ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកជំនាញ​ផ្នែក​បោះឆ្នោត​ជប៉ុន នឹងសិក្សា​នីតិវិធី​នៃ​ការចុះបញ្ជី​បោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ខែឧសភា
25, Apr 2015 , 12:06 pm        
រូបភាព
ដោយ: ថ្មីៗ
សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី បាន​ជួប​ជាមួយ​មន្ត្រី​សហភាព​អ៊ឺរ៉ុប និង​មន្ត្រី​ស្ថានទូត​ជប៉ុន​ដំបូង ក្រោយពី​សមាជិក​គ.ជ.ប ថ្មី​ចូលកាន់​ដំណែង​កាលពី​ថ្ងៃទី ១៣ ខែមេសា កន្លងទៅ។ ជំនួប​នេះ បាន​ផ្តោតទៅលើ​កិច្ចសហប្រតិបត្តិការ​ជប៉ុន និង​សហភាព​អ៊ឺរ៉ុប ជាមួយ​គ.ជ.ប ថ្មី ហើយ​ជប៉ុន នឹង​បញ្ជូន​អ្នកជំនាញការ​បោះឆ្នោតរ​បស់​ខ្លួន​មក​កម្ពុជា​ជាថ្មី​ម្តងទៀត  នៅ​ខែឧសភា ខាងមុខនេះ។

 

ក្រោយ​រដ្ឋសភា បោះឆ្នោត​ទទួលស្គាល់​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី បាន​ប្រមាណ ២ សប្តាហ៍ សមាជិក​គណៈកម្មាធិកា​រ​នេះ  បាន​ជួប​ស្វា​មគ​មន៍ គណប្រតិភូ​សហភាព​អ៊ឺរ៉ុប និង​គណប្រតិភូ​ស្ថានទូត​ជប៉ុន​ជា​លើកដំបូង នៅ​ស្នាក់ការ​កណ្តាល គ.ជ.ប ក្នុង​បរិវេណ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​សុក្រ​ទី ២៤ ខែមេសា ។ ក្រោយ​ជំនួប​នោះ អ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា បាន​អះអាងថា នៅ​ខែឧសភា ឆ្នាំ ២០១៤ ខាង​មុ​នេះ ក្រុម​អ្នកជំនាញការ​បោះឆ្នោតរ​បស់​ជប៉ុន​នឹង​មក​សិក្សា​ពី​ដំណើរការ​បោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែ​ម​ទៀត« អ្នកជំនាញ​ការបោះឆ្នោត​ជប៉ុន នឹង​មក​សិក្សា​បន្ថែម​អំពី​ដំណើរការ​បោះឆ្នោត​ទាំងមូល ជាពិសេស​គឺ​ការអប់រំ​អ្នកបោះឆ្នោត អំពី​នីតិវិធី​នៃ​ការបោះឆ្នោត ដែល​ពលរដ្ឋ​ត្រូវ​ដឹង និង​ការរៀបចំ​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង្ស ពុទ្ធា ។  

បើតាម​លោក ហង្ស ពុទ្ធា សហភាព​អ៊ឺរ៉ុប និង​រដ្ឋាភិបាល​ជប៉ុន ពេញចិត្ត និង​គាំទ្រ​គ.ជ.ប ថ្មី​នេះ ហើយ​សហភាព​អ៊ឺរ៉ុប និង​រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​បេសកកម្ម​ការងារ​ជាមួយ​គ.ជ.ប ថ្មី ដើម្បី​ឲ្យ​ការបោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ 

ទាក់ទង​នឹង​ការប្រព្រឹត្តទៅ​របស់​ស្ថាប័ន​នេះ​វិញ លោក ហង្ស ពុទ្ធា បញ្ជាក់ថា ពេលនេះ​សមាជិក​គ.ជ.ប កំពុងតែ​ពិនិត្យ​លើ​ព្រះរាជក្រឹត្យ ស្តីពី​ក្របខណ្ឌ​មន្ត្រីរាជការ​របស់​គ.ជប និង​ពិនិត្យ​លើ​ការងារ​អគ្គលេខាធិការដ្ឋាន ព្រមទាំង​បទបញ្ជាផ្ទៃក្នុង​គ.ជ.ប ៕  

© រក្សាសិទ្ធិដោយ thmeythmey.com