ជាតិ
សាលាក្រុងចាប់ផ្តើមសាងសង់ផ្លូវថ្មើរជើងប្របមាត់ទន្លេ
×
ផ្លូវថ្មើរជើងប្របមាត់ទន្លេ ដែលមានប្រវែង៩៥០ម៉ែត្រ ចាប់ពីសាលសន្និសីទចតុមុខ រហូតដល់ស្ពានភ្លោះកោះពេជ្រ បានចាប់ផ្តើមដំណើរការសាងសង់ហើយ ក្រោមគម្រោងថវិការបស់រដ្ឋាភិបាលកម្ពុជា។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃនេះថា គម្រោងសាងសង់ផ្លូវថ្មើរជើងប្របមាត់ទន្លេនេះ មាន២ដំណាក់កាល ដំណាក់កាលទី១ ចាប់ពី សាលសន្និសីទចតុមុខ រហូតដល់ស្ពានភ្លោះកោះពេជ្រ ដែលគ្រោងនឹងចំណាយសាងសង់ជាង១ឆ្នាំ និងដំណាក់កាលទី២ ចាប់ពីស្ពានភ្លោះកោះពេជ្រ រហូតដល់ស្ពានចំណុចស្ពានអាកាសព្រះមុនីវង្ស។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ មិនអាចបញ្ជាក់ពីទំហំទឹកប្រាក់ដែលនឹងត្រូវចំណាយលើដំណើរការសាងសង់នេះនោះទេ ដោយលោក បញ្ជាក់ថា លោកមិនទាន់បានទទូលពីគម្រោងលំអិតទាក់ទងនឹងគម្រោងសាងសង់នេះនៅឡើយ។
សូមបញ្ជាក់ថា ផ្លូវថ្មើរជើងប្របមាត់ទន្លេដែលសាងសង់នេះ មានទទឹងចាប់ពី៦ម៉ែត្រ ទៅ១៥ម៉ែត្រ។ គម្រោងនេះ នឹងអាចកាត់បន្ថយបាននូវការបាក់ច្រាំងទន្លេ កាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសជួយបង្កើនសោភ័ណភាពទីក្រុង និងកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋក្នុងទីក្រុង៕
© រក្សាសិទ្ធិដោយ thmeythmey.com