ជាតិ
កណ្តុរស្រែ សម្បូររស់នៅកម្ពុជា ឥណ្ឌូនេស៊ី និងវៀតណាម
× កណ្តុរស្រែ (Rats)
ភិនភាគ៖ កណ្តុស្រែមានប្រវែងក្បាល និងដងខ្លួនពី ១៣៦-២០៥ម.ម កន្ទុយមានប្រវែងពី ១៤៩-២១០ម.ម និងមានទម្ងន់រហូតដល់ ២៣៩ក្រាម។ ខ្នងមានពណ៌ត្នោតស្រាល ពោះពណ៌សលាយប្រផេះដោយមានបន្ទាត់មួយពណ៌ប្រផេះចាស់នៅចំកណ្តាលនៃពោះ។ កន្ទុយវែងជាងប្រវែងក្បាល-ដងខ្លួនបន្តិច និងមានពណ៌ត្នោត។
ជីវសាស្ត្រ៖ ប្រភេទនេះចូលចិត្តរស់នៅតំបន់មានទឹក ដែលមានស្មៅគ្របពីលើ ហើយសម្បូរបំផុតនៅតាមវាលស្រែ។ គេប្រទះឃើញផងដែរនៅតាមសួនច្បារ និងចម្ការផ្លែឈើនានា។ វាស៊ីបំផ្លាញដំណាំស្រូវ គ្រាប់ពូជ និងស៊ីពពួកសត្វដែលមានសំបករឹងដូចជា ក្តាម គ្រំ លៀសជាដើម។ សត្វកណ្តុរនេះត្រូវបានគេចាត់ទុកជាសត្វចង្រៃសម្រាម់កសិកម្ម ពីព្រោះវាបំផ្លាញដំណាំស្រូវយ៉ាងច្រើន។ ប្រភេទនេះមានកូនពី៥-១២ក្បាល ហើយជាញឹកញាប់ វាកូនបីដង ឬច្រើនជាងនេះក្នុងវដ្តផលិតកម្មដំណាំស្រូវ។
រប៉ាយរស់នៅ៖ នៅកម្ពុជាបានកត់ត្រាថា មានវត្តមាននៅក្នុងទីក្រុងភ្នំពេញ ខេត្តកំពង់ចាម កំពង់ឆ្នាំ តាកែវ តំបន់ដំណាំស្រូវវាលទំនាប និងស្ទើរគ្រប់ទីកន្លែង។ ប្រភេទនេះត្រូវបានគេសង្កេតឃើញមានសម្បូររស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងវៀតណាមផងដែរ។
ស្ថានភាពអភិរក្ស៖ កណ្តុរស្រែសម្បូររស់នៅតាមតំបន់ដែលមានស្រូវ វាបំផ្លាញស្រូវ និងដំណាំរបស់កសិករ ដោយហេតុនេះ ទើបគេចាត់ទុកវាថាជាសត្វចង្រៃ។ ចំនួនវាកើនច្រើនកាលណាការបំផ្លាញក៏កាន់តែកើនឡើងផងដែរ។ អាស្រ័យហេតុនេះទើបប្រជាជននៅតំបន់ខ្លះប្រើថ្នាំពុល ឬដាក់អង្គប់ ដើម្បីសម្លាប់ និងបន្ថយកំណើននៃចំនួនរបស់វា៕
© រក្សាសិទ្ធិដោយ thmeythmey.com