ជាតិ
បទវិភាគ
នយោបាយជាតិ
ច្រំដែល៖ក្រោយអ្នកនយោបាយត្រូវគ្នា អ្នកស្លាប់ក្នុងជម្លោះនយោបាយគ្មានអ្នកទទួលខុសត្រូវ!
× តើមានអ្នកស្លាប់ប៉ុន្មាននាក់ របួសប៉ុន្មាននាក់ និងអ្នកជាប់ពន្ធនាគារប៉ុន្មាននាក់ចាប់តាំងពីមានភាពតានតឹងក្នុងជម្លោះនយោបាយរវាងគណបក្សជាប់ឆ្នោតទាំងពីរ នៅក្រោយការបោះឆ្នោត? ទីបំផុត គណបក្សទាំងពីរក៏ព្រមព្រៀងគ្នាបញ្ចប់វិបត្តិនយោបាយ ហើយដឹកដៃគ្នាចូលសភា ព្រមទាំងបង្កើតចំណងមិត្តភាពជាមួយគ្នាយ៉ាងស្អិតរមួត។ ប៉ុន្តែ តើអ្នកណាទទួលខុសត្រូវចំពោះជនរងគ្រោះក្នុងជម្លោះនយោបាយក្រោយការបោះឆ្នោតអាណត្តិទី ៥ កន្លងមកនេះ? នេះជាមេរៀនដែលខ្មែរគួរតែដកពិសោធន៍ដើម្បីបញ្ចៀសភាពច្រំដែល ។
ស្តាប់លោក ជា ធីរិទ្ធ!
ជីវិតមនុស្សទោះជាអ្នកមានឬអ្នកក្រមានតម្លៃស្មើគ្នា នេះជាទ្រឹស្តី ប៉ុន្តែ ក្នុងជីវភាពជាក់ស្តែង គ្មានឡើយការពិត។ អ្នកក្រច្រើនតែស្លាប់ទៅ ដោយគ្មានតម្លៃនិងគ្មានន័យអ្វីទាំងអស់។ នៅក្នុងប្រវត្តិសាស្ត្រខ្មែរ មានមនុស្សច្រើនណាស់ដែលស្លាប់ដោយអយុត្តិធម៌និងដោយគ្មានអ្នកទទួលខុសត្រូវជាពិសេសនៅក្នុងជម្លោះនយោបាយតានតឹង។
ដោយនិយាយត្រឹមតែវិបត្តិនយោបាយក្រោយការបោះឆ្នោតខែកក្កដាឆ្នាំ ២០១៣ ក៏ជាភស្តុតាងថ្មីទៀតដែលបញ្ជាក់ថា ខ្មែរនៅមិនទាន់បានដកបទពិសោធគ្រប់គ្រាន់ពីប្រវត្តិសាស្ត្ររបស់ខ្លួននៅឡើយទេ។ ទាំងអ្នកស្លាប់កាលពីយប់ថ្ងៃទី ១៥ កញ្ញាឆ្នាំ ២០១៣ នៅម្តុំស្ពានព្រះមុនីវង្សក្នុងថ្ងៃមហាបាតុកម្មគណបក្សសង្គ្រោះជាតិ ទាំងស្ត្រីម្នាក់ទៀតនៅស្ទឹងមានជ័យបានស្លាប់ក្នុងហេតុការណ៍ស្រដៀងគ្នានេះកាលពីថ្ងៃទី ១២ វិច្ឆិកាឆ្នាំដដែល និងទាំងអ្នកស្លាប់និងរបួសក្នុងព្រឹត្តិការណ៍ហិង្សាកាលពីថ្ងៃទី២និងទី៣មករាឆ្នាំ ២០១៤ នៅលើផ្លូវវ៉េងស្រេងសុទ្ធតែមិនទទួលបានយុត្តិធម៌នៅឡើយ។
ទាំងអ្នកធ្វើបាតុកម្ម ទាំងសមត្ថកិច្ច បក្សកាន់អំណាច បានត្រឹមចង្អុលមុខដាក់គ្នាដោយគ្មានអ្នកណាទទួលខុសត្រូវទាំងអស់។ ទីបំផុត ពួកគេក៏ត្រូវគ្នាវិញនិងអង្គុយធ្វើការជាមួយគ្នាធ្វើព្រងើយ ចែកអំណាចគ្នា ហើយសរសើរគ្នាទៅវិញទៅមុខប្រៀបដូចជាមហាមិត្តនឹងគ្នា ។ នេះមិនមែនជារឿងថ្មីថ្មោងទេសម្រាប់សង្គមកម្ពុជា ដែលមានអ្នករងគ្រោះដោយមិនដឹងខ្លួនយ៉ាងអយុត្តិធម៌ដោយគ្មានអ្នកទទួលខុសត្រូវ ។ ទីបំផុត អ្វីៗក៏ស្ងាត់ឈឹង ហើយក៏ត្រូវគេបំភ្លេចចោល។ ជីវិតមនុស្សដែលក្នុងស្លាប់ក្នុងជម្លោះនយោបាយ គ្មានអ្នកទទួលខុសត្រូវ។
ជាការពិតណាស់ ចរិតរបស់អ្នកនយោបាយខ្មែរច្រើនតែពូកែខាងទទួលត្រូវ តែមិនដែលទទួលខុស ។ សូម្បីតែអតីតមេដឹកនាំខ្មែរក្រហមដែលមានវ័យចំណាស់ដល់ម្លឹងទៅហើយ ក៏នៅតែបដិសេធមិនទទួលកំហុសចំពោះអ្វីដែលបានកើតឡើងក្នុងរបបដែលខ្លួនដឹកនាំដែរ។ ផ្ទុយទៅវិញ ពួកគេបែរជាខិតខំរកវិធីគ្រប់បែបយ៉ាងដើម្បីការពារខ្លួនដោយទម្លាក់កំហុសតែទៅលើអ្នកស្លាប់។
ងាកមកមើលជម្លោះនយោបាយនិងអំពើហិង្សាដែលកើតដូចបានលើកឡើងខាងដើម គេក៏មិនបានឃើញការទទួលខុសត្រូវរបស់អ្នកណាម្នាក់ដែរ។ សមត្ថកិច្ចបានត្រឹមប្រើពាក្យថា ជាការការពារខ្លួនប្រឆាំងនឹងក្រុមឱកាសនិយម ខណៈដែលអ្នករៀបចំបាតុកម្មវិញបានត្រឹមស្រែកថ្កោលទោសសមត្ថកិច្ចថាជាអ្នកបាញ់ប្រហារទៅលើពួកគេ។ តើអ្នកណាទទួលខុសត្រូវចំពោះជនរងគ្រោះទាំងភាគីបាតុករទាំងសមត្ថកិច្ច?
ប្រសិនបើគេវិភាគទៅលើជម្រៅទៅលើសាច់រឿង គេនឹងឃើញថា ដើមហេតុមានតែម្យ៉ាងគត់គឺបណ្តាលមកពីកង្វះវប្បធម៌ជជែកដោះស្រាយបញ្ហាដោយសន្តិវិធីជាមុន ដែលជាជំងឺសង្គមមួយគួរតែទទួលបានការព្យាបាលជាបន្ទាន់។ បញ្ហានេះមិនមែនកើតតែក្នុងពិភពនយោបាយទេ តែក៏មានដែរនៅក្នុងសង្គមទូទៅ។ រឿងបន្តិចបន្តួចមិនព្រមអង្គុយនិយាយគ្នាតាមសម្រួល តែបែរជាបណ្តោយឲ្យរឿងតូចក្លាយជារឿងធំរហូតដល់កើតអំពើហិង្សា។ ក៏ប៉ុន្តែចុងក្រោយ បន្ទាប់ពីមានជីវិតពលរដ្ឋខ្មែរស្លាប់ ទើបនាំគ្នាបង្កើតវប្បធម៌សន្ទនាគ្នា។
នៅពេលមានអំពើហិង្សាកើតឡើង សកម្មភាពកម្រោលក៏បានកើតឡើងទាំងក្រុមបាតុករទាំងសមត្ថកិច្ច ដោយម្នាក់ៗបញ្ចេញកំហឹងយកមួយឈ្នះដៃ។ ជាលទ្ធផលចុងក្រោយ មានអ្នកស្លាប់ អ្នករបួស និងអ្នកជាប់ពន្ធនាគារ។ នេះនៅមិនទាន់រាប់ការខូចខាតទ្រព្យសម្បតិ្តសាធារណៈនិងឯកជនជាច្រើនទៀតផងទេ។ តើខ្មែរគួរបន្តប្រកាន់អាកប្បកិរិយាខាតបង់និងគ្មានអ្នកណាទទួលខុសត្រូវបែបនេះតទៅទៀតឬ?
វាពិតជារឿងអភ័ព្វណាស់សម្រាប់ប្រទេសកម្ពុជា ប្រសិនបើអ្នកនយោបាយជាពិសេសអាជ្ញាធរមានសមត្ថកិច្ចមិនប្រញាប់ផ្លាស់ប្តូរអាកប្បកិរិយានេះចេញជាបន្ទាន់ទេនោះ ពីព្រោះបើស្ថានភាពនេះនៅតែបន្តសង្គមខ្មែរពិបាករកឃើញសន្តិភាពនិងសុខដុមរម្យនាណាស់។ ដើម្បីចាកចេញពីវាលវដ្តសង្សារដ៏មហាធំធេងនេះ មានកត្តាសំខាន់ៗមួយចំនួនដែលត្រូវសម្រេចឲ្យបាន៖
ទី១ ខ្មែរគ្រប់ភាគីត្រូវផ្លាស់ប្តូរផ្នត់គំនិតថ្មីបែបទំនើបជាងមុន គឺផ្លាស់ប្តូរពីភាពអស្មិមានះយកឈ្នះចាញ់ដោយកម្រោលមកជាការទទួលយកវប្បធម៌ពហុគំនិតដោយស្តាប់ហេតុផលគ្នាទៅវិញទៅមក។
ទី២ អ្នកនយោបាយត្រូវបង្កើនវប្បធម៌ទទួលខុសត្រូវឲ្យបានច្រើនជាអតិបរិមាពោលគឺការទទួលកំហុសមិនមែនជារឿងគួរឲ្យអាម៉ាស់ទេ តែវាជាគុណធម៌ទៅវិញទេតើពីព្រោះការស្គាល់កំហុសមានន័យស្មើនឹងការកែខ្លួនទៅរកផ្លូវត្រូវ។ នៅពេលដែលមនុស្សមានទំនួលខុសត្រូវ មនុស្សនឹងខ្លាចការប្រព្រឹត្តកំហុសជាមិនខាន។
ទី៣ ត្រូវប្រកាន់យកធម៌អហិង្សាក្នុងគ្រប់កាលៈទេសៈ ពោលគឺបើទោះបីជាស្ថិតក្នុងស្ថានភាពតានតឹងយ៉ាងណាក៏ដោយ ក៏គេមិនគួរបណ្តោយឲ្យធម៌ហិង្សាដឹកមុខឡើយ។ ពាក្យចាស់បូរាណខ្មែរពលថា «ខឹងខាត ខឹងខុស»។ ដូច្នេះ ការព្យាយាមរំលត់កំហឹងតាមគន្លងព្រះពុទ្ធសាសនា គឺជាវិធីដ៏ល្អបំផុតដើម្បីស្វែងរកសេចក្តីសុខជូនសង្គម៕ © រក្សាសិទ្ធិដោយ thmeythmey.com