ជាតិ
លោក គឹម សេ​តារា កាន់តំណែង​ផ្លូវការ​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ
25, Apr 2015 , 7:00 pm        
រូបភាព
លោក គឹម សេតារា ប្រធានថ្មីនៃអាជ្ញាធរជាតិព្រះវិហារ
លោក គឹម សេតារា ប្រធានថ្មីនៃអាជ្ញាធរជាតិព្រះវិហារ
ដោយ: ថ្មីៗ
លោក គឹម សេ​តារា បាន​ចូលកាន់​តំណែង​ផ្លូវការ​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ បន្ត​ពី​លោក ជុច ភឿន តាមរយៈ​ពិធី​ផ្លូវការ​មួយ​កាលពី​ថ្ងៃទី២៤ ខែមេសា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោម​វត្តមាន​របស់លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន។



យោងតាម​ព្រះរាជក្រឹត្យ ដែល​ចុះហត្ថលេខា​ដោយ លោក ជា ស៊ីម ប្រមុខរដ្ឋស្តីទី កាលពី​ថ្ងៃទី៧ ខែមេសា លោក គឹម សេ​តារា ត្រូវបានតែងតាំង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី លោក អ៊ុក តុ​ប​បុត្រា ជា​អនុប្រធាន​ដែលមាន​ឋានៈ​ស្មើ​រដ្ឋលេខាធិកា និង​លោក គង់ ពុទ្ធិការ កាន់​តួនាទី​ជា​អគ្គនាយក។ ស្របពេល​ជាមួយគ្នានេះ​ផងដែរ លោក ជុច ភឿន ដែល​បាន​កាន់តំណែង​ជា​ប្រធាន​តាំងពី​ឆ្នាំ២០១០ ត្រូវបាន​តម្លើង​ជា​ប្រធានកិត្តិយស​ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី។

អាជ្ញាធរ​ព្រះវិហារ ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ២០០៦ ក្នុងទិសដៅ​ការពារ និង​អភិវឌ្ឍ​រមណីយដ្ឋាន​វ​ប្ប​ធម៌​ធម្មជាតិ​នៅ​តំបន់​ប្រាសាទព្រះវិហារ។ លោក គឹម សេ​តារា សន្យា​បន្ត​អភិវឌ្ឍន៍​តាម​គម្រោង​ដែលមាន​ស្រាប់ ហើយ​បង្កើន​ការសាងសង់​អាគារ​ស្នាក់​នៅ​សម្រាប់​បុគ្គលិក និង​ពង្រីក​ការអភិវឌ្ឍន៍​ធនធានមនុស្ស ។ ទោះបីជា​យាង​ណាក៏ដោយ លោក ទទួលស្គាល់ថា លោក​នឹង​ជួប​បញ្ហា​ប្រឈម​ជាមួយ​ចំនួន ដូចជា​ការទាក់ទាញ អ្នកជំនាញ​ឲ្យ​ពេញចិត្ត​រស់នៅ​តំបន់​ព្រះវិហារ បញ្ហា​ធនធានមនុស្ស និង​កង្វះ​ថវិកា។

លោក គឹម សេ​តារា រៀន​ចប់​មហាវិទ្យាល័យ​បុរាណវិទ្យា​កាលពី​ឆ្នាំ១៩៩៥ ហើយ​បន្ត​ការសិក្សា​អនុបណ្ឌិត​នៅ​សហរដ្ឋអាមេរិក និង​អាហារូបករណ៍ Fulbright  ផ្នែក​នរវិទ្យា​លើ​ជំនាញ​សេដ្ឋកិច្ច និង​នយោបាយ។ កាលពី​ឆ្នាំ២០០៤ លោក​បានទទួល​សញ្ញាបត្រ​បណ្ឌិត​ពី​ប្រទេស​ស៊ុត​អែ​ត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ។  លោក​បាន​ចំណាយពេល១៣ឆ្នាំ ក្នុង​ការងារ​ជា​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន CDRI៕



© រក្សាសិទ្ធិដោយ thmeythmey.com