ជាតិ
សង្គមជាតិ
រដ្ឋ​គ្រោង​សង់​លំនៅដ្ឋាន​លក់ និង​ជួល​ឲ្យ​ប្រជាជន​ក្រីក្រ​នៅ​ទូទាំងប្រទេស
25, Apr 2015 , 3:34 pm        
រូបភាព
លោក បេងហុង សុជាតិខេមរ៉ូ
លោក បេងហុង សុជាតិខេមរ៉ូ
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​សាងសង់​លំនៅដ្ឋាន​សម្រាប់​ប្រជាជនដែលមាន​កម្រិតខ្វះខាត​នៅ​ទូទាំងប្រទេស តាមរយៈ​គណៈកម្មការ​សិទ្ធិ​លំនៅដ្ឋាននៃក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ ប៉ុន្តែ​គម្រោង​នេះ កំពុងស្ថិត​នៅក្រោម​ការ​សិក្សា​របស់​អាជ្ញាធរ​នៅឡើយ។



អាជ្ញាធរ​នៃ​អគ្គនាយកដ្ឋាន​លំនៅ​បាន​នឹង​កំពុង​សិក្សា​ពី​សមត្ថភាព​ក្នុង​ការសង់​លំនៅដ្ឋាន​ដល់​ពលរដ្ឋ​ខ្វះខាត​នៅ​ទូទាំងប្រទេស ដើម្បី​ឈានដល់​ការអនុវត្ត​នូវ​ការផ្តល់សេវា​លំនៅ ដ្ឋា​ន​នេះ។ លោក បេង​ហុង សុជាតិ​ខេ​ម​រ៉ូ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​លំនៅឋាន បាន​ឲ្យ​ដឹងថា គណៈកម្មការ​សិទ្ធិ​លំនៅដ្ឋានកំពុង​រៀបចំ​ផែនការមេ​ចំនួន ៤ មុននឹង​ឈានទៅ​សង់​សំណង់នោះ ។ លោក​បន្ថែមថា ផែនការ​ទាំងនោះ រួមមាន ទី១ ការកសាង​សមត្ថភាព​ទៅដល់មន្ត្រី ទី២ ការបង្កើត​មូលនិធិ​សម្រាប់​លំនៅដ្ឋាន ទី៣ ការរៀបចំ​បទដ្ឋាន​លំនៅដ្ឋាន និង​ទី៤ ឈានទៅ​ការអនុវត្ត​គម្រោង​សាកល្បងនោះតែម្តង។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី ការអភិវឌ្ឍ​លំនៅឋាន​មានតម្លៃ​សមរម្យ នៅថ្ងៃទី២៣ នៅ​ទី​ស្តីការ​ក្រសួង​រៀបចំ​ដែនដី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន បាន​មានប្រសាសន៍ថា រហូតមកដល់​បច្ចុប្បន្ន​នេះ គណៈកម្មការ​សិទ្ធិ​លំនៅដ្ឋាន ទើប​ចាប់ផ្តើម​អនុវត្ត​ការងារ​ទី១ គឺ​ កសាង​សមត្ថភាព។ 

អគ្គនាយកដ្ឋាន​លំនៅឋាន ទើបនឹង​ត្រូវ​រដ្ឋាភិបាល​សម្រេច​បង្កើតបាន​ជាង ៨ខែ ប៉ុណ្ណោះ។ លោក បេង​ហុង សុជាតិ​ខេ​ម​រ៉ូ ​ថា៖ «កា​រប​ង្តើ​ត​ឲ្យ​មានកម្ម​វិធី​នេះ​ឡើង គឺ​ដោយសារតែ​មានការ​បំលាស់​ទី​របស់ ប្រជាពលរដ្ឋ​ពី​ជនបទ​មក​ទីក្រុង ពី​កន្លែង​មួយ​ទៅ​កាន់តែ​កន្លែង​មួយទៀត។ រាជរដ្ឋាភិបាល មាន​គម្រោង​ពីរ សម្រាប់​ពួកគាត់ ដែល​ទី១ គឺ គម្រោង​សម្រាប់​លក់ដាច់​ឲ្យ​ពួកគាត់ (ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​ទាប ក្រីក្រ) និង​ទី២ គម្រោង​លំនៅឋាន​សម្រាប់​ជួល» ។                  

គណៈប្រតិភូ​ចំនួន ១០ប្រទេស ក៏​បានមក​ចូលរួម​ផ្តល់​បទពិសោធន៍ នៃ​ការផ្តល់សេវា​លំនៅដ្ឋាន​ឲ្យ​បាន​សមរម្យ​ដល់​ប្រជាជន ក្នុង​កិច្ចប្រជុំ​ស្តីពី ការអភិវឌ្ឍ​លំនៅឋាន​មានតម្លៃ​សមរម្យ​ដែល​រៀបចំឡើង​រយៈពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃទី២៣-២៥ ខែមេសា ឆ្នាំ២០១៥នេះ។ ប្រទេស​ទាំងនោះ រួមមាន ប្រទេស​ឡាវ វៀតណាម ថៃ មី​យ៉ាន់​ម៉ា ស្រីលង្កា ហ្វីលីពីន ម៉ុង​ហ្គោ​លី ឥណ្ឌូនេស៊ី ប៉ា​គី​ស្ថាន និង​ប្រទេស​នេ​ប៉ាល់។

បើតាម​របាយការណ៍រ​បស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ កម្ពុ​ជាមាន​ប្រជាជន​រស់នៅ ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​ចំនួន ១៨ភាគរយ ក្នុងចំណោម​ប្រជាជន​សរុប​ជាង ១៥លាន​នាក់។

គួរ​បញ្ជាក់ថា គម្រោង​នេះ កន្លងមក អង្គការ​សម្ព័ន្ធភាព​អាស៊ី​ដើម្បី​សិទ្ធិ​លំនៅឋាន (ACHR) និង​អង្គការ​មួយចំនួនទៀត ក៏​ធ្លាប់បាន​អនុវត្ត​នូវ​គម្រោង​នេះដែរ។ ប៉ុន្តែ​គម្រោង​ទាំងនោះ ពុំ​សូវ​មាន​ប្រសិទ្ធ​ប្រសើរ​ប៉ុន្មាន​នោះទេ៕  


© រក្សាសិទ្ធិដោយ thmeythmey.com