ជាតិ
មូល​ហេតុដែលនាំឲ្យ​​អាកាស​ធាតុ​​ក្តៅ​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ
21, Apr 2015 , 12:50 pm        
រូបភាព
នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា​ហាក់​មាន​សភាព​ក្តៅ​ខ្លាំង ហើយ​នៅ តំបន់​ខ្លះ​មាន​រហូតដល់​ទៅ៤០ ឬ៤០.៥ អង្សា​សេ។ អាកាសធាតុ​ក្តៅ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គឺ​ដោយសារ ប្រទេស​កម្ពុជា​កំពុងស្ថិត​នៅក្នុង​ខែចេត្រ (រដូវប្រាំង) មិនទាន់​ចូល​រដូវវស្សា​នៅឡើយ ជាមួយគ្នានេះ​ផង​ដែរ កម្ពុជា​ក៏​កំពុង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប។ នេះ​បើតាម​ការបញ្ជា​ក់ថា របស់លោក អ៊ុំ រី​ណា ប្រធាន​នាយកដ្ឋាន​ឧតុនិយម នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម។



ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅថ្ងៃនេះ លោក អ៊ុំ រី​ណា បានបញ្ជាក់​ទៀតថា បច្ចុប្បន្ន​កម្ពុជា​ក៏​កំពុង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​សីតុណ្ហភាព​ក្តៅ​នៅ​ប៉ុន្មាន​ថ្ងៃនេះ គឺ​ពី៣៦-៣៨អង្សា​សេ​នៅ​តំបន់​វាលទំនាប សីតុណ្ហភាព​ពី៣៧-៣៩អង្សា​សេ​នៅ​តំបន់​ខ្ពង់រាប និង​សីតុណ្ហភាព​ពី៣២-៣៤អង្សា​សេ​នៅ​តំបន់​មាត់សមុទ្រ​ពេល​ប៉ុន្មាន​ថ្ងៃនេះ។ លោក បន្តទៀតថា ចាប់ពី​ថ្ងៃទី២១មេសា​នេះ​ទៅ អាច​នឹងមាន​ភ្លៀង​កក់ខែ ដែល​នាំមក​ជាមួយ​នូវ​ភ្លៀវ ផ្គរ រន្ទះ និង​ខ្យល់ក​ន្ទ្រា​ក់នៅ​តាម​តំបន់​មួយចំនួន​ផងដែរ ហើយ​សីតុណ្ហភាព​នឹង​ថយចុះ​ទៅវិញ។

បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​កាលពីដើម​ខែមេសា នៅក្នុង​ឆ្នាំ២០១៥នេះ កម្ពុជា​អាច​រង​ឥទ្ធិពល​ពី២៥ទៅ២៧ព្យុះ ដែល​កើតឡើង​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ចំណែកឯ​ភ្លៀង​កក់ខែ​នឹង​បន្ត​ធ្លាក់​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​រហូតដល់​ចុងខែ​មេសា​នេះ។

«រដូវវស្សា​នឹង​ចាប់ផ្តើម​ក្នុង​សប្តាហ៍​ទី១នៃ​ខែឧសភា​នៅ​តំបន់​មាត់សមុទ្រ​និង វាលទំនាប និង​សប្តាហ៍ ទី២ខែឧសភា សម្រាប់​តំបន់​ខ្ពង់រាប ហើយ​បញ្ចប់​នៅ​សប្តាហ៍​ទី៣នៃ​ខែវិច្ឆិកា។ ចាប់ពី​ខែមេសា​ដល់​ខែមិថុនា​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​បង្គួរ(ប្រហាក់ប្រហែល​នឹង​ឆ្នាំ២០១៤) និង​អាចមាន​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន។ ចាប់ពី​ខែកក្កដា ដល់​ខែតុលា បរិមាណ​ទឹកភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន ប៉ុន្តែ​កម្រិត​ទឹកភ្លៀង​អាច​នឹង​ធ្លាក់ចុះ​ច្រើនជាង​ឆ្នាំ២០១៤ពោលគឺ ប្រហាក់ប្រហែល​នឹង​ឆ្នាំ២០១១»។ នេះ​បើតាម​ខ្លឹមសារ​នៃ​សេចក្តី ជូនដំណឹង​ដដែល​នោះ៕




© រក្សាសិទ្ធិដោយ thmeythmey.com