កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiaoនឹងទទួលជាង២លានដុល្លារពីការផ្សាយពាណិជ្ជកម្មលើខោខ្លីពេលប៉ះជាមួយFloyd
×
កីឡាករManny Pacquiaoអ្នកប្រដាល់ជនជាតិហ្វីលីពីនត្រូវបានគេរាយការណ៍ថានឹងទទួលបានប្រាក់ចំណូលបន្ថែមប្រមាណជា២,២៥លានដុល្លារពីការលក់ទីតាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅលើខោខ្លីសម្រាប់ស្លៀកក្នុងថ្ងៃប្រកួតជាមួយកីឡាករFloyd Mayweatherនៅថ្ងៃទី២ខែឧសភាខាងមុខនេះ។
លោកEric Pineda អ្នកគ្រប់គ្រងផ្នែកអាជីវកម្មរបស់កីឡាករPacquiaoបានប្រាប់World Boxing Newsថារហូតមកដល់ពេលនេះមានក្រុមហ៊ុនធំៗចំនួនប្រាំមួយបានដេញថ្លៃដើម្បីដាក់ស្លាកសញ្ញារបស់ពួកគេនៅលើខោខ្លីរបស់Pacquiao។
លោកបានបញ្ជាក់ថាតម្លៃនៃទីតាំងផ្សាយពាណិជ្ជកម្មនៅលើខោខ្លីលើកនេះគឺខុសពីលើកមុនព្រោះថានេះគឺជាការប្រកួតធំក្នុងប្រវត្តិសាស្ត្រកីឡាប្រដាល់ដែលគេរំពឹងថាអ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់រហូតដល់៤០០លានដុល្លារ។
កាលពីការប្រកួតចុងក្រោយរបស់PacquiaoជាមួយChris Algieriខោខ្លីរបស់Pacquiaoមានដាក់ការផ្សព្វផ្សាយពាណិជ្ជកម្មស្លាកសញ្ញារបស់ក្រុមហ៊ុនកាហ្វេPuroក្រុមហ៊ុនអាកាសចរណ៍AirAsia.com និងក្រុមហ៊ុនទំនិញLBC បន្ថែមពីលើខោខ្លីរបស់ក្រុមហ៊ុន Nike របស់គាត់។
ការប្រកួតនៅថ្ងៃទី២ខែឧសភានោះគឺនឹងត្រូវធ្វើឡើងនៅសង្វៀនMGM Grand Garden Arenaដែលមានកន្លែងអង្គុយចំនួន១៦៥០០ហើយគេបានប៉ាន់ស្មាន់ថាអ្នករៀបចំព្រឹត្តិការណ៍នេះនឹងទទួលបានចំណូល៧៤លានដុល្លារពីការលក់សំបុត្រ។លើសពីនេះទៀតសម្រាប់ការផ្សាយបន្តផ្ទាល់គឺនឹងត្រូវចំណាយ៩៩ដុល្លារសម្រាប់ការផ្សាយបន្តជារូបភាពHD
ហើយត្រូវគេរំពឹងថានឹងទទួលបានចំណូលរាប់រយលានដុល្លារបន្ថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com