ជាតិ
សេដ្ឋកិច្ច
លោក ហ៊ុនសែន​សរសើរ​គម្រោង​ពាណិជ្ជកម្ម​ចិន​តែ​ទិតៀន​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​អាមេរិក
21, Apr 2015 , 4:53 pm        
រូបភាព


ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី២៤ត្រូវ​រៀបចំឡើង​នៅក្នុង​ទីក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូនេស៊ី​មាន​រយៈពេល​បី​ថ្ងៃ​ចាប់ផ្តើម​ពី​ម្សិលមិញ​ដោយ​ផ្តោតលើ​តំបន់​អាស៊ី​បូព៌ា។ គេ​សង្កេតឃើញ​មាន​វត្តមាន​អ្នកចូលរួម​ប្រហែល ៧០០នាក់​មកពី​ប្រទេស៤០ក្នុងនោះ​មាន​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​ជាច្រើន​ចូលរួម​ក្នុងនោះ​មានដូចជា  ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក ហ៊ុន សែន ប្រមុខរដ្ឋ​ឥណ្ឌូនេស៊ី​លោក ចូ​កូ វី​ដូ​ដូ ជាដើម។ ក្នុង​វេទិកា​សេដ្ឋកិច្ច​នេះ​ផ្តោតលើ​ប្រធានបទ​ជាច្រើន​រួមមាន​បញ្ហា​កំណើនសេដ្ឋកិច្ច​ពាណិជ្ជក​ម្ម​អន្តរជាតិ ការវិនិយោគ សន្តិសុខ​ស្បៀង ហើយនឹង​បញ្ហា​ប្រឈម​និង​ឱកាស​សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផង។ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នេះ មេដឹកនាំ​ឥណ្ឌូនេស៊ី​ឆ្លៀត​ទាក់ទាញ​អ្នកវិនិយោគ​មក​ដាក់ទុន​រកស៊ី​នៅ​ឥណ្ឌូនេស៊ី ខណៈពេលដែល​មេដឹកនាំ​កម្ពុជា​ជំរុញ​បន្ថែម​ចលនា​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​អោយ​ស៊ីជម្រៅ ដើម្បី​ពង្រឹង​ចំណង​ពាណិជ្ជកម្ម​រួមគ្នា។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ជុំវិញ​បញ្ហា​នេះ៖



វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី២៤ ត្រូវ​រៀបចំឡើង​នៅក្នុង​ទីក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូនេស៊ី​ដែលមាន​រយៈពេល​បី​ថ្ងៃ បានចាប់ផ្តើម​កាលពី​ម្សិលមិញ ។ កិច្ចពិភាក្សា​ផ្តោតលើ​វិស័យសេដ្ឋកិច្ច​នេះ ដោយមាន​អ្នកចូលរួម​រហូតដល់​ជាង៧០០នាក់ ដែល​ក្នុងនោះ​មាន​មេដឹកនាំ​ពិភពលោក​ជាច្រើន​នាក់​ផងដែរ។ ក្នុងឱកាស​បើក​វេទិកា​ម្សិលមិញ គេ​សង្កេតឃើញ​មេដឹកនាំ​សំខាន់​ពីររូប​ផ្តល់​សុន្ទរកថា​ផងដែរ ក្នុងនោះ​មាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន និង ប្រមុខរដ្ឋ​ឥណ្ឌូនេស៊ី​លោក ចូ​កូ វី​ដូ​ដូ។ វេទិកា​សេដ្ឋកិច្ច​លើក​ទី២៤នេះដែរ​ផ្តោត​សំខាន់​លើ​ប្រធានបទសំខាន់ៗជាច្រើន​ដែល​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​បញ្ហា​សេដ្ឋកិច្ច ក្នុងនោះ​មានការ​វិនិយោគ ពាណិជ្ជកម្ម​អន្តរជាតិ សន្តិសុខ​ស្បៀង ហើយ​ម្យ៉ាង​ផ្តោត​បញ្ហា​ប្រឈម​និង​ឱកាស​ក្នុង​សមាហរណកម្ម​អាស៊ាន​ឆ្នាំ ២០១៥។ 

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូ​កូ វី​ដូ​ដូ បានផ្តល់​សុន្ទរកថា​មួយ​ដោយ​អំពាវនាវ​ទៅកាន់​បណ្តា​អ្នកវិនិយោគ​អោយ​ចូលមក​ដាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ ប្រមុខរដ្ឋ​ឥណ្ឌូនេស៊ី​រូបនេះ​បាន​អះអាងថា រដ្ឋាភិបាល​របស់លោក​នឹង​នាំមក​នូវ​ការកែទម្រង់​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​ដើម្បី​ធ្វើយ៉ាងណា​កែលំអរ និង​សម្រួល​ដល់​ការវិនិយោគ​របស់​អ្នកជំនួញ​បរទេស។ គេ​សង្កេតឃើញ​លោក វី​ដូ​ដូ បាន​ព្រលយ​ពាក្យ​មួយ​ឃ្លា​ដែល​បង្ហាញ​ពី​ការទាក់ទាញ និង​លើកទឹកចិត្ត​អ្នកវិនិយោគ​បរទេស  ដោយ​លើកឡើងថា បើសិនជា​ក្រុមហ៊ុន ឬ​អ្នកវិនិយោគ​ប្រឈម​បញ្ហា អាចទាក់ទង​លោក​ផ្ទាល់​បាន។ ចាប់តាំងពី​ឡើងកាន់តំណែង​រយៈពេល​ជាង៦ខែ​មក អតីត​អភិបាលក្រុង​ហ្សា​កាតា​រូបនេះ ស្វះស្វែង​ទាក់ទាញ​អ្នកវិនិយោគ​ក្នុង​តំបន់ និង​អន្តរជាតិ អោយមក​វិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ដើម្បី​ធ្វើអោយ​វិស័យ​ឧស្សាហកម្ម​ឥណ្ឌូនេស៊ី​កាន់តែ​ល្អប្រសើរ​និង​ទំនើប។ លោក ក៏​ឆ្លៀត​បញ្ជាក់​ពី​សារសំខាន់​នៃ​ធនធានមនុស្ស​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច ហើយ​ការបណ្តាក់ទុន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី អាច​នឹង​ធានាថា​សេដ្ឋកិច្ច​ប្រទេស​នេះ​អាច​បន្ត​រីកលូតលាស់​ល្អប្រសើរ​និង​និរន្តរភាព។

លោក វី​ដូ​ដូ បាន​ឆ្លៀតឱកាស​លើកឡើង​ពី​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​របស់​ឥណ្ឌូនេស៊ី​ផងដែរ ហើយ​លោក​បង្ហាញ​ពី​ការភ័យខ្លាច​ចំពោះ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី បើ​គ្មាន​វិធានការ​និង​ដំណោះស្រាយ​ទេនោះ។ ឥណ្ឌូនេស៊ី​ប្រឈមមុខ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​រុក​គួ​នន​សេដ្ឋកិច្ច​ប្រទេស​នេះ​ក្នុងនោះ​មាន​បញ្ហា​ពុករលួយ ភាព​ផុយ​ស្រួល និង​អន់​ខ្សោយ​នៃ​រូបី​យ​វត្ថុ​ជាតិ និង​មួយវិញទៀត​គឺ​ការធ្លាក់ចុះ​នៃ​តម្លៃ​ផលិតផល​ជាដើម។  យ៉ាងណាក៏ដោយ ក្នុង​សុន្ទរកថា​ម្សិលមិញ លោក វី​ដូ​ដូ មិនបាន​លើកឡើង​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ ២០១៥ និង​តួនាទី​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុងការ​ជំរុញ​ដំណើរការ​សមា​ហក​ម្ម​សេដ្ឋកិច្ច និង​ធានា​ពី​និរន្តរភាព​នៃ​ការកសាង​សហគមន៍​រួមគ្នា​រវាង​ប្រទេស​ទាំង១០ឡើយ។

ដោយឡែក នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​លើកឡើង​ពី​ការជំរុញ​ការ​សហប្រតិបត្តិការ និង​ការធ្វើសមាហរណកម្ម​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​អោយ​កាន់តែ​ស៊ីជម្រៅ។ កិច្ចពិភាក្សា​ពាណិជ្ជកម្ម​តំបន់​និង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច ជា​ចំណុច​សំខាន់ និង​អាទិភាព​ប៉ុន្តែ​វា​ក៏​ជា​បញ្ហា​ប្រឈម​ផងដែរ​ព្រោះ​គំនិត​ផ្តួចផ្តើម​បង្កើតអោយមាន​តំបន់​ពាណិជ្ជកម្ម​សេរី​នេះ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ប្រកួតប្រជែង​ផលប្រយោជន៍​រវាង​មហាអំណាចធំ។ លោក​បាន​ឆ្លៀតឱកាស​ប្រៀបធៀប យន្តការ​ពាណិជ្ជកម្ម​សេរី​ពីរធំៗដែល​កំពុងស្ថិត​ក្រោម​កា​រ​ចរចា​គ្នា​នៅឡើយ ក្នុងនោះ​មាន​ដៃគូ​សេដ្ឋកិច្ច​អន្តរ​ប៉ាស៊ីហ្វិក​ដែល​ស្នើឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​មួយទៀត គឺ​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ដែល​ដឹកនាំ​ដោយ​ក្រុង​ប៉េកាំង។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​ផងដែរ ដោយសារ​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដឹកនាំ​ដោយ​អាមេរិក​មាន​សមាជិក​អាស៊ាន​មួយចំនួន​ប៉ុណ្ណោះ​ចូលរួម ខណៈ​សមាជិក​ពាក់កណ្តាល​ទៀត​ស្ថិត​នៅក្រៅ ដែល​វា​ផ្ទុយ​ពី​គម្រោង​ស្នើឡើង​ដោយ​ចិន​កាលពី​ឆ្នាំ ២០១២ក្នុងពេល​កម្ពុជា​ជា​ប្រធាន​អាស៊ាន គឺ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​មាន​សមាជិក​អាស៊ាន​ទាំង ១០ បូក​ដៃគូ​សន្ទនា ៦ផ្សេងទៀត។

 ក្នុង​ភ្នែក​អ្នកវិភាគ​មួយចំនួន លោក ហ៊ុនសែន ហាក់ដូចជា​រិះគន់​ក្រុង​វ៉ាស៊ីនតោន​ផងដែរ ព្រោះ​លោក​បញ្ជាក់ថា លោក​មិនដឹងថា​ក្រុង​វ៉ាស៊ីនតោន​មាន​ចេតនា​អ្វី​ពិតប្រាកដ​ឡើយ​ក្នុងការ​បង្កើត​គម្រោង​ពាណិជ្ជកម្ម​សេរី ប៉ុន្តែ​បែរជា​មិនមាន​ប្រទេស​អាស៊ាន​ទាំងអស់​ជា​សមាជិក​ទៅវិញ។ លោក​ទំនងជា​ចង់​បញ្ជាក់ថា អាមេរិក​ព្យាយាម​ធ្វើអោយមាន​ការបែកបាក់​គ្នា​រវាង​សមាជិក​អាស៊ាន​ផង។ ផ្ទុយទៅវិញ​លោក​បាន​ព្យាយាម​សរសើរ​គំនិត​ផ្តួចផ្តើម​របស់​ចិន​ដែល​អាច​ជំរុញ​ការដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​អោយ​កាន់​តែមាន​ប្រសិទ្ធភាព​និង​ប​ង្កើ​ឱកាស​វិនិយោគ​និង​ពាណិជ្ជកម្ម​នៅក្នុង​តំបន់ តាមរយៈ​ការសហការ​ជាមួយ​សមាជិក​អាស៊ាន​ទាំង១០ ។  ចំណែក​អ្នកវិភាគ​មួយចំនួន​ផ្សេងទៀត​យល់ថា ការលើកឡើង​របស់លោក ហ៊ុន សែន ដែលថា គម្រោង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​របស់​អាមេរិក មានតែ​សមាជិក​អាស៊ាន​ខ្លះ​ចូលរួម ទុក​សមាជិក​ពាក់កណ្តាល​នៅក្រៅ បញ្ជាក់ថា លោក​ចង់អោយ​កម្ពុជា​និង​ប្រទេស​អាស៊ាន​មួយចំនួនទៀត​ត្រូវគេ​រាប់បញ្ចូល​ក្នុង​យន្តការ​សេដ្ឋកិច្ច​ថ្មី​របស់​អាមេរិក​នេះ​ទៅវិញ។ តាមពិតទៅ ជុំវិញ​ការទិតៀន​រឿង​ទុក​សមាជិក​អាស៊ាន​ខ្លះ​នៅក្រៅ​គម្រោង​នេះ អាមេរិក​បាន​បកស្រាយ​ហើយ ខ្លួន​ស្វាគមន៍​រាល់​ភាគី ប៉ុន្តែ​ដើម្បី​ក្លាយជា​សមាជិក ប្រទេសនីមួយៗត្រូវតែមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ និង​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ជា​សមាជិក។

បើទោះជា​មានមតិ​ផ្សេងគ្នា​ចំពោះ​សុន្ទរកថា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុនសែន​ក៏ដោយ អ្វីដែល​សំខាន់​សម្រាប់​ពិចារណា​និង​យកមកអនុវត្ត​នោះ​គឺ​លោក ហ៊ុន សែន បាន​ស្នើអោយ​មហាអំណាច​ទាំងពីរ​ដែលមាន​គំនិត​ផ្តួចផ្តើម​បង្កើត​យន្តការ​ពាណិជ្ជក​ម្មរាងៗខ្លួន​នោះ មិនគួរ​ព្យាយាម​ប្រជែង​គ្នា​ឡើយ តែ​គួរ​ជ្រើសរើស​ការសហការ​និង​បំពេញ​គ្នា​ទៅវិញទៅមក​ទើប​ជាការ​ល្អប្រសើរ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​សេដ្ឋកិច្ច។





© រក្សាសិទ្ធិដោយ thmeythmey.com