ចែម ស្រីល័ក្ខ ម្ចាស់ជ័យលាភីផ្កាយរះក្នុងសួនវគ្គ២ និយាយពីគ្រាលំបាកក្នុងសម័យប្រលង
× ភ្នំពេញ៖ ម្ចាស់ជ័យលាភីផ្កាយរះក្នុងសួនវគ្គ២ កញ្ញា ចែម ស្រីល័ក្ខ ដែលបានគ្រងពានកិត្តិយសផ្នែកចម្រៀងសម័យដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ប្រចាំឆ្នាំ២០១៤ បានឲ្យដឹងថា ទម្រាំនាងឈានមកដល់ដំណាក់កាលផ្តាច់ព្រ័ត្រនេះ ត្រូវឆ្លងកាត់ការលំបាកសព្វបែបយ៉ាងគ្រាដែលនាងធ្វើដំណើរមកប្រលងក្នុងមួយវគ្គៗនោះ ដ្បិតអីនាងត្រូវធ្វើដំណើរពីខេត្តតាកែវមកភ្នំពេញ។
ក្រោយពីជាប់ជំរើសក្នុងវគ្គជំរុះប្រចាំសប្តាហ៍ នៃកម្មវិធីប្រលងចម្រៀងសម័យ ដែលមានឈ្មោះថា ផ្កាយរះក្នុងសួន ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ប្រចាំឆ្នាំ២០១៤ កញ្ញា ចែម ស្រីល័ក្ខ ដែលជាបេក្ខនារីមកពីខេត្តតាកែវ បានរំលឹកឲ្យដឹងពីការលំបាកផ្សេងៗចំពោះនាងក្នុងគ្រាប្រលងនោះថា នាងត្រូវធ្វើដំណើរពីខេត្តតាកែវមកចូលរួមប្រលងឆ្លងកាត់បញ្ហាមួយចំនួន ដូចជាការធ្វើដំណើរវិលត្រលប់ទៅស្រុកវិញ និងពេលខ្លះត្រូវស្នាក់នៅភ្នំពេញដើម្បីថតចម្រៀងតាមការដាក់ជូនរបស់លោក ហ្វៃ សំអាង ដែលជាអ្នកគ្រប់គ្រងកម្មវិធី។
ចែម ស្រីល័ក្ខ ចូលចិត្តច្រៀងតាមសំនៀងដើមរបស់តារាចម្រៀង កញ្ញា អ៊ីវ៉ា។ ឆ្នាំនេះ ស្រីល័ក្ខ មានវ័យ១៨ឆ្នាំហើយ នាងកំពុងសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យឈើទាមជ្រុំ ខេត្តតាកែវ។ នាងបានឲ្យដឹងថា នាងស្រលាញ់វិស័យចម្រៀងនេះតាំងពីអាយុ៨ឆ្នាំមកម្ល៉េះ ប៉ុន្តែដើមឡើយនាងច្រៀងចម្រៀងផ្នែកបុរាណប៉ុណ្ណោះ ព្រោះមានឪពុកជាអ្នកលេងភ្លេង។ លុះដល់ធំពេញវ័យ នាងក៏ចាប់យកច្រៀងចម្រៀងសម័យមួយទៀត។ នៅរដូវប្រាំងដែលជារដូវគេរៀបការ ស្រីល័ក្ខ តែងតែដើរច្រៀងភ្លេងការជាមួយឪពុកជារឿយ។
ចែម ស្រីល័ក្ខ មានបងប្អូន៥នាក់ ស្រី២នាក់ នាងជាកូនទី៣។ នាងមានឪពុកឈ្មោះ យ៉ុក សំអឿន មុខរបរ លេងភ្លេងការ ម្តាយឈ្មោះ ជឿង រ៉េន មុខរបរមេផ្ទះ។ សព្វថ្ងៃ ស្រីល័ក្ខ កំពុងជាប់មមាញឹកដើរច្រៀងភ្លេងការជាមួយឪពុក៕
© រក្សាសិទ្ធិដោយ thmeythmey.com