ជាតិ
​​​ន​យោ​បាយ​ជាតិ​
«វប្បធម៌​សន្ទនា មិនមែន​ឲ្យ​ឈប់​រិះគន់​រដ្ឋាភិបាល​ទេ! »
24, Apr 2015 , 8:15 pm        
រូបភាព
ដោយ: ថ្មីៗ
 
អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា មានប្រសាសន៍ថា វប្បធម៌​សន្ទនា មិនមែន​ជំនួស​យន្តការ​ប្រជាធិបតេយ្យ​នោះទេ។ លោក​ថា បក្សប្រឆាំង​នៅតែ​អាច​រិះគន់​រដ្ឋាភិបាល ហើយ​តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​គឺ​នៅតែមាន​សិទ្ធិ​ក្នុងការ​កោះហៅ​មន្ត្រី​រដ្ឋាភិបាល​មក​សួរនាំ​ដដែល។



ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ លោក កឹម សុខា បានបញ្ជាក់​ជាថ្មី​ថា៖«វប្បធម៌​សន្ទនា​គឺ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​គេ​ធ្វើ តែ​គេ​អត់​ត្រូវ​ជំនួស​យន្តការ​ប្រជាធិបតេយ្យ​ទេ។ មិនមែន​ថា​មាន​វប្បធម៌​សន្ទនា​ហើយ ទុក​ឲ្យ​មេ​ទាំងពីរ​ជជែក​គ្នា​ទៅ តំណាងរាស្ត្រ​ឈប់​តវ៉ា ឈប់​និយាយ ឈប់​ទាមទារ ឈប់​រិះគន់​រដ្ឋាភិបាល មិនមែន​ទេ គឺ​យន្ដការ​ប្រជាធិបតេយ្យ​នៅតែ​ធ្វើ​ដដែល គឺ​តួនាទី​របស់​ស្ថាប័នសំខាន់ៗនៅតែមាន​ដដែល ដូច​តួនាទី​របស់​រដ្ឋសភា កោះហៅ​រដ្ឋមន្ត្រី​មក​សួរដេញដោល បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត មិន​ទុកចិត្ត​នៅតែ​ធ្វើ​ដដែល»។

កន្លងមក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា បាន​បញ្ជាក់ថា គណបក្ស​របស់លោក​មិនមែនជា​បក្ស​រណប​ហែហម​គណបក្សកាន់អំណាច​នោះទេ តែ​ផ្ទុយទៅវិញ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​គណបក្ស​ដែល​ត្រូវ​យកឈ្នះ​គណបក្សកាន់អំណាច ដើម្បី​ឈានទៅ​ដឹកនាំ​ប្រទេស​នាពេលខាងមុខ។ លោក កឹម សុខា ស្នើ​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ត្រូវ​រក្សា​រូបភាព​នយោបាយ​ឲ្យ​បានល្អ កុំ​ឲ្យ​ដូច​គណបក្ស ហ្វ៊ុនស៊ិនប៉ិច។ ការលើកឡើង​របស់លោក កឹម សុខា ស្របពេល​ដែល​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន កំពុង​អនុវត្ត​វប្បធម៌​សន្ទនា​គ្នា​យ៉ាង​ស្អិតល្មួត​ជាមួយគ្នា ៕




© រក្សាសិទ្ធិដោយ thmeythmey.com