ជាតិ
សេដ្ឋកិច្ច
កម្ពុជារៀបចំពិព័រណ៍ភូមិ១ផលិតផល១លើកទី៥នៅដើមខែឧសភា
× កម្ពុជានឹងរៀបចំការតាំងពិព័រណ៍ភូមិ១ផលិតផល១លើកទី៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ខែឧសភាខាងមុខ នៅសួនច្បារមុខវត្តបទុមវតី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។
AKP បានស្រង់ប្រសាសន៍របស់លោក ផល សុជាតិ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣មេសាថា ពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណង ចូលរួមលើកស្ទួយផលិតផលក្នុងស្រុក តាមរយៈការរកទីផ្សារ ការបង្កើតឱកាសធុរកិច្ចដល់ផលិតករ សិប្បករ កសិករ ពិសេសការបង្ហាញពីផលិតផលថ្មីៗដែលជាស្នាដៃរបស់ខ្មែរ និងផ្សព្វផ្សាយឲ្យមានការចូលរួមគាំទ្រចលនាភូមិ១ ផលិតផល១កម្ពុជា។
ពិព័រណ៍ភូមិ១ ផលិតផល១លើកទី៥នេះ នឹងមានស្តង់តាំងលក់ផលិតផលកសិកម្ម សិប្បកម្ម ឧស្សាហកម្ម និងវត្ថុអនុស្សាវរីយ៍ ចំនួន៨០ស្តង់ ព្រមទាំងម្ហូបអាហារ និងភេសជ្ជៈជាង៧០មុខ មកពីតាមបណ្តារាជធានី-ខេត្តនានានៅទូទាំងប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com