អន្តរជាតិ
ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រុមហ៊ុន Google ម្នាក់​បាន​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​នេ​ប៉ាល់
26, Apr 2015 , 11:21 am        
រូបភាព
ដោយ: ថ្មីៗ
លោក Dan Fredinburg ប្រធាន​កម្មវិធី​របស់​ក្រុមហ៊ុន Google ស្ថិតក្នុង​ចំណោម​មនុស្ស​រាប់ពាន់នាក់​ដែល​បាន​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី ៧,៩រិច​ទ័​រ នៅ​ទីក្រុង Katmandou ប្រទេស​ណេ​ប៉ាល់ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍។ Megan ប្អូនស្រី​របស់លោក Dan អះអាង​តាមរយៈ Instagram ថា បងប្រុស​របស់ខ្លួន​បាន​ស្លាប់​ក្រោយ​រងរបួស​ធ្ងន់ធ្ងរ​នៅត្រង់​ក្បាល។



របាយការណ៍​បាន​បង្ហាញថា លោក Dan បាន​ស្លាប់​ជាមួយ​មនុស្ស​ប្រមាណ១០នាក់​ផ្សេងទៀត​ក្នុង​ជំរំ​នៅ​ជើងភ្នំ​អេ​វើ​រេស ប៉ុន្តែ​បុគ្គលិក Google បី​រូប​ផ្សេងទៀត​ដែល​ស្ថិតនៅ​ជាមួយ​លោក Dan Fredinburg មិនមាន​បញ្ហា​អ្វី​នោះឡើយ។ នេះ​តាម​ការបញ្ជាក់​របស់​អា​ជ្ញា​ធរ។

លោក Dan Fredinburg គឺជា​ប្រធាន​កម្មវិធី Google X និង​ផ្នែក​គ្រប់គ្រង​ជាច្រើន​ទៀត​របស់ Google។ ក្នុងនាម​ជា​អ្នកជំនាញ​ឡើង​ភ្នំ លោក Dan គឺជា​ស្ថាបនិក​ម្នាក់​នៃ​កម្មវិធី Google Adventure ហើយ​វិ​វត្ត​ជា​បន្តបន្ទាប់​ទៅជា Google Street View និង Project Loon ជាដើម។ លោក​ក៏​ធ្លាប់​ធ្វើការ​ឲ្យ​ក្រុមហ៊ុន Youtube ផងដែរ។

លោក Dan វ័យ៣៤ឆ្នាំ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​សម្តែង​អាមេរិក​ឈ្មោះ Sophia Bush ពី​ខែមករា ឆ្នាំ២០១៣ ដល់​ខែកុម្ភៈ​ឆ្នាំ២០១៤ ៕




© រក្សាសិទ្ធិដោយ thmeythmey.com