ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ​ណាត់គ្នា​សំណេះ​សំណាលជាមួយ​ពល​ករខ្មែរនៅម៉ាឡេស៊ី​នា​រសៀល​នេះ​
25, Apr 2015 , 12:34 pm        
រូបភាព
ត្រឹមតែ​មួយថ្ងៃ​នា​ពិធី​បើក​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី១៤ ខែមេសា មិន​គ្រប់គ្រាន់​នោះឡើយ​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង ប្រធាន​បក្សប្រឆាំង លោក សម រង្ស៊ី ដើម្បី​បង្ហាញ​ពី​ផ្លែផ្កា​នៃ​វប្បធម៌​សន្ទនា។ អ្នកនយោបាយ​កំពូល​ទាំងពីរ នា​រសៀល​ថ្ងៃទី២៥ ខែមេសា នេះ នឹង​បង្ហាញ​វត្តមាន​ជាមួយ​ស្នាមញញឹម​រួមគ្នា​ជា​លើកដំបូង​បំផុត​នៅក្រៅ​ប្រទេស។



បើតាម​លោក សម រង្ស៊ី ដែលជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច​នៅ​រដ្ឋសភា និង​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​ផងដែរ​នោះ លោក ហ៊ុន សែន និង​រូបលោក​ផ្ទាល់ នឹង​ជួប​សំណេះសំណាល​ជាមួយ​ពលករ​ខ្មែរ​រស់នៅ​ប្រទេស​ម៉ាឡេស៊ី នា​រសៀល​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ នៅ​សណ្ឋាគារ Hilton Double Tree។

បន្ទាប់ពី​ត្រូវរ៉ូវ​គ្នា​ក្នុងការ​ជ្រើសរើស​សមាជិក​ថ្មី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បានបង្ហាញ​វត្តមាន​រួមគ្នា​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដោយ​ពិសារ​នំអន្សម​យក្ស​ជាមួយគ្នា កិន​ម្សៅ​ជាមួយគ្នា និង​ដើរ​មើល​ទិដ្ឋភាព​នៃ​អង្គរ​សង្ក្រាន្ត​ជាមួយគ្នា ប្រកបដោយ​ស្នាមញញឹម បិទមាត់​មិន​ជិត។

វប្បធម៌​សន្ទនា​ដែល​មេដឹកនាំ​នយោបាយ​ទាំងពីរ​ប្រើប្រាស់​ឡើង​ដើម្បី​លុបបំបាត់​នយោបាយ «ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី» នោះ ទទួលបាន​នូវ​ការអបអរ​ផង និង​ការរិះគន់​ផង។ ក្រុម​អ្នក​រីករាយ​យល់ឃើញថា វប្បធម៌​សន្ទនា «មាន​សែន មាន​ស៊ី» នឹងធ្វើ​ឲ្យ​ប្រទេសជាតិ​ទទួល​ក្តី​សុខ ដោយ​មេដឹកនាំ​ទាំងពីរ​រួមគ្នា​អភិវឌ្ឍន៍​ជាតិ។ ប៉ុន្តែ​ស្របពេល​ជាមួយគ្នា ក្រុម​អ្នក​រិះគន់​លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹងមាន​វាសនា​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយសារ​ឥរិយាបថ​របស់​មេដឹកនាំ​បក្សប្រឆាំង​ពេលនេះ។ ចំពោះ​ការរិះគន់​នេះ ត្រូវបាន​លោក សម រង្ស៊ី បកស្រាយ​ថា វត្តមាន​របស់លោក​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កន្លងមកនេះ គឺជា​វប្បធម៌​សន្ទនា​ដើម្បី​ស្តារ​ប្រទេសជាតិ​ឡើងវិញ ពោល គឺ​មិន​ធ្វើអោយ​ជាតិ​រលាយ​ដូច​ជំនាន់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះទេ។

គួរ​បញ្ជាក់ថា លោក ហ៊ុន សែន ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៦ពីថ្ងៃ​ទី២៦ ដល់​ថ្ងៃទី២៧ ខែមេសា ដោយ​ម៉ាឡេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ ពោលគឺ​បន្ទាប់ពី​លោក​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ី-អាហ្វ្រិក​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ ដោយឡែក លោក សម រង្ស៊ី មាន​វត្ត​មាននៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ផងដែរ​ដើម្បី​ចូលរួម​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​សេរី និង​ប្រជា​ធិ​តេ​យ្យ​នៅ​អាស៊ី (CALD)៕



© រក្សាសិទ្ធិដោយ thmeythmey.com