ជាតិ
ក្រសួង​អប់រំ ជ្រើសរើស​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សិង្ហបូរី​ចំនួន៤២០កន្លែង
24, Apr 2015 , 3:06 pm        
រូបភាព
ក្រសួង​អប់រំ​យុវជន និង​កីឡា បានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍​សិក្សា​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា និង​ថ្នាក់​ឧ​ត្ត​មសិ​ក្សា នៅ​សាធារណរដ្ឋ​សិង្ហបូរី នៅ​ឆ្នាំ២០១៥នេះ ចំនួន៤២០កន្លែង​ដែល​ស្របតាម​កម្មវិធីសិក្សា​នៃ​វិទ្យាស្ថាន​គ្រប់គ្រង​អាស៊ី​បូព៌ា PTELTD (EASB)ជា​ស្ថាប័ន​អប់រំ​ឯកជន​ស្របច្បាប់​មួយ​នៃ​ប្រទេស​សិង្ហបូរី។



ដោយមាន​អនុស្សរណៈ​យោគយល់​គ្នា រវាង​ក្រសួង​អប់រំ​យុវជន និង​កីឡា ជាមួយ​វិទ្យាស្ថាន​គ្រប់គ្រង​អាស៊ី​បូព៌ា PTELTD (EASB) នៃ​ប្រទេស​សិង្ហបូរី ក្រសួង​អប់រំ​យុវជន និង​កីឡា នឹងធ្វើ​ការជ្រើសរើស​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​សិង្ហបូរី​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា និង​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ចំនួន ០៣ប្រភេទ សរុប​ចំនួន៤២០កន្លែង។

កម្មវិធីសិក្សា​នោះ​រួមមាន៖ អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា​ផ្នែក​គ្រប់គ្រង ចំនួន២០កន្លែង សិក្សា​រយៈពេល០៣ខែ អាហារូបករណ៍​អភិវឌ្ឍ​សាស្ត្រាចារ្យ​តាម​សាកលវិទ្យាល័យ ចំនួន១០០កន្លែង សិក្សា​រយៈពេល ០២ខែ អាហារូបករណ៍​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ចំនួន ៣០០កន្លែង សិក្សា​រយៈពេល ០៦ខែ រហូតដល់០៣ឆ្នាំ។

ចំពោះ​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា និង​អាហារូបករណ៍​អភិវឌ្ឍន៍​សាស្ត្រាចារ្យ​តាម​សាកលវិទ្យាល័យ ត្រូវបាន EASBចេញថ្លៃ​សិក្សា ថ្លៃ​សំបុត្រ​យន្តហោះ​ទៅ-មកវិញ និង​ថ្លៃ​អាហារ-ស្នាក់នៅ ព្រមទាំង​ថ្លៃ​ធ្វើដំណើរ​ពី​កន្លែង​ស្នាក់នៅ​ទៅ​កន្លែង​សិក្សា ។ ចំណែកឯ កម្មវិធី​អាហារូបករណ៍​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​រូ​ម​មាន៖ កម្មវិធី​ផ្តល់​អាហារូបករណ៍ ៧០%(Partial Scholarship) នៃ​ថ្លៃ​សិក្សា កម្មវិធី​អាហារូបករណ៍​ទម្រង់ ៨០% ចំនួន២៤០កន្លែង និង​កម្មវិធី​អាហារូបករណ៍​ទម្រង់ ២០% ក្នុង១០០% (Full Scholarship) ដោយ​កម្ម​វី​ធី​អាហារូបករណ៍​ទាំងពីរ​ប្រភេទ គឺ (Partial Scholarship )និង(Full Scholarship )ត្រូវបាន​ចេញថ្លៃ​សំបុត្រ​យន្តហោះ​ទៅ-មក​និង​បញ្ចុះតម្លៃ​ជូន៥០% សម្រាប់​ថ្លៃ​អាហារ និង​កន្លែង​ស្នាក់នៅ។

ការជ្រើសរើស​និស្សិត​ទៅ​សិក្សា​នៅ​ប្រទេស​សិង្ហបូរី​នេះ គឺជា​ចក្ខុវិស័យ​សម្រាប់​ការ​អភិ​វ​ឌ្ឃ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ក្រម​សី​ធម៌​នៃ​ប្រទេស​កម្ពុជា ដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​វិទ្យាស្ថាន​គ្រប់គ្រង​អាស៊ី​បូព៌ា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា កាលពី​ថ្ងៃទី១៣ ខែ​មិនា ឆ្នាំ២០១៥ ៕




© រក្សាសិទ្ធិដោយ thmeythmey.com