ជាតិ
គ្រោះ​ថ្នាក់​ចរាចរណ៍៖ ព្រះអង្គ​ម្ចាស់​ រណ​ឫទ្ធិ និង​អ្នក​ម្នាង​ផល្លា រង​របួស​​ ហើយ​បញ្ជូន​ទៅ​ព្យា​បាលនៅ​មន្ទីរពេទ្យ​
25, Apr 2015 , 1:30 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រះអង្គ​ម្ចាស់​នរោត្តម រណ​ឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា ស្ថិត​ក្នុង​ចំណោម​ជន​រងគ្រោះ៦នាក់​ក្នុងហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ទៅ​លើក្បួន​រថយន្ត​របស់ព្រះអង្គ​ម្ចាស់នរោត្តម រណឫទ្ធិ ប្រធានគណ​បក្ស​ហ៊្វុន​ស៊ិនប៉ិច នា​វេលា​ម៉ោង​ជិត​១រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥​នេះ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ញឹក ប៊ុន​ឆៃ អនុប្រធានទីពីរ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច។



ហេតុការណ៍​គ្រោះ​ថ្នាក់​បាន​កើតឡើង​នៅ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ក្នុងភូមិព្រៃ​ខ្វិត ឃុំខ្វិតធំ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ដោយ​រថយន្ត​ដឹកដី​បាន​ចូល​កាត់​ក្បួន​រថយន្ត​ព្រះអង្គ​ម្ចាស់​ នរោត្តម រណ​ឫទ្ធិ ក្នុងដំណើរ​មក​កាន់​រាជ​ធានីភ្នំពេញ។

​លោក ញឹក ប៊ុន​ឆៃ ​មិន​បាន​ផ្តល់ព័ត៌មាន​លំអិត​ឡើយទាក់ទង​នឹង​គ្រោះ​ថ្នាក់ចរាចរណ៍នេះ ដោយ​គ្រាន់តែ​បញ្ជាក់ថា ព្រះអង្គ​ម្ចាស់ នរោត្តម រណ​ឫទ្ធិ និងអ្នកម្នាង ផល្លា រង​របួស​ក្នុង​ហេតុ​ការណ៍​នេះ ​ហើយត្រូវ​បាន​បញ្ជូន​ទៅព្យាបាលនៅមន្ទីរពេទ្យ រ៉ូយ៉ាល់ រតនៈ ​នៅភ្នំពេញ​ ។ « ក្រៅពីព្រះអង្គ និងអ្នកម្នាង ផល្លា មនុស្ស ៤ នាក់ទៀត ក៏រង​របួស​ក្នុង​ហេតុការណ៍​នេះដែរ ។ តែ​មិនមាន​អ្នកស្លាប់ទេ » ។ នេះជាការ​បញ្ជាក់​របស់​​លោក ​ញឹក ប៊ុនឆៃ ។


សូម​បញ្ជាក់​ផង​ដែរ នៅព្រឹក​ថ្ងៃទី​២៥ ខែមេសា នេះ ព្រះអង្គ​ម្ចាស់ នរោត្តម រណ​ឫទ្ធិ ប្រធានគណបក្ស​ហ៊្វុនស៊ិនប៉ិច រួមជាមួយ​លោក ញឹក ប៊ុនឆៃ លោក កែវ ពុទ្ធរស្មី នឹង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត បាន​ចូល​រួម​ក្នុងពិធី​សំណេះសំណាល​ជាមួួ​ថ្នាក់​ដឹកនាំក្រោម​ជាតិ និងពល​រដ្ឋដែលគាំទ្រ​គណបក្ស​នៅក្នុងមូលដ្ឋានស្រុកព្រៃឈ ខេត្តកំពង់ចាម។

លោក ប៉ែន រ័ត្ន ស្នង​ការ​ស្នងការនគរបាល​ខេត្ត​កំពង់ចាម ក៏​បាន​អះអាង​ផង​ដែរ ព្រះអង្គ​ម្ចាស់ នរោត្តម រណ​ឫទ្ធិ និងអ្នក​ម្នាង ស្ថិតក្នុងចំណោម​ជន​រងគ្រោះ ហើយ​លោក​កំពុង​ធ្វើការ​លើ​ករណីនេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com