ជាតិ
ពីនេះ ពីនោះ
«កំហុស១៤»ចំណុច​នៃ​ថ្នាក់ដឹកនាំ​ដែល​ជំរុញឲ្យ​​កូនចៅ​ដើរចេញ​មិន​ធ្វើការ​ជាមួយ!
29, Apr 2017 , 7:30 am        
រូបភាព
ភ្នំពេញ៖នៅក្នុង​គ្រប់​ស្ថាប័ន មិន​ថា ឯកជន អង្គការ និង​រដ្ឋ​ទេ។ ចលនា​ផ្លាស់ប្តូរ​ការងារ​ពី​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយទៀត បានកើត​ឡើង​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក។ អ្វីដែល​ខុសគ្នា គឺ​នៅត្រង់ថា បុគ្គលិក​ខ្លះ ចាក​ចេញពី​កន្លែងចាស់​រួចហើយ នៅតែ​នឹក​ស្តាយ​កន្លែងចាស់ ឬ​នៅ​បន្ត​សរសើរ​កន្លែងចាស់​មិន​ដាច់​ពី​មាត់​ពី​គំនិត​គ្រប់គ្រង របស់​មេដឹកនាំ​ចាស់ និង​សរសើរ​ពី​បរិយាកាស​ការងារ​ទូទៅ​នៅ​កន្លែងចាស់។ អ្នក​ចាកចេញ​ប្រភេទ​ខាងលើនេះ ភាគច្រើន ទៅ​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង ពោល គឺ​មិនមែន​ចេញពី​កន្លែងចាស់ ហើយ​រត់ទៅរក​ការងារ​កន្លែង​ថ្មី​នោះទេ។



តែ​បុគ្គល​ខ្លះទៀត ចេញពី​កន្លែងចាស់​រួចហើយ កុំថាឡើយ​និយាយ​ល្អ​ពី​កន្លែងចាស់ សូម្បីតែ​នឹក ក៏​នឹក​មិនឃើញ​ផង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បុគ្គលិក​ដែល​ចាកចេញ ថែមទាំង​និយាយ​រិះគន់​ថ្នាក់ដឹកនាំ​ចាស់​ទៀតផង ពីព្រោះ ពួកគេ យល់ថា ថ្នាក់ដឹកនាំ​ចាស់​មានគុណ​វិបត្តិ​ច្រើនពេក។ តើ​គុណវិបត្តិ​អ្វីខ្លះ​របស់​ថ្នាក់ដឹកនាំ​ចាស់ ដែល​ជំរុញ​អោយ​កូនចៅ​ដើរចេញ​មិន​ធ្វើការ​ជាមួយ​នៅក្នុង​បរិបទ​ប្រទេស​កម្ពុជា?

ទី១ គឺ​ថ្នាក់ដឹកនាំ ដឹកនាំ​របៀប​ផ្តាច់ការ មិន​ស្តាប់​ហេតុផល​នរណា​ទាំងអស់។ គំនិត​ខ្លួនឯង​ធំជាងគេ ត្រូវ​ជាងគេ ដាក់​បញ្ជា​អ្វី​តម្រូវអោយ​ថ្នាក់ក្រោម​ធ្វើអោយបាន​ទាំងអស់ ដោយ​គ្មាន​គិតពី​ការ​ប្រឈម​អ្វី​ទាំងអស់។

ទី២ គឺ​ថ្នាក់ដឹកនាំ​បញ្ជា​តាម​អារម្មណ៍ គ្មាន​គោលការណ៍​អ្វី​ទាំងអស់។ សម្រាន្ត​មួយ​យប់ ព្រឹក​ឡើង ផ្លាស់​គោលការណ៍​ចាស់ ដាក់​គោលការណ៍​ថ្មី។ និយាយ​អោយ​ខ្លី បញ្ជា​តាមតែ​មាត់ទទេ គ្មាន​ពិនិត្យ​គោលការណ៍​ស្ថាប័ន​ឡើយ។

ទី៣ គឺ​ថ្នាក់ដឹកនាំ​មិនដែល​ចេះ​លើកទឹកចិត្ត​កូនចៅ​ម្តងណា​ឡើយ។ ផ្ទុយទៅវិញ កូនចៅ​ធ្វើ​អ្វី​ក៏​ខុស​ចិត្ត​ខ្លួនឯង​ដែរ។ លើសពីនេះទៅទៀត មេដឹកនាំ​គិតតែ«និយាយដើម»
ពី​កូនចៅ។

ទី៤ ប្រសិនបើ​លើកទឹកចិត្ត​វិញ លើកទឹកចិត្ត ឬ​ដំឡើង​ប្រាក់ខែ តែ​កូនចៅ​ណា​ដែល​ចេះ​អែបអប ចេះ«យកចិត្ត យក​ថ្លើម»មេ។ និយាយ​អោយ​សាមញ្ញ ផ្តល់​ប្រយោជន៍​អោយតែ​បុគ្គលិក​ណា​ដែល​ចេះ«លើកជើង»។ បុគ្គលិក​ហ្មត់ចត់​នឹង​ការងារ​ដទៃទៀត មិនសូវ​ទទួលបាន​ប្រយោជន៍​ទេ។

ទី៥ គឺ​ថ្នាក់ដឹកនាំ ដែល​គិតថា ខ្លួនឯង​ពូកែ​ជាងគេ​ទាំងអស់។ នរណា​ក៏​ចេះ​មិន​ដល់​ខ្លួន​ដែរ។ តាមពិត ពេលខ្លះ​ខ្លួនឯង គ្មាន​ចំណេះ​អ្វី​ទេ។ ទទួលបាន​ដំណែង​នេះ ឬ​នោះ ធ្វើឡើង​តាម​បក្សពួក ឬ​ខ្សែស្រឡាយ​សោះ។

ទី៦ គឺ​មេដឹកនាំ​មិនចេះ​អោយ​តម្លៃ​ធនធានមនុស្ស​ល្អ។ មើលឃើញ​ធនធានមនុស្ស​ល្អ ថា អាចជា​សត្រូវ​នឹង​ខ្លួន ហើយ​អាច​គំរាមកំហែង​តំណែង​របស់ខ្លួន​នាពេល​អនាគត។

ទី៧ គឺ​មេដឹកនាំ​ដែល​គិតតែ​ពី​ប្រយោជន៍​ខ្លួនឯង មិន​គិតពី​ប្រយោជន៍​របស់​ស្ថាប័ន។ កំពុង​ធ្វើ​កិច្ចការ​មួយ​នេះ​រួម​ជាមួយគ្នា តែ​ក្នុង​អារម្មណ៍​ត្រៀម​ឈោង​ចាប់យក​ប្រយោជន៍​ផ្សេង​បាត់ទៅហើយ។

ទី ៨ គឺ​មេដឹកនាំ​ដែលមាន​ចំណេះ​ហើយ តែ​កំណាញ់​ចំណេះ​មិនចេះ​ចែកចាយ​ជូន​ថ្នាក់ក្រោម​បង្គាប់។

ទី៩ គឺ​មេដឹកនាំ​ដែល​មិន​គិតពី​ទុក្ខលំបាក​របស់​កូនចៅ​ទាក់ទង​នឹង​ប្រាក់ខែ​សម្រាប់​រស់​ប្រចាំថ្ងៃ។

ទី១០ គឺ​មេដឹកនាំ​ខ្វះ​ការទទួលខុសត្រូវ ឬ​មេដឹកនាំ​ដែល​យកមុខ​មាត់​តែមា្ន​ក់​ឯង មានន័យថា ប្រសិនបើ​ស្ថាប័ន​ជោគជ័យ មេដឹកនាំ​ទាមទារ​ជោគជ័យ​ម្នាក់ឯង តែ​ប្រសិនបើ​ស្ថាប័ន​បរាជ័យ គឺ​គេ​ទម្លាក់កំហុស​ទៅ​ថា្នក់​ក្រោម​វិញ។

ទី១១ គឺ​មេដឹកនាំ​ដែល​គ្មាន​ចំណេះ​សម្រាប់​ផ្ទេរ​ជូន​បុគ្គលិក​ត្រឹមត្រូវ។

ទី១២ គឺ​មេដឹកនាំ​ដែល​ខ្វះ​សិល្បៈ​ក្នុងការ​ប្រើប្រាស់​សម្តី​ជាមួយ​បុគ្គលិក​ថ្នាក់ក្រោម។

ទី១៣ គឺ​មេដឹកនាំ​បង្កើត​បក្សពួក​ក្នុង​ស្ថាប័ន​តែមួយ(បង្កើត​ក្រុម​តាមដាន ប្រៀប​ដូច​ក្រុម​ចារកម្ម​ក្នុង​សង្គ្រាម)។

ទី១៤ គឺ​មេដឹកនាំ​ដែល​ខ្វះ​សីលធម៌ និយាយ​ជារួម។



© រក្សាសិទ្ធិដោយ thmeythmey.com