អន្តរជាតិ
ន័​រវេ​សជា​ប្រទេសទី១​ដែល​ប្រកាស​ឈប់​ប្រើ​វិទ្យុ FM ចាប់ពី​ឆ្នាំ២០១៧
25, Apr 2015 , 11:00 am        
រូបភាព
ដោយ:
រដ្ឋាភិបាល​នៃ​ប្រទេស​ន័​រវេ​ស បានប្រកាស​ពី​ការផ្លាស់ប្តូរ​មួយ ដើម្បី​បញ្ឈប់​ការប្រើប្រាស់​វិទ្យុ ដែល​ចាប់​រលកសញ្ញា​ប្រេកង់​តាម​ឆា​ណែល​ FM ហើយ​ប្ដូរ​ទៅប្រើ​ប្រាស់​វិទ្យុ Digital នៅ​ទូទាំងប្រទេស​នៅត្រឹម​ឆ្នាំ ២០១៧ ខាងមុខនេះ​វិញ។ នេះ​បើ​យោងតាម CNBC ។



នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​ប្រទេស​ន័​រវេ​ស បាន និយាយថា លក្ខណៈវិនិច្ឆ័យ​សម្រាប់​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​រលកសញ្ញា​វិទ្យុ​ថ្មី ត្រូវបាន​គេ​បំពេញ​រួចរាល់​ហើយ។  បើតាម​រដ្ឋាភិបាល​ន័​រវេ​ស វិទ្យុ Digital អាច​ចាប់បាន ៤២ ប៉ុស្តិ៍ ដែល​ផ្ទុយ​ពី​ប្រព័ន្ធ​វិទ្យុ FM ដែល​អាច​ចាប់​ប៉ុស្ដិ៍​ជាតិ​បានតែ ៥ ប៉ុស្ដិ៍​តែប៉ុណ្ណោះ។
បន្ថែម​ពីលើ​ពីលើ​ការចាប់​ប៉ុស្ដិ៍​បាន​ច្រើន​នេះ តម្លៃ​នៃ​ការបញ្ជូន​រលកសញ្ញា​តា​មរយៈ​បណ្តាញ​វិទ្យុ FM គឺ​ថ្លៃ​ខ្ពស់ជាង ការបញ្ជូន​តាម Digital ដល់​ទៅ ៥ ដង ដែល​នឹង​នាំឱ្យ​រដ្ឋាភិបាល​ន័​រវេ​ស​អាច​សន្សំ​ប្រាក់​បាន​ជាង ២៥ លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ។

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ន័​រវេ​ស លោក Thorhild Widvey បានឱ្យដឹងថា វិទ្យុ Digital មាន​កម្លាំង​ផ្សាយ​ខ្លាំង​ជាង​បណ្តាញ​វិទ្យុ FM ដែល​អាច​ផ្ដល់​ភាពងាយស្រួល និង​អត្ថប្រយោជន៍​ជាច្រើន សម្រាប់​អ្នក​ស្តាប់​វិទ្យុ​នៅ​ទូទាំងប្រទេស។ លោក​បាន​បន្ថែមថា អ្នក​ស្តាប់​នឹង​ទទួល​បានការ​ស្ដាប់​មាតិកា​វិទ្យុ​ច្រើនជាង​មុន ដែលមាន​ភាព​ចម្រុះ និង​ពហុ​និយម ហើយ​ពួកគេ​នឹង​រីករាយ​ជាមួយ​គុណភាព និង​មុខងារ​ថ្មី​សំឡេង​វិទ្យុ​ល្អប្រសើរ​ជាង​មុន។

រដ្ឋាភិបាល​ន័​រវេ​ស​បានកំណត់​លក្ខណៈ​វិនិច្ឆ័យ មួយចំនួន​ដើម្បី​បំពេញ​ការផ្លាស់ប្ដូរ​រល​ក​ប្រេកង់​វិទ្យុ នៅមុន​ពេល​ការផ្លាស់ប្តូរ​ទាំងស្រុង​នៅ​ឆ្នាំ ២០១៧ ខាងមុខនេះ។ ចំណែកឯ​តំលៃ​នៃ​ការប្រើ​វិទ្យុ Digital ត្រូវតែ​សមរម្យ និង​អាច​ប្រើ​បាន​នៅក្នុង​រថយន្ត ហើយ​យ៉ាងហោចណាស់​ពាក់កណ្តាល​នៃ​ចំនួន​អ្នក​ស្តាប់​វិទ្យុ​ប្រចាំថ្ងៃ​ទាំងអស់ បាន​ស្តាប់​វិទ្យុ​តាម​ប្រព័ន្ធ Digital ៕


© រក្សាសិទ្ធិដោយ thmeythmey.com