្ញុំ​ក្នុងនាម​ជា​កូន​ខ្មែរ​ដែល​ខ្ញុំ​មានឱកាស​ចូលរួម​បញ្ចេញ​សមត្ថភាព​ស្នាដៃ​និង​ទេពកោសល្យ​របស់ខ្ញុំ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ជាពិសេស​ពេល​ឃើញ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បញ្ចប់​ទៅដោយ​ជោគជ័យ​និង​ត្រូវបានគេទទួលស្គាល់​នៅ​ទូទាំង​ពិភពលោក។ខ្ញុំ​ពិតជា​មាន​មោទនភាព​និង​រំភើប៕




© រក្សាសិទ្ធិដោយ thmeythmey.com