ជាតិ
សហព័ន្ធ​សហជីព​ចំនួន៥ ដឹកនាំ​ជួបជុំ​កម្មករ២ពាន់​នាក់ នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ
25, Apr 2015 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
សហព័ន្ធ​សហជីព​ចំនួន៥ បានចេញ​ជូនដំណឹង​ទៅកាន់​អភិបាល រាជធានី​ភ្នំពេញ ស្នើសុំ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ជួបជុំ​កម្មករ-កម្ម​ការី​នី ចំនួន២ពាន់​នាក់ ក្នុងការ​អប់អរសាទ​រ​ទិវា​ពលកម្ម​អន្តរជាតិ ខួប​លើក​ទី១២៩ ដោយមាន​ការហែក្បួន​ទៅកាន់​ស្ថានទូត​នា​ន និង​ឆ្ពោះទៅកាន់​វិមាន​រដ្ឋសភា​ទៀតផង។



ក្នុង​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី២២ មេសា បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី១ ឧសភា​ខាងមុខ ក្រុម​សហព័ន្ធ​សហជីព​ទាំង៥ នឹងធ្វើ​ការជួប​ជុំគ្នា​នៅពេល​ព្រឹក​មុខ​សួន​សេរីភាព ដែលមាន​កម្មករ​ចំនួន២ពាន់​នាក់ មកពី​សហគ្រាស​នានា​ចូលរួម។ បន្ទាប់ពី​ជួបជុំគ្នា​សម្ដែង​មតិ​រួចរាល់ ក្រុម​សហព័ន្ធ​សហជីព និង​កម្មករ នាំគ្នា​ដើរ​ហែរ​ក្បួន​ទៅកាន់​ស្ថានទូត​អាមេរិក សហគម​អឺរ៉ុប និង​ឆ្ពោះទៅកាន់​វិមាន​រដ្ឋសភាជាតិ ដើម្បី​ថ្លែង​សារ​នឹងដាក់​ញត្តិ​ទៅជូន​រដ្ឋសភា។

លិខិត​ដដែល​បន្ដថា ការជួប​ជុំគ្នា ការ​ថ្លែង​សារ និង​ការហែក្បួន គឺ​មិនមាន​ការពាក់ព័ន្ធ និង​គណបក្សនយោបាយ​ណាមួយ​ឡើយ ដោយ​សហជីព​ទាំងនោះ​សន្យាថា និង​ប្រកាន់ខ្ជាប់ នូវ​គោលការណ៍ អ​ព្យា​ក្រឹត្យ​ភាព និង​ឯករាជ្យ​របស់ខ្លួន ។

សហព័ន្ធ​សហជីព​ទាំង៥នោះ​រួមមាន៖ សហព័ន្ធ​សហជីព​ជាតិ (NTUC) សហព័ន្ធ​សហជីព​ដើម្បី​កម្មករ (TUFW) សហព័ន្ធ​សហជីព​យុវជន​ឯករាជ្យ (IDYTU) សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ (WFUF) និង​សហព័ន្ធ​សហជីព​នៃ​ឧស្សាហ៍កម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា (NIFTUC)។

គួរ​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ​ក្រុម​សហជីព​តែងតែ​ជួបជុំ​កម្មករ ដឹកនាំ​ថ្លែង​សារ​សម្ដែង​មតិ​បង្ហាញ​ពី​ទុក​កង្វល់ ទាក់ទង​និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ។ ហើយ​នេះ​ជា​ខួប​លើក១២៩នៃ​ទិវា​ពលកម្ម​អន្តរជាតិ៕



© រក្សាសិទ្ធិដោយ thmeythmey.com