អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
គណបក្ស​ថៃ​ទាំងពីរ​ឯកភាពគ្នា​ពន្យា​រ​ការបោះឆ្នោត​សិន ដើម្បី​កែទម្រង់​ស៊ីជម្រៅ
25, Apr 2015 , 2:50 pm        
រូបភាព
ដោយ:
គណបក្ស​ភឿ​ថៃ និង គណបក្ស​ប្រជាធិបតេយ្យ បាន​ព្រមព្រៀងគ្នា​ដោយ​ពន្យារពេល​បោះឆ្នោត​ដែល​គេ​រំពឹងថា​នឹង​ប្រព្រឹត្តឡើង​នៅ​ឆ្នាំ ២០១៦ ខាងមុខនេះ។ ការស្នើរ​ឲ្យ​មានការ​ពន្យារ​ពេលនេះ មិនមែនជា​ការគាំទ្ររ​បប​ដឹកនាំ​យោធា​នោះទេ តែ​ដើម្បី​ធានា​ដំណើរការ​នៃ​ផ្សះផ្សា​ប្រកបដោយ​ជោគជ័យ។ ជាពិសេស​នោះ ដើម្បី​ធានាថា​រដ្ឋធម្មនុញ្ញ​មួយ​ថ្មី​មាន​ភាពត្រឹមត្រូវ​យុត្តិធម៌ ស្របតាម​បទដ្ឋាន​អន្តរជាតិ និង មានការ​ទទួលស្គាល់​ពី​ប្រជាជន។

 

នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយនឹង​អង្គភាព​របស់​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង សណ្តាប់ធ្នាប់​ម្សិលមិញ​នេះ តំណាង​គណបក្ស​ធំ​ពីរ​របស់​ថៃ និង រណសិរ្ស​ដើម្បី​ប្រជាធិបតេយ្យ​ប្រឆាំង​របប​ផ្តាច់ការ បាន​ឯកភាពគ្នា​ពន្យារពេល​បោះ​ឆ្នោត ដើម្បី​ធានា​ឲ្យ​បានការ​ផ្សះផ្សា​ជាតិ​ពិតប្រាកដ ។

 ការបញ្ចប់​សេចក្តីព្រាង​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី គឺជា​ក្តីសង្ឃឹម​សម្រាប់​ការបោះឆ្នោត ដើម្បី​ជ្រើសរើស​រដ្ឋាភិបាល​តាមបែប​ប្រជាធិបតេយ្យ​មួយ​ពិតប្រាកដ​នៅក្នុង​ឆ្នាំ ២០១៦ ។ យ៉ាងណាក៏ដោយ បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​បន្ទាប់​នោះ​គឺ រដ្ឋធម្មនុញ្ញ​ថ្មី​នោះ ត្រូវតែមាន​ភាពត្រឹមត្រូវ និង មានការ​ទទួលស្គាល់​ពី​ប្រជាជន។

 ទាក់ទិន​ជាមួយ​បញ្ហា​នេះដែរ លោក អា​ភី​ស៊ីត វី​ចា​ជីវ៉ា ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ជាក់ថា ការបោះឆ្នោត មិនអាច​ធ្វើឡើង​ក្នុងស្ថានភាព​បន្ទាន់​បង្ខំ​នោះទេ។ដូច្នេះ​គេ​អាច​ពន្យារ​កាលបរិច្ឆេទ​បោះឆ្នោត​បាន។ ក៏ប៉ុន្តែ​ការបោះឆ្នោត ត្រូវតែ​ធានា​ឲ្យ​បាន​នូវ​ភាពយុត្តិធម៌ ស្របតាម​រដ្ឋធម្មនុញ្ញ និង ទទួលស្គាល់​ពី​ប្រជាពលរដ្ឋ​តាមរយៈ​ការធ្វើប្រជាមតិ​ជាមុនសិន។ អ្វីដែល​លោក​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ ចង់បាន​នោះ ការបោះឆ្នោត​ដែល​ល្អ តែ​មិនមែន​បន្ទាន់​នោះទេ។

  ស្រប​ជាមួយគ្នានេះ ប្រធាន​រណសិរ្ស​ដើម្បី​ប្រជាធិបតេយ្យ ប្រឆាំងនឹង​របប​ផ្តាច់ការ ក៏បាន​គាំទ្រ​ឲ្យ​មានការ​ពន្យារ ពេល​នៃ​ការបោះឆ្នោត​នេះដែរ។ ក្នុងនោះ​លោក​បាន​បន្ថែមទៀតថា ការបោះឆ្នោត​នៅតែ​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​ពីរ ឬ​បី​ឆ្នាំក្រោយ​ទៀត។   យ៉ាងណាក៏ដោយ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី-អាហ្វ្រិក​នៅ​ឥណ្ឌូនេស៊ី លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បានបញ្ជាក់​ទៅកាន់​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូ​កូ វី​ដូ​ដូ ថា ការបោះឆ្នោត​នឹងត្រូវ​ប្រារព្ធ​ឡើង​នៅក្នុង ដើមឆ្នាំ២០១៦ ខាងមុខនេះ។

  គួរបញ្ជាក់​ផងដែរ ការបញ្ចប់​នៃ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី មិនមែន​មានន័យថា​ប​ញ្ហា​នយោបាយ​នឹងត្រូវ​បញ្ចប់​ផងដែរ​នោះទេ។ ច្បាប់​នេះ ទាមទារ​ឲ្យ​មាន​ការធ្វើប្រជាមតិ​ពី​សំណាក់​ប្រជាជន និង អនុម័ត​ទទួលស្គាល់​ពីស​ភា ជាមុនសិន ទើប​អាច​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង​ដំណើរការ​នីតិវិធី​នៃ​ការបោះឆ្នោត​បាន។ ជាមួយគ្នានេះ អ្វី​ដែលមាន​ភាពមិនច្បាស់លាស់ ថា​តើ​លោក​ប្រា​យុទ្ធ នឹង​ព្រម​ឲ្យ​មាន​ប្រជាមតិ​ឬ​អត់។ មួយវិញទៀត ប្រសិនបើ​មានការ​ជំទាស់​ពី​ប្រជាពលរដ្ឋ ជាពិសេស​នោះ លើ​បញ្ញត្តិ​នៃ​ការឡើង​កាន់អំណាច​រប​ស់​នាយករដ្ឋមន្ត្រី មិនចាំបាច់​កើតចេញពី​ការបោះឆ្នោត​ពី​ប្រជាពលរដ្ឋ ថា​តើ​នឹងមាន​បញ្ហា​អ្វី​ត្រូវ​កើត​ឡើងជា​បន្តបន្ទាប់​ទៀត៕  

© រក្សាសិទ្ធិដោយ thmeythmey.com