អន្តរជាតិ
ត្បូង​ពេជ្រ​ទំហំ១០០កា​រ៉ាត់​លក់បាន​តម្លៃ២២លាន​ដុល្លារ​បន្ទាប់ពី​ដេញថ្លៃ​បាន ៣ នាទី
26, Apr 2015 , 9:15 am        
រូបភាព
ដោយ: ថ្មីៗ
ត្បូង​ពេជ្រ​ដ៏​ធំ​មួយ​គ្រាប់​ដែលមាន​ទំហំ​ដល់​ទៅ ១០០ កា​រ៉ាត់ ត្រូវបាន​គេ​លក់បាន​ក្នុងតម្លៃ ២២,១ លាន​ដុល្លារ ក្នុង​រយៈពេល​តែ ៣ នាទី បន្ទាប់ពី​ការដេញថ្លៃ​ចាប់ផ្ដើម ដែល​បានធ្វើឱ្យ​ពេជ្រ​គ្មាន​ពណ៌​មួយ​នេះ ក្លាយជា​ត្បូង​ពេជ្រ​មានតម្លៃ​ជាងគេ​មិន​ធ្លាប់​ដាក់​ដេញថ្លៃ​នៅ​ញូវយ៉ក។ នេះ​បើ​យោងតាម CNBC ។



ប្រភព​ដដែល​ក៏បាន​ឲ្យ​ដឹងថា ត្បូង​ពេជ្រ​ដ៏​ធំ​នេះ ស្ថិតក្នុង​ថ្ម​ប្រណីត​ប្រភេទ IIa ដែលជា​ប្រភេទ​ថ្ម​មានតម្លៃ​ដែល​សុទ្ធ​ល្អ​ជាងគេ និង​ដ៏​មានតម្លៃ​ថ្លៃ​បំផុត ក្នុងចំណោម​ត្បូង​ពេជ្រ​ជាច្រើន ដែល​ត្រូវបាន​គេ​ដាក់​ដេញថ្លៃ​នៅក្នុង​មជ្ឈមណ្ឌល​ដេញថ្លៃ Sotheby's Magnificent Jewels ក្នុង​ទីក្រុង​ញូវយ៉ក។

នៅមុន​ការដេញថ្លៃ​ត្បូង​ពេជ្រ​នេះ អ្នកជំនាញ​បាន​រំពឹងថា​វា​នឹងត្រូវ​គេ​លក់​ក្នុងតម្លៃ ចន្លោះ​ពី ១៩ ទៅ ២៥ លាន​ដុល្លារ។ ក្រុមហ៊ុន​ដេញថ្លៃ Sotheby បានឱ្យដឹងថា អ្នក​ដែល​ឈ្នះ​ការដេញថ្លៃ បាន​ចូលរួម​ក្នុងការ​ដេញថ្លៃ​តាមរយៈ​ទូរ​សព្ទ ហើយ​គេ​មិន​ចង់បង្ហាញ​អត្តសញ្ញាណ​នោះទេ។

បើតាម​ក្រុមហ៊ុន Sotheby មាន​ត្បូង​ពេជ្រ​ដែល​ល្អឥតខ្ចោះ មាន​ទំងន់​ជាង ១០០ កា​រ៉ាត់​ចំនួន តែ​គ្រាប់​ប៉ុណ្ណោះ ត្រូវបាន​គេ​ដាក់លក់​ដេញថ្លៃ​ក្នុង​រយៈពេល ២៥ ឆ្នាំ​ចុង​ក្រោយនេះ។ ក្រុមហ៊ុន​ដេញថ្លៃ​នេះ បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ពណ៌​របស់​ត្បូង​ពេជ្រ​នេះ​មាន គុណភាព D ដែលជា​លក្ខណៈពិសេស និង​ជា​ត្បូង​ពេជ្រ​កម្រ​មិនគួរ​ឱ្យ​ជឿ ហើយ​ត្រូវបាន​ចាត់ទុកថា​ជា​ប្រភេទ​ត្បូង​ពេជ្រ«ល្អឥតខ្ចោះ» មួយ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com