ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការសន្យា​របស់​សមាជិក​ថ្មី​ទាំង៩នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត
25, Apr 2015 , 9:00 pm        
រូបភាព
សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី (គ.ជ.ប) ទាំង៩រូប សន្យាថា ពួកគេ​នឹង​រៀបចំ គជប​ថ្មី​នេះ ឲ្យ​មាន​អព្យាក្រឹតភាព ឯករាជ្យ​ត្រឹមត្រូវ ដើម្បី​ផ្ដល់​ទំនុកចិត្ត និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត ។ សារព័ត៌មានថ្មីៗសូម​ធ្វើការ​ដកស្រង់​សម្តី​ទាំងនោះ​ដូចខាងក្រោម៖



លោក ស៊ិ​ក ប៊ុន​ហុក អាយុ ៦៩ឆ្នាំ ប្រធាន គ.ជ.ប ៖ «សម្រាប់​ការ​ក្នុង គ.ជ.ប យើង​ត្រូវមាន​ការស្មោះត្រង់​នឹង​គ្នា​ទៅវិញទៅមក កុំ​មាន​ល្បិចកល​ជាមួយគ្នា យកឈ្នះ​យក​ចាញ់​គ្នា​អ្វី​នោះទេ ។ ខ្ញុំ​សូម​ជម្រាប​មួយ​ម៉ាត់ បើ​ខ្ញុំ​ណែនាំ​ឲ្យ​គេ​ធ្វើ​ល្អ គឺ​ចាប់ផ្ដើម​ល្អ​ពី​ខ្ញុំ​មុនគេ ចាំ​ពាក្យ​ខ្ញុំ មេដឹកនាំ​ត្រូវធ្វើ​គំរូ​គេ»។



លោក គួ​យ ប៊ុន​រឿន អាយុ៤៨ឆ្នាំ អនុប្រធាន គ.ជ.ប ៖ « ខ្ញុំ​មិន​គិតពី​គណបក្សនយោបាយ​ខ្លួនឯង និង​មិន​រង​សម្ពាធ​ពី​ខាងក្រៅ​មក​នោះទេ។ តែ​ខ្ញុំ​ត្រូវធ្វើ​ឲ្យ គ.ជ.ប មាន​អព្យាក្រឹត និង​ឯករាជ្យ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួលស្គាល់ គ.ជ.ប ថ្មី​នេះ»។



លោក ហង្ស ពុទ្ធា អាយុ៥០ឆ្នាំ សមាជិក​គ.ជ.ប និង​ជា​អ្នកនាំពាក្យ ៖
  ខ្ញុំ​ប្ដេជ្ញាចិត្ត ធ្វើជា​ជន​អព្យាក្រឹត​ម្នាក់។ បើទោះជា​ក្នុងចំណោម៩រូប​មានរឿង​អ្វី​កើតឡើង តែ​ខ្ញុំ​នៅតែ​រក្សា​ជំហរ​របស់ខ្ញុំ ក្នុងការ​រៀបចំ​គជប​ថ្មី​ឲ្យ​មានតម្លៃ ឯករាជ្យ​ត្រឹមត្រូវ មានការ​បោះឆ្នោត​លើក​ក្រោយ​ដែល​មិនមាន​ការតវ៉ា»។


លោក ហ៊ីង ធី​ឫទ្ធិ អាយុ៤៩ឆ្នាំ សមាជិក​គ.ជ.ប ៖ «ខ្ញុំ​នឹង​រក្សា​ជំហរ​អ​ព្យា​ក្រិត​របស់ខ្ញុំ​ដែល​ធ្លាប់មាន​ពីមុនមក ដើម្បី​រៀបចំ​គជប​ថ្មី ឲ្យ​មាន​ឯករាជ្យ អព្យាក្រឹត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលស្គាល់​និង​ទទួលយកបាន ចំពោះ​គជប​ថ្មី​ហើយក៏​ផ្ដល់​ទំនុកចិត្ត​ដល់​គណបក្សនយោបាយ​ទាំងអស់»។


លោក រ៉ុង ឈុន អាយុ៤៦ឆ្នាំ​សមាជិក គ.ជ.ប ៖ «ខ្ញុំ​នឹង​និយាយ​ការពិត​ប្រាប់​មហាជន ប្រសិនបើ​មាន​គំនាប​នយោបាយ ហើយ​ខ្ញុំ​នឹង​លាលែង​ចេញពី​តំណែង ប្រសិនបើ​ខ្ញុំ​មិនអាច​បំពេញ​កិច្ចការ​របស់ខ្ញុំ​បាន។ តំណែង​ខ្ពស់ និង​ប្រាក់ខែ​ច្រើន មិនមាន​សារសំខាន់​សម្រាប់​ខ្ញុំ​ទេ»។


លោកស្រី តែ ម៉ា​នី​រ៉ុង អាយុ៦២ឆ្នាំ សមាជិក គ.ជ.ប ៖ «ខ្ញុំ​ជាម​នុស្ស​មិន​ចូលចិត្ត​នៅក្រោម​សម្ពាធ ការគាបសង្កត់​ពី​អ្នកណា​នោះទេ។ ខ្ញុំ​ជាម​នុស្ស​ដែល​ឃើញ​ខុស​ថា​ខុស ឃើញ​ត្រូវ​ថា​ត្រូវ ដូចនេះ​ខ្ញុំ​នឹងធ្វើ​ឲ្យ​គ.ជ.ប មាន​តម្លាភាព និង​ឯករាជ្យ»។


លោក មាន ស​ទិ អាយុ ៦៣ឆ្នាំ សមាជិក គ.ជ.ប ៖ «ខ្ញុំ​នឹង​គោរព​តាមច្បាប់​គ.ជ.ប ជា​ធរមាន​ឲ្យ​បានល្អ១០០ភាគរយ ហើយ​ខ្ញុំ​នឹង​ខំ​អនុវត្ត​ច្បាប់​ដែល​បានចែង ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​គ.ជ.ប ថ្មី​នេះ មាន​ភាព​ឯករាជ្យ»។


លោក ឯម សូផាត អាយុ៥៨ឆ្នាំ សមាជិក គ.ជ.ប ៖ 
«ខ្ញុំ​ជា​សមាជិក​គ.ជ.ប តាំងពី​យូ​ណាស់​មកហើយ។ ហើយ​គោលជំហរ​របស់ខ្ញុំ​តាំងពីដើម​មក គឺ​ខ្ញុំ​ជា​មនុស្ស​គោរព​ច្បាប់ អនុវត្ត​តាមច្បាប់ ដើម្បី​ឲ្យ​គ.ជ.ប​មាន​ភាព​អព្យាក្រឹត ឯករាជ្យ​ត្រឹមត្រូវ»។


លោក ឌុ​ច សុន អាយុ៦០ឆ្នាំ សមាជិក គជប ៖
«ខ្ញុំ​នឹង​គោរព​ច្បាប់ និង​អនុវត្ត​ច្បាប់​ឲ្យ​បានល្អ។ បើ​ច្បាប់​ចែង​មកហើយ​តែ​យើង​មិន​អនុវត្ត​តាមច្បាប់​នោះ ក៏​គជប​មិនអាច​ល្អ​បានដែរ ដូចនេះ​មានតែ​គោរព​ច្បាប់​ទេ ដែល​អាច​ឲ្យ​គជប​មាន​អព្យាក្រឹត​ត្រឹមត្រូវ»៕




© រក្សាសិទ្ធិដោយ thmeythmey.com