ជាតិ
បទវិភាគ
ស្រមោល​បរាជ័យ​របស់​បក្ស​ហ្វ៊ុនស៊ិនប៉ិច តាម​​បន្លាច​បក្ស​សង្គ្រោះ​ជាតិ!
21, Apr 2015 , 3:39 pm        
រូបភាព
ដោយ:

គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន​ធ្លាក់ខ្លួន​ពី​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ ១៩៩៣ មកជា​គណបក្ស​ដែល​បរាជ័យ​គ្មាន​ទទួលបាន​កៅអី​មួយ​សោះឡើយ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កាលពី​ឆ្នាំ ២០១៣ កន្លងទៅ។ ភាពបរាជ័យ​របស់​គ​ណ​បក្ស​រាជានិយម​មួយ​នេះ ក៏​កំពុង​លងបន្លាច​គណបក្ស​សង្គ្រោះ​ជាតិ​រាល់ថ្ងៃ​ដែរ។ អ្នកគាំទ្រ មេដឹកនាំ​គណបក្ស​នេះ បារម្ភ​ខ្លាច​គណបក្ស​ខ្លួន​ដើរចូល​គន្លង​នយោបាយ​ចាស់​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ស្របពេល​ដែល​លោក សម រង្ស៊ី កំពុង​តែមាន​ចំណង​ទឹកឃ្មុំ​ជាមួយ​លោក ហ៊ុន សែន ។ ការបារម្ភ​របស់​គណ​បក្សប្រឆាំង​មួយ​នេះ ដោយសារ​ថា ភាពបរាជ័យ​របស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​កន្លងមក កើតឡើង​បណ្តាលមកពី​ជំហរ​នយោបាយ​មិន​ច្បាស់លាស់​របស់​គណបក្ស​រាជានិយម​មួយ​នេះ។


សូម​ស្តា​ប់លោក ជា ធី​រិ​ទ្ធ !



ចាប់តាំងពី​អ្នកគាំទ្រ​រហូតដល់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ភាគច្រើន​ពួកគេ​សុទ្ធតែ​ដិតដាម​ដោយ​ស្រមោល​បរាជ័យ​របស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅលើ​វិថី​នយោបាយ។ បើទោះបីជា​ពេលខ្លះ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លួនឯង ខំប្រឹង​ប្រកាស​ពី​ភាពខ្លាំង​របស់ខ្លួន​ថា គណបក្ស​នេះ នឹង​មិនអាច​ដើរចូល​គន្លង​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក៏ដោយ​ក៏ប៉ុន្តែ​ក្នុង​អារម្មណ៍​ពួកគេ នៅតែ​បារម្ភ​ខ្លាច​គណបក្ស​ខ្លួន មាន​វាសនា​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បច្ចុប្បន្ន នៅពេលដែល​ពួកគេ​ឃើញ​មេដឹកនាំ​កំពូល​គណបក្ស​ខ្លួន​ខ្លះ មាន​ជំហរ​នយោបាយ​ហាក់​មិន​ច្បាស់លាស់​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

និយាយ​ដល់​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បក្ស​នេះ ធ្លាប់មាន​ប្រវត្តិ​ជា​គណបក្ស​ដែល​ឈ្នះឆ្នោត​ដំបូង​គេ​ក្នុងការ​បោះឆ្នោត​អាណត្តិ​ទី ១ កន្លងទៅ ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​រប​ស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ហៅ​កាត់​ថា UNTAC ។ តែ​ក្រោយមក​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ​គណបក្ស​រាជានិយម​មួយ​នេះ បាន​បាត់បង់​ប្រជាប្រិយ​ភាពជា​បន្តបន្ទាប់។ នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី ៥ ឆ្នាំ ២០១៣ កន្លងទៅ គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន​ធ្លាក់​ក្នុង​រណ្តៅ​នៃ​ភាពបរាជ័យ​ហៅ​លែង​ឮ ដែល​រកតែ​មួយ​កៅអី​នៅក្នុង​រដ្ឋសភា​មិនបាន។

ភាពបរាជ័យ​របស់​គ​ណ​បក្ស ហ្វ៊ុន​ស៊ិន​ប៉ិន ត្រូវ​អ្នកវិភាគ​នយោបាយ អ្នកគាំទ្រ និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ យល់ថា បណ្តាលមកពី​ការបែកបាក់​ផ្ទៃក្នុង​បក្ស និង​ជំហរ​នយោបាយ​មិន​ពិតប្រាកដ​របស់​មេដឹកនាំ​គណបក្ស​នេះ​កន្លងមក។ ជំហរ​នយោបាយ​មិន​ច្បាស់លាស់​ត្រង់ចំណុច​នេះ ត្រូវ​អ្នកគាំទ្រ និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ​លើកឡើងថា ដោយសារ​មេដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​ជំហរ​មិន​ចំ​ជា​គណបក្សប្រឆាំង ពោលគឺ​ជំហរ​គាំទ្រ​រណេបរណប លើកជើង លោក ហ៊ុន សែន ។ ទីបំផុត គណបក្ស ហ្វ៊ុន​ស៊ិ​ប៉ិច​បានត្រឹមតែ​ជា​គណបក្ស​ហែហម​អមដំណើរ​គណបក្ស​របស់លោក ហ៊ុន សែន ប៉ុណ្ណោះ ។ លោក ហ៊ុន សែន ដែល​ក្នុង​ក្រសែភ្នែក​របស់​អ្នកគាំទ្រ និង​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ខ្លះ ពួកគេ​មើលឃើញ លោក ហ៊ុន សែន ថា គឺជា​មនុស្ស​ដែល​ពោរ​ពោ​ញ​ដោយ​យុទ្ធសាស្ត្រ​បំបែកបំបាក់​គូរ​សត្រូវ​ឲ្យ​បរាជ័យ ដើម្បី​រក្សា​អំណាច​ខ្លួន ដែល​មិនគួរ​ឲ្យ​មេដឹកនាំ​បក្សប្រឆាំង​បន្ទន់ឥរិយាបថ​សេពគប់​យក​ជា​មិត្ត​ជិតស្និទ្ធ​នោះទេ។ ពេលខ្លះទៀត ក្នុង​ចិត្ត​របស់​ពួគគេ ចាត់ទុក​លោក ហ៊ុន សែន ថា គឺជា​អ្នកនយោបាយ​មិនល្អ មិន​បម្រើ​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន​ខ្លួនឯង​ឡើយ ។

ដោយសារ​កត្តា​ទាំងអស់​នេះហើយ បានជា​អ្នកគាំទ្រ និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ ភ័យខ្លាច​បទពិសោធន៍​មិនល្អ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បន្ត​ធ្លាក់​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ ស្របពេល​ដែល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​នេះ កំពុងមាន​ចំណងមិត្តភាព​ដ៏​ស្អិតរ​មួ​ត​ជាមួយ​លោក ហ៊ុន សែន ។ ភាពស្និទ្ធស្នាល​ដ៏​កម្រ​រវាង​លោក ហ៊ុន សែន និង​សម រង្ស៊ី ក្នុង​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្ត​នៅ​ខេត្តសៀមរាប​កន្លងទៅថ្មីៗនេះ នៅ​មិនទាន់​រសាត់​ចេញពី​ភ្នែក​របស់​អ្នកគាំទ្រ និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​នៅឡើយ​ទេ។ ពួកគេ មាន​ក្តីកង្វល់​ខ្លាច​រាត្រី​ទឹកឃ្មុំ​របស់លោក សម រង្ស៊ី ជាមួយ​លោក ហ៊ុន សែន បណ្តាល​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ផុងជើង​ដើរ​តាម​គន្លង​គ្រោះថ្នាក់​ដូច​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ។

យ៉ាងណា​ក៏ដោយចុះ ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន និង​ដើម្បី​បំភ្លឺ​ក្តី​មន្ទិល​របស់​អ្នកគាំទ្រ​ខ្លួន និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ លោក សម រង្ស៊ី បានចេញ​មុខ​ប្រកាស​កាលពី​ថ្ងៃទី ១៧ ខែមេសា ថា ភាពស្និទ្ធស្នាល​រវាង​រូបលោក ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេស​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នោះ គឺជា​វប្បធម៌​សន្ទនា​គ្នា ដើម្បី​ស្តារ​ប្រទេសជាតិ​ឡើងវិញ​ប៉ុណ្ណោះ​មិនមែន​រូបលោក ធ្វើ​ឲ្យ​ជាតិ​រលាយ​ដូចជា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះទេ។លោក សម រង្ស៊ី ចង់​មានន័យថា រូបលោក​នឹងមិន​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដើរ​តាម​គន្លង​ចាស់​របស់​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ឡើយ។ បន្ថែម​ពីលើ​សម្តី​លោក សម រង្ស៊ី លោក កឹម សុខា ដែលជា​អនុប្រធាន​ឯណោះ​វិញ ក៏​ចេញមុខ​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ខ្លួន កុំ​ឲ្យ​មានការ​យល់ច្រឡំ​ឲ្យ​សោះ​ចំពោះ​សកម្មភាព​របស់លោក សម រង្ស៊ី ជាមួយ​លោក ហ៊ុន សែន ។ លោក កឹម សុខា អះអាងថា សកម្មភាព​របស់លោក សម រង្ស៊ី គឺជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​នោះទេ។ លោក​ថា គោលជំហរ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅតែ​រក្សា​ជា​បក្សប្រឆាំង​ដដែល បើទោះជា​មេដឹកនាំ​គណបក្សនយោបាយ​មាន​អាសនៈ​ក្នុង​សភា​ទាំងពីរ មាន​ភាពជិតស្និទ្ធ​នឹង​គ្នា​ក៏ដោយ។

ក៏ប៉ុន្តែ​ទន្ទឹមនឹង​ថ្លែង​បែបនេះ​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ខ្លួន លោក កឹម សុខា ក៏​ឆ្លៀត​ព្រលយ​ពាក្យសម្តី​ដែល​ស្តាប់ទៅ​ហាក់បីដូចជា​ចង់​ដាស់តឿន​លោក សម រង្ស៊ី ដែល​កំពុងមាន​ភាពស្និទ្ធស្នាល​ជាមួយ​លោក ហ៊ុន សែន ។ នៅក្នុង​វេទិកា​តាម​ខេត្ត កាលពី​ថ្ងៃទី ២០ ខែមេសា ដែលមាន​លោក សម រង្ស៊ី ចូលរួម​ផង​នោះ លោក កឹម សុខា បានស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ត្រូវ​រក្សា​រូបភាព​នយោបាយ​ឲ្យ​បានច្បាស់លាស់ ប្រយ័ត្ន​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​វាសនា​ដូចជា​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ។ លោក កឹម សុខា ថែមទាំង​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ មិនមែនជា​គណបក្ស​ដែល​ហែហម​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ។ កត្តា​ទាំងនេះ​សបញ្ជាក់​ឲ្យ​ឃើញថា ស្រមោល​បរាជ័យ​ដ៏​ជូរចត់​របស់​គណបក្ស ហ្វ៊ុនស៊ិនប៉ិច តែង​ស្ថិតក្នុង​សតិអារម្មណ៍​អ្នកគាំទ្រ និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បើទោះបីជា​តិច ឬ​ច្រើនក្តី ហើយ​ស​ម្រោ​ល​នេះ ថែមទាំង​ធ្វើ​ឲ្យ​គណបក្ស​នេះ មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច៕


© រក្សាសិទ្ធិដោយ thmeythmey.com