ជាតិ
សង្គមជាតិ
ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៥ ជា​ខួប ៣ ឆ្នាំ នៃ​ការស្លាប់​របស់លោក ឈុត វុទ្ធី
25, Apr 2015 , 8:00 pm        
រូបភាព
រូបថត លោក ឈុត វុទ្ធី កាលលោកនៅមានជីវិត
រូបថត លោក ឈុត វុទ្ធី កាលលោកនៅមានជីវិត
ដោយ: ថ្មីៗ
នៅ​ថ្ងៃទី ២៦ ខែមេសា ស្អែក​នេះ ជា​ខួប ៣ ឆ្នាំ​នៃ​ការស្លាប់​របស់​សព លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា ។ លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវបាន​ឃាតករ​បាញ់សម្លាប់ កាលពី​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៤ នៅក្នុង​បរិវេណ​ភូមិ​វាល​បី ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ក្នុងពេលដែល​រូបលោក​ចុះទៅ​ឃ្លាំមើល​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​នេះ ។



ឃាតករ​ដែល​បាញ់សម្លាប់​លោក ឈុត វុទ្ធី នោះ គឺ​លោក អ៊ិន រតនា មន្ត្រី​កងរាជអាវុធហត្ថ តែ​បន្ទាប់ពី​សម្លាប់​លោក ឈុត វុទ្ធី លោក អ៊ិត រតនា ត្រូវបាន​ជន​មិន​ស្គាល់មុខ​ម្នាក់ទៀត​បាញ់សម្លាប់ភ្លាមៗដែរ ។ សំណុំរឿង​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ត្រូវ​តុលាការ​ដំបូង​ខេត្តកោះកុង​តម្កល់ទុក​ឥត​ចាត់ការ ក្រោម​ហេតុ​ផង​ថា បណ្តឹងអាជ្ញា​រលត់ ព្រោះ​ឃាតករ​បាន​ស្លាប់​ទៅហើយ។ ដោយឡែក​ឃាតករ​ដែល​បាញ់សម្លាប់​លោក អ៊ិន រតនា នោះ​ត្រូវ​តុលាការ​ចោទប្រកាន់​ប៉េអឹម​ម្នាក់ គឺ​លោក រ៉ា​ន់ បូ​រ័ត្ន ថា​ជា​អ្នក​សម្លាប់ ហើយ​តុលាការ​ខេត្តកោះកុង នៅ​ខែតុលា ឆ្នាំ ២០១៣ បានសម្រេច​ឲ្យ​មន្ត្រី​ប៉េអឹម​រូបនេះ ជាប់ពន្ធនាគារ​រយៈពេល ២ ឆ្នាំ តែ​ជនជាប់ចោទ​រូបនោះ​ត្រូវ​ជាប់ពន្ធនាគារ​តែ ៦ ខែ​ប៉ុណ្ណោះ ដោយ​ទោស​ដែល​នៅសល់​ត្រូវ​ព្យួរ ។

ការស្លាប់​របស់លោក ឈុត វុទ្ធី មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ ដែល​ទទួលស្គាល់​ពី​វីរភាព​សកម្មជន​ការពារ​ព្រៃឈើ​រូបនេះ សូម្បី​សហគមន៍​អន្តរជាតិ​ក៏​កោតសរសើរ​ពី​វីរៈភាព​របស់លោក​ផងដែរ។ នៅក្នុង​ពិធី​គំនិត​ផ្តួចផ្តើម​ជា​សកល​របស់លោក Clinton កាលពី​ថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១៤ នៅ​ទីក្រុង​ញូវយ៉ក កន្លងទៅ លោក​ប្រធានាធិបតី​អាមេរិក បាន​សរសើរ​ការលះបង់​របស់លោក ឈុត វុទ្ធី ដើម្បី​ព្រៃឈើ​នៅ​កម្ពុជា ៕    

© រក្សាសិទ្ធិដោយ thmeythmey.com