ជាតិ
ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដ៏​ចម្រូងចម្រាស់​បានបញ្ចប់​ដំណើរការ​តាក់តែង
24, Apr 2015 , 4:17 pm        
រូបភាព

 
សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ត្រូវបាន​តាក់តែង​រួចរាល់​ហើយ រង់ចាំតែ​កំណត់​ពេលវេលា​សម្រាប់​ពិនិត្យ ពិភាក្សា និង​ទទួលយក​មតិយោបល់​កែលម្អ​បន្ថែម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ នាពេល​ខាង​មុន។ ការប្រកាស​នេះ បានធ្វើ​ឡើង នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន កាលពី​ថ្ងៃទី ២៣ខែមេសា។



យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP  រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ថា សេចក្ដីព្រាងច្បាប់​នេះ​មាន៩ជំពូក និង៣៤មាត្រា ក្នុងនោះ​មានកំណត់​អំពី​គោលការណ៍​នៃ​ការផ្ដល់​ព័ត៌មាន និង​ព័ត៌មាន​សម្ងាត់​ដែល​មិន​ត្រូវបាន​ទម្លាយ​ជា​សាធារណៈ ។

AKP បាន​ស្រង់​ប្រសាសន៍​របស់ លោក ខៀវ កាញារីទ្ធ ដែល​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា បន្ទាប់ពី បន្ទាប់ពី​ពិនិត្យ និង​ផ្តល់​ជា​មតិយោបល់​ទៅលើ​ខ្លឹមសារ​ច្បាប់​នេះ​រួចរាល់ ក្រុមការងារ​នឹង​អញ្ជើញ​ក្រសួង-ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​រៀបចំ​ធ្វើ​សិក្ខាសាលា ដើម្បី​កែលម្អ​ចំណុច​មួយចំនួនទៀត មុននឹង​ដាក់ជូន​គណៈ​រដ្ឋមន្ត្រី និង​រដ្ឋសភា​អនុម័ត។

លោក​រដ្ឋមន្ត្រី​ធ្លាប់បាន​អះអាងថា ច្បាប់​ថ្មី​នេះ​នឹង​តម្រូវ​ឲ្យ​មន្ត្រី​ផ្តល់ព័ត៌មាន​ត្រូវតែ​ផ្តល់ ព័ត៌មាន​ដល់​អ្នកកាសែត និង​ប្រជាពលរដ្ឋ ហើយ​បើ​មិន​ផ្តល់​នោះទេ នឹងត្រូវ​រង​ការស្តីបន្ទោស​ពី​ថ្នាក់លើ ទទួលរង​វិន័យ​រដ្ឋបាល និង​វិន័យ​ព្រហ្មទណ្ឌ​ផងដែរ។

ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន គឺជា​ប្រធានបទ​រសើប​មួយ​ដែល​អង្គការក្រៅរដ្ឋាភិបាល និង​គណបក្សប្រឆាំង បានទាមទារ​ពី​រដ្ឋាភិបាល។ កន្លងមក តំណាងរាស្ត្រ​គណបក្សប្រឆាំង​ធ្លាប់ធ្វើ​សេចក្តីស្នើច្បាប់​នេះ ដាក់​ទៅ​រដ្ឋសភា​ដែរ ប៉ុន្តែ​ត្រូវបាន​បដិសេធ​ដោយ​តំណាងរាស្ត្រ​ភាគច្រើន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​រដ្ឋាភិបាល។
ទាំង​អង្គការក្រៅរដ្ឋាភិបាល និង​គណបក្សប្រឆាំង សុទ្ធតែ​ចង់​ឲ្យ​រដ្ឋាភិបាល បង្កើត​ច្បាប់​ស្តីពី​ការទទួលបាន​ព័ត៌មាន​ឲ្យ​បាន​ឆាប់ ព្រោះ​ច្បាប់​នេះ​ជា​មាគ៌ា​មួយ​ជំរុញ​លទ្ធិ​ប្រជា​ប្រជា​ថិ​ប​តេ​យ្យ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com