ជាតិ
កំណាព្យ៖ សករាជ​កន្លង
25, Apr 2015 , 11:28 am        
រូបភាព
ដោយ: ថ្មីៗ
                    កំណាព្យ
               សករាជ​កន្លង
               (ប​ទៈ កាកគតិ)


ពិសាក​ធ្លាក់ភ្លៀង        ប្រឡាយ​ហូរ​វាង   
ធ្លាក់​ចូលទៅ​ស្រែ        ធម្មជាតិ​ខៀវខ្ចី             
រំលេច​ស្រុកស្រែ        ខែប្រាំង​ផ្លាស់​ប្រែ
         ចូល​ខែវស្សា។

កសិករ​ប្រុស​ស្រី        រួសរាន់​ខ្មាតខ្មី            
ធ្វើស្រែ​ចំការ        ភ្ជួរ​រាស់​សាបព្រោះ       
ដាំ​ដុះ​ផល្លា        ខិតខំ​ធ្វើការ
              គ្រួសារ​រាល់​កាយ។

សករាជ​ផ្លោះ​ធ្លោយ        ពីរពាន់​ប្រាំ​រយ          
ហាសិប​ជាង​ផ្លា​យ        ឆ្នាំមមី​ឆ្លង​ផុត             
ឆ្នាំមមែ​ចូល​កាយ        ថ្ងៃខែ​ឃ្លាតឆ្ងាយ
        ឆ្នាំ​កន្លងទៅ ។

កាល​និង​វេលា    បើ​នឹង​នឹកនា                 
ចាប់​ក៏​មិន​នៅ    ចេះតែ​កន្លង                
ឆ្លង​ផុត​ហួស​ទៅ    ក្មេង​ចាស់​សក់ស្កូវ
        វិល​ទៅ​ស្រុក​ដើម។

កើត​ស្លាប់​វិល​វុ​ល    កុសល​អកុសល             
គួរ​គិត​ចាប់ផ្ដើម    សាង​សីល​ធ្វើ​ទាន         
ទាន់​មាន​ដង្ហើម    កុំ​គិត​រអើម
        រអាម​ធម៌អាថ៌។

ដ្បិត​កាល​នៅរស់    រាល់​មនុស្ស​ទាំងអស់      
ទាំងគ្រប់​អាត្មា    រមែង​សាង​បាប            
តិច​ច្រើន​មិន​ថា    ដូច្នេះ​ប្រាថ្នា   
        ធម៌អាថ៌​កុំ​ឃ្លាត។

     សករាជ​កន្លង        រយ​ពាន់​ឆ្នាំ​ផង
     ផ្សង​កុំ​រវាទ        ផ្សង​ជួប​ព្រះពុទ្ធ
     ព្រះធម៌​ឱវាទ        ព្រះសង្ឃ​ជា​អាថ៌
                     សង្វាត​និព្វាន៕

               និពន្ធ​ដោយ៖ វិឆ័យ សុ​ភី



© រក្សាសិទ្ធិដោយ thmeythmey.com