ជាតិ
​​​ន​យោ​បាយ​ជាតិ​
LDP គ្រោង​ប្តឹង​លោក ស៊ន តារា ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​យុវជន​បុប្ផា សិលា
23, Apr 2015 , 3:23 pm        
រូបភាព
 
គណបក្ស​ស​ម្ព័​ន្ឋ​ដើម្បី​ប្រជាធិបតេយ្យ គ្រោង​នឹង​ប្តឹង លោក ស៊ន តារា សាស្ត្រាចារ្យ​ទស្សនវិជ្ជា នៃ​សាកលវិទ្យាល័យ​មួយ នៅ​ខេត្តសៀមរាប ពាក់​នឹង​ការចោទប្រកាន់​របស់លោក ស៊ន តា​រា ចំពោះ​មេគណបក្ស​នេះ​ថា លោក ខឹម វាសនា ​បាន​ផ្តល់ប្រាក់​ជូន​គ្រួសារ​សព ហើយ​យក​ពិធីនេះ ​ចូលទៅក្នុង​កម្មវិធី​របស់​បក្សខ្លួន​ ។ ការ​ចោទ​ប្រកាន់​សំអាង​ទៅ​លើ​គ្រួសារ​សពប្រាប់រូប​លោក ។ តែ​លោក ស៊ន តា​រា បាន​ស្វាគមន៍​គម្រោង​ប្តឹង​របស់​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ ។


ភាព​ក្តៅគគុក​នៃ​សង្គ្រាមពាក្យសម្តី រវាង​គណបក្ស​ស​ម្ព័​ន្ឋ​ដើម្បី​ប្រជាធិបតេយ្យ និង​លោក ស៊ន តារា សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​ទស្សនវិជ្ជា នៅ​សកល​វិទ្យាល័យ​មួយ​ក្នុង​ខេត្តសៀមរាប​បាន​ឈានដល់​ការប្រកាស​គម្រោង​ប្តឹងផ្តល់​គ្នា​នៅ​តុលាការ។លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ អះអាងថា គណបក្ស​នេះ កំពុងតែ​រៀបចំ​ប្រមូល​ឯកសារ​និង​ភស្តុតាង​ដើម្បី​ដាក់ពាក្យ​បណ្តឹង​ក្នុងពេលឆាប់ៗនេះ។ លោក ខឹម វាសនា បាន​សរសេរ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​យ៉ាងនេះ​ថា៖ «LDP បាន​ទាក់ទង​នឹង​មេធាវី​ដើម្បី​ពិភាក្សា​ផ្លូវច្បាប់​រួចហើយ ។LDP សម្រេចចិត្តថា​នឹង​ប្តឹង​លោក ស៊ន តា​រា ហើយ ។LDP នឹង​បន្ត​ចាត់ការ​តាម​មធ្យោបាយ​សមស្រប​ចំពោះ​គ្រប់​បុគ្គល​ដែល​យើង​យល់ថា​សមគួរ​នឹង​ចាត់ការ» ។ ការសរសេររបស់លោក ខឹម វាសនា នៅលើទំព័រហ្វេសប៊ុក មានបង្ហោះអមដោយពាក្យពេចន៍ចោទលោក ខឹម វាសនា នៅលើហ្វេសប៊ុកពីសំណាក់លោក ស៊ន តារា ​ផងដែរ ។

បន្ថែម​ពីលើ​នេះ លោក កូវ គា អ្នកនាំពាក្យ​គណបក្ស​ស​ម្ព័​ន​ដើម្បី​ប្រជាធិបតេយ្យ បាន​ប្រាប់​សារពត៌មានថ្មីៗថា រឿង​ដែល​គណបក្ស​នេះ គ្រោង​នឹង​ប្ដឹង​លោក​ស៊ន តារា គឺ​ទាក់ទង​ទៅនឹង​ការ​លាប​ពណ៌​គណបក្ស ពី​លោក​ស៊ន តារា ម្តង​ហើយ​ម្តងទៀត ។ តែ​លោក កូវ គា បញ្ជាក់ថា រឿង​ដ៏​ធ្ងន់ធ្ងរ​មិនអាច​ទទួលយកបានរ​ហូត​ដល់​គណបក្ស​សម្រេច​ថា​គ្រោង​នឹង​ប្តឹង​លោក ស៊ន តារា​នោះ គឺ​ទាក់ទង​ទៅនឹង​ការចោទប្រកាន់​របស់លោក ស៊ន តា​រា តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មកលើ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ជុំវិញ​មរណភាព​យុវជន បុប្ផា សិលា​អតីត​សកម្មជន​ដ៏​ស្និទ្ធ​មួយរូប​នៃ​គណបក្ស​នេះ ដែល​លោក កូវ គា ចាត់ទុកថា លោក ស៊ន តារា កំពុង​លាប​ពណ៌​គណបក្ស​ខ្លួន និង​ប្រមាថ​ទៅលើ​សព​យុវជន​ សិលា ។ តែ​យ៉ាងណា​លោក កូវ គា​មិនទាន់​អាច​បញ្ជាក់​ពីបទ​ល្មើស​ពិតប្រាកដ ដែល​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ នឹង​ប្តឹង​លោក ស៊ន តា​រ៉ា នោះទេ ព្រោះ​ពេលនេះ​មេធាវី​គណបក្ស​កំពុងតែ​ពិនិត្យមើល​អង្គ​ហេតុនេះ។

សូមបញ្ជាក់ថា ក្រោយ​មរណភាព​របស់​សកម្មជន​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ យុវជន បុប្ផា សិលា លោក ស៊ន តា​រា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​យ៉ាងនេះ​ថា៖ «សាច់ញាតិ​គ្រួសារ​សព​ប្អូនប្រុស បុប្ផា សិលា​បាន​ទូរស័ព្ទ​មក​ខ្ញុំ​នៅថ្ងៃនេះ​សុំ​ឲ្យ​ខ្ញុំ​ជួយ​បង្ហោះ​ពាក្យ​របស់​ពួកគាត់។ ពួកគាត់​ផ្តាំ​ថា ខឹម វាសនា​បាន​ផ្តល់ប្រាក់​ជូន​គ្រួសារ​សព ហើយ​គ្រប់គ្រង​បុណ្យ​នោះ​ដោយ​ទាញ​ចូលទៅក្នុង​កម្មវិធី​បក្ស។ ការស្លាប់​របស់​សិលា មិន​ពាក់ព័ន្ធ​នឹង​បេសកកម្ម​បក្ស​ទេ គឺជា​ទំនាស់​ធម្មតា ។ការ​លូកដៃ​របស់​ជួង ធ្វើ​ឲ្យ​ប្អូន​សិលា​ទទួល​ការ​ស្អប់ខ្ពើម​ពី​មហាជន​យ៉ាង​អយុត្តិធម៌​ព្រោះ​គេ​គិតថា​ដោយសា​តែ​វប្បធម៌​ជេរប្រមាថ​អសីលធម៌ ទើប​បណ្តាល​ឲ្យ​ប្អូន​ស្លាប់ ប្រែក្លាយ​ពី​ទុក្ខសោក​ស្តាយ ទៅជា​ត្រេកអរ​ពី​មហាជន​ទៅវិញ»។

ទាក់ទង​នង​បញ្ហា​នេះ សារព័ត៌មានថ្មីៗ មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​លោក ស៊ន តា​រា បាន​នោះទេ តែ​បន្ទាប់ពី គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​គ្រោង​ប្តឹង​ខ្លួន លោក ស៊ន តារា ក៏បាន បង្ហោះ​ឆ្លើយតប​វិញ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​យ៉ាងនេះ​ថា៖ «ស្វាគមន៍​ចំពោះ​វិធានការ​នេះ។ ខ្ញុំ​បាន​ត្រៀមខ្លួន និង​រៀបចំ​ឯកសារ​ភស្តុតាង​និង​សាក្សី រួចជាស្រេច មាន​ទាំង​វីដេអូ​ផង ដើម្បី​តប​ត្រឡប់​ទៅវិញ»៕






© រក្សាសិទ្ធិដោយ thmeythmey.com