ជាតិ
នយោបាយជាតិ
ហ៊្វុនស៊ិនប៉ិចបញ្ជូន ព្រះអង្គម្ចាស់ រណឫទ្ធិ និងអ្នកម្នាងផល្លា ទៅព្យាបាលនៅប្រទេសថៃ រូបថតព្រះអង្គម្ចាស់ រណឫទ្ធិ ពីហ្វេសប៊ុកលោក ធៀង វណ្ណដារ៉ុង មន្រ្តី ហ៊្វុនស៊ិនប៉ិច
×
ក្រុមការងារគណបក្ស ហ៊្វុនស៊ិនប៉ិច កំពុងញាប់ដៃញាប់ជើងធ្វើលិខិតស្នាមផ្សេងៗ ដើម្បីបញ្ជូនព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា តាមយន្តហោះ ទៅព្យាបាលបន្តនៅមន្ទីរពេទ្យក្នុងទីក្រុងបាងកក ប្រទេសថៃ នៅព្រឹកថ្ងៃអាទិត្យនេះ ។ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍នេះ គណបក្ស ហ៊្វុនស៊ិនប៉ិច សង្ស័យថា ករណីនះ អាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ។ នេះបើតាមអ្នកនាំពាក្យគណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ។
ស្តាប់សំឡេង លោក ជា ធីរិទ្ធ
ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យ រ៉ូយាល់ រតនៈ នៅភ្នំពេញ បន្ទាប់ពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ គណបក្ស ហ៊្វុនស៊ិនប៉ិច នឹងបញ្ជូនព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា ទៅព្យាបាលបន្តនៅមន្ទីរពេទ្យក្រៅប្រទេស ។ អ្នកនំាពាក្យគណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន អះអាងថា ពេលនេះ មន្រ្តីគណបក្ស ហ៊្វុនស៊ិនប៉ិច កំពុងមមាញឹករៀបចំលិខិតស្នាម ដើម្បីបញ្ជូនព្រះអង្គម្ចាស់ រណឫទ្ធិ និងអ្នកម្នាងផល្លា ទៅព្យាបាលនៅប្រទេសថៃ នៅព្រឹកថ្ងៃអាទិត្យនេះ ។ « ខ្ញុំមិនអាចប្រាប់ឈ្មោះមន្ទីរពេទ្យ នៅប្រទេសថៃទេ ដែលព្រះអង្គព្យាបាលទេ ។ ខ្ញុំសូមបញ្ជាក់ថា មិនមែនយើងមិនទុកចិត្ត ឬជឿជាក់លើពេទ្យក្នុងស្រុកទេ តែយើងយាងព្រះអង្គទៅព្យាបាលនៅប្រទេសថៃ ព្រោះគេមានឧបករណ៍គ្រប់គ្រាន់ជាងយើង » ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យខាងលើ។
បើតាមលោក ញ៉េប ប៊ុនជិន មកដល់ពេលស្ថានភាពរបួសរបស់ព្រះអង្គម្ចាស់ រណឫទ្ធិ និងអ្នកម្នាង ផល្លា មានភាពធូរស្រាលជាងមុន ។ «តាមពិតទៅសម្តេចក្រុមព្រះ ព្រះអង្គគ្មានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែប៉ះពាល់បន្តិចប៉ុណ្ណោះ ហើយអ្នកម្នាង ផល្លា រងរបួសក្បាល។ តែយើងយាងព្រះអង្គទៅព្យាបាលនៅថៃទៅ ដើម្បីឲ្យអស់ចិត្ត ព្រោះយើងបារម្ភពីព្រះអង្គ » ។
ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា ស្ថិតក្នុងចំណោមជនរងគ្រោះ៦នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយទៅលើក្បួនរថយន្តរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នាវេលាម៉ោងជិត១រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥នេះ។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិព្រៃខ្វិត ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយរថយន្តដឹកដីបានចូលកាត់ក្បួនរថយន្តព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក្នុងដំណើរមកកាន់រាជធានីភ្នំពេញ។
ទាក់ទងករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា រឿងនេះមិនមែនជារឿងគ្រោះថ្នាក់ចរាចរណ៍ធម្មតានោះឡើយ ដោយលោកសង្ស័យថា មានពាក់ព័ន្ធនឹងរឿងនយោបាយ។ អ្នកនាំពាក្យរូបនេះបញ្ជាក់យ៉ាងនេះថា ៖ « ពេលនេះមេធាវីរបស់យើងកំពុងរៀបចំនីតិវិធី ដើម្បីដាក់ពាក្យបណ្តឹងហើយ។ រឿងនេះ មិនធម្មតាទេ វាអាចជារឿងនយោបាយ ព្រោះក្បួនរថយន្តសម្តេចក្រុមព្រះ ធ្វើដំណើរមានឡានស៊ីរ៉ែន ដែលបើកបរយឺតតែ ៣០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ហេតុអ្វីឡានដឹកដៃនោះមកបុក ? សុទ្ធតែមានចេតនាទុកជាមុនហើយ ។ ខ្ញុំមិនអាចនិយាយថា គណបក្សនយោបាយ ឬក្រុមណាមួយចង់ធ្វើឃាតសម្តេចក្រុមព្រះ បានទេ ទុកឲ្យសមត្ថកិច្ចស្រាវជ្រាវរឿងនេះរកការពិត ។
សូមបញ្ជាក់ផងដែរ នៅព្រឹកថ្ងៃទី២៥ ខែមេសា នេះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច រួមជាមួយលោក ញឹក ប៊ុនឆៃ លោក កែវ ពុទ្ធរស្មី នឹងថ្នាក់ដឹកនាំដទៃទៀត បានចូលរួមក្នុងពិធីសំណេះសំណាលជាមួួយថ្នាក់ដឹកនាំក្រោមជាតិ និងពលរដ្ឋដែលគាំទ្រគណបក្សនៅក្នុងមូលដ្ឋានស្រុកព្រៃឈ ខេត្តកំពង់ចាម។
© រក្សាសិទ្ធិដោយ thmeythmey.com