ជាតិ
បទវិភាគ
ហេតុ​អ្វី​ថ្នាក់​ដឹក​នាំ​ខេត្ត​នាំគ្នា​សម្រុក​ទៅសៀ​មរាប ដោយ​មិន​គិតគូ​រៀប​ចំកម្ម​វិធីមូ​ល​ដ្ឋាន​ខ្លួន?
26, Apr 2015 , 8:00 pm        
រូបភាព
ដោយ:
​ ភ្នំពេញ៖ ក្នុងការ​រៀបចំ​ទិវា​បុណ្យចូលឆ្នាំថ្មី​នាពេល​កន្លងមកនេះ មាន​វត្ត​អារាម​តិចតួច​ប៉ុណ្ណោះ​ដែល​បានរៀបចំ​ឱ្យមាន​ការលេង​ល្បេ​ង​ប្រជាប្រិយ និង​មានតែ ខេត្ត ក្រុង តិចតួច​ប៉ុណ្ណោះ​ដែល​បានរៀបចំ​ពិធី​ចូលឆ្នាំថ្មី​ជា​ផ្លូវការ​នៅក្នុង​ដែនដី​របស់ខ្លួន។ ក្រៅពីនោះ គណៈ​អភិបាល​រាជធានី ខេត្ត ក្រុង​ដទៃទៀត បាន​ត្រឹម​ទៅ​ចូលរួម​ហែហម​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​ពិធី​អង្គ​រស​ង្ក្រា​ន​នៅ​សៀមរាប​តែប៉ុណ្ណោះ ដោយ​ទុកឱ្យ​រាជធានី ខេត្ត ក្រុង​របស់ខ្លួន មាន​សភាព​ស្ងាត់ជ្រងំ ជាពិសេស រាជធានី​ភ្នំពេញ​ដែលជា​បេះដូង​របស់​ជាតិ។ តើ​ការធ្វើ​បែបនេះ ជា​ចំណាត់ការ​ត្រឹ​មត្រូវ​ដែរ ឬទេ?



កាលពី​ថ្ងៃទី១៤ ទី១៥ និង ទី១៦ ខែមេសា ឆ្នាំ២០១៥ កន្លងទៅនេះ ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​បានរៀបចំ​ពិធី​អបអរសាទរ​ទិវា​បុណ្យចូលឆ្នាំថ្មី​តាម​ប្រពៃណី​របស់ខ្លួន ដែល​ក្នុងនោះ មានការ​រៀបចំ​ជា​លក្ខណៈ​គ្រួសារ វត្ត​អារាម ជា​លក្ខណៈ​ស្ថាប័ន និង​លក្ខណៈ​ជាតិ។

ឆ្លងតាម​ការពិនិត្យសង្កេត​ជាក់ស្ដែង ក្នុងការ​រៀបចំ​ទិវា​បុណ្យចូលឆ្នាំថ្មី​នាពេល​កន្លងមកនេះ យើង​បានដឹងថា មាន​វត្ត​អារាម​តិចតួច​ប៉ុណ្ណោះ​ដែល​បានរៀបចំ​ឱ្យមាន​ការលេង​ល្បេ​ង​ប្រជាប្រិយ និង​មាន​រាជធានី ខេត្ត ក្រុង​តិចតួច​ប៉ុណ្ណោះ​ដែល​បានរៀបចំ​ពិធី​ចូលឆ្នាំថ្មី​ជា​ផ្លូវការ​នៅក្នុង​ដែនដី​របស់ខ្លួន។

ចំពោះ​ខេត្ត​ក្រុង​ភាគច្រើន​មិនបាន​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី​ជា​ផ្លូវការ​លើទឹក​ដី​របស់ខ្លួន​ទេ ដោយសារតែ​គណៈ​អភិបាល​រាជធានី ខេត្ត ក្រុង​ទាំងនោះ ជាប់រវល់​អញ្ជើញ​ទៅ​ចូលរួម​ហែហម​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​ពិធី​អង្គ​រស​ង្ក្រា​ន​នៅ​សៀមរាប ដែល​បានរៀបចំ​ដោយ​ក្រុមយុវជន ហើយ​បាន​ទុកឱ្យ​រាជធានី ខេត្ត ក្រុង​របស់ខ្លួន មាន​សភាព​ស្ងាត់ជ្រងំ ជាពិសេស រាជធានី​ភ្នំពេញ​ដែលជា​បេះដូង​របស់​ជាតិ​មិនមាន​រៀបចំ​អ្វី​ជា​ដុំកំភួន​ទេ យើង​បានឃើញ​មានតែ​ការប្រគំ​តន្ត្រី​មួយក្រុម​តូច​ដែលមាន​សភាព​គួ​ឱ្យ​កំសត់​ណាស់ មិន​ស័ក្ដិ​សមជា​ពិធី​ចូលឆ្នាំថ្មី​នៅ​រមនីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​ជា​រាជធានី​ដែលជា​បេះដូង​របស់​ព្រះរាជា​ណា​ច្រអ​ច្ឆ​រិ​យៈ​នោះទេ។

ជា​ការណ៍​ពិត ការអញ្ជើញ​ទៅ​ហែហម​ប្រមុខ​រាជរដ្ឋាភិបាល​មិនមែនជា​រឿង​មិនគួរ​ធ្វើ​នោះទេ ប៉ុន្តែ រឿង​ដែល​មិនគួរ​ធ្វើ​នោះ គឺ​ការខកខាន​មិនបាន​រៀបចំ​ពិធី​ចូលឆ្នាំថ្មី​ជា​ផ្លូវការ​នៅតាម​មូលដ្ឋាន​របស់ខ្លួន​ក្នុង​កម្រិត​រាជធានី ខេត្ត ក្រុង។ កន្លងមក យើង​មាន​បទពិសោធ​មិនល្អ​មួយ​ដែល​យើង​បានរៀបចំ​ពិធីបុណ្យ​អុំ​នៅ​រាជធានី​ភ្នំពេញ​ជា​ទ្រង់ទ្រាយ​ធំ ដែល​បណ្ដាលឱ្យ​មានការ​កកស្ទះ​ចរាចរណ៍ ការបំផ្លាញ​បរិស្ថាន និង​មាន​ឧ​ប​ទ្ទ​ហេតុ​កើតឡើង នៅ​កោះ​ពេជ្រ ដែល​ពេលនោះ​មាន​មនុស្ស​រត់​ជាន់គ្នា​ស្លាប់​អស់​រាប់រយ​នាក់​ដោយ​គ្មាន​អ្នកទទួលខុសត្រូវ។ ក្រោយមក​ពិធីបុណ្យ​នេះ​ត្រូវបាន​ផ្អាក​មួយរយៈ​ខ្លី ព្រមទាំង​បាន​បង្វែរ​និង​លើកទឹកចិត្ត​ឱ្យ​មានការ​ប្រារព្ធ​ពិធីបុណ្យ​នេះ​នៅតាម​ខេត្តនីមួយ។ ចុះ​ហេតុអ្វី​ក៏​ពេលនេះ យើង​បាន​ប្រមូលផ្ដុំ​មនុស្ស​យ៉ាងច្រើន​ទៅ​ប្រារព្ធ​ពិធី​អង្គ​រស​ង្ក្រា​ន​នៅ​ខេត្តសៀមរាប​ជា​ទ្រង់ទ្រាយ​ធំ​រហូតដល់​បង្កឱ្យមាន​ការកកស្ទះ​ចរាចរណ៍? តើ​យើង​ភ្លេច​បទពិសោធ​អាក្រក់​នៅលើ​ស្ពាន​កោះ​ពេជ្រ​ហើយ​ឬ?

ក្នុងនាម​អ្នកវិភាគ​សង្គម យើង​ពិតជា​រីករាយ អបអរសាទរ និង​កោតសរសើរ​ចំពោះ​ការរៀបចំ​ពិធី​អង្គ​រស​ង្ក្រា​ន​ដែល​បានរៀបចំ​ជា​បន្តបន្ទាប់​ដោយ​ក្រុមយុវជន​នាពេល​កន្លងមក។ ពិធី​នេះ​ពិតជា​បាន​លើកកម្ពស់ អភិវឌ្ឍ និង អភិរក្ស​ទំនៀមទម្លាប់ ប្រពៃណី និង​វប្បធម៌​ជាតិ​ឱ្យ​រុងរឿង​និង​រីកចម្រើន ជាពិសេស បាន​ទាក់ទាញ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ឱ្យមក​ទស្សនា​ប្រាសាទបុរាណ​ខ្មែរ ដែល​អាច​ប្រមូលបាន​ប្រាក់ចំណូល​យ៉ាងច្រើន​សម្រាប់​លើកកម្ពស់​សេដ្ឋកិច្ចជាតិ។ ប៉ុន្តែ យើង​ចង់ឱ្យ​ទេសចរ​ទាំងនោះ​ទៅ​ទស្សនា​កន្លែងផ្សេងៗទៀត​ក្រៅពី​ខេត្តសៀមរាប​ដែរ លើសពីនេះ​ទៀត យើង​ក៏​មិន​ចង់ឃើញ​ហានិភ័យផ្សេងៗដែល​អាច​កើតឡើង​ពី​ការប្រមូលផ្ដុំ​គ្នាច្រើន​នៅតែ​មួយកន្លែង​ដែរ។ យោងតាម​បទពិសោធ​និង​តថភាព​ជាក់ស្ដែង ការប្រមូលផ្ដុំ​គ្នាច្រើន​ដើម្បី​ប្រារព្ធ​ពិធី​តែមួយ​កន្លែង នាំឱ្យមាន​បញ្ហា​ជាច្រើន ដូចជា ការកកស្ទះ​ចរាចរណ៍ ការខ្វះ​ផ្ទះសំណាក់​និង​សណ្ឋាគារ សេវា​ដឹកជញ្ជូន ទំនិញ ផ្ទះសំណាក់ សណ្ឋាគារ និង ម្ហូបអាហារ ឡើងថ្លៃ​ខ្ពស់ ព្រមទាំង​ឧបទ្ទវហេតុផ្សេងៗអាច​កើតឡើង​ជាយថាហេតុ។

ផ្ដើមចេញពី​អង្គ​រស​ង្ក្រា​ន​នៅ​សៀមរាប សូមឱ្យ​គណៈ​អភិបាល​រាជធានី ខេត្ត​ដទៃទៀត រៀបចំ​ស​ង្ក្រា​ន​នៅតាម​រាជធានី ខេត្ត​របស់ខ្លួន​ផងដែរ ដូចជា ភ្នំពេញ​ស​ង្ក្រា​ន កណ្ដាល​ស​ង្ក្រា​ន កំពង់ចាម​ស​ង្ក្រា​ន បាត់ដំបង​ស​ង្ក្រា​ន...។ ក្នុងការ​រៀបចំ​នោះ​សូមឱ្យ​មានការ​ប្រលងប្រណាំង និង​ជូន​រង្វាន់​តាម​លំនាំ​នៃ​អ្វីដែល​គេ​បានធ្វើ​ក្នុង​អង្គ​រស​ង្ក្រា​ន​ដែរ។ លើសពីនេះ​ទៀត អាច​ឱ្យមាន​គណៈកម្មកា​រ​ជាតិ សម្រាប់​វាយតម្លៃ ជ្រើស​រៀស​ចំណាត់ថ្នាក់​ទូទាំងប្រទេស ដើម្បីឱ្យ​ដឹងថា​តើ​ខេត្ត​ណាមួយ​រៀបចំ​ស​ង្ក្រា​ន​បានល្អ​ជាងគេ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ យើង​សូម​អំពាវ​នា​ឱ្យ​គណៈ​អភិបាល​រាជធានី ខេត្ត​ទាំងអស់ គួររៀបចំ​ស​ង្ក្រា​ន​នៅតាម​មូលដ្ឋាន​របស់ខ្លួន ដើម្បី​រួមចំណែក​លើកកម្ពស់ អភិវឌ្ឍ និង អភិរក្ស​ទំនៀមទម្លាប់ ប្រពៃណី និង​វប្បធម៌​ជាតិ​របស់​យើង​ផង និង​ដើម្បី​បញ្ចៀស​ហានិភ័យផ្សេងៗដូចដែល​ធ្លាប់​កើតមាន​នាពេល​កន្លងមក​ផដែរ។

ការមិន​បានរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ជា​ផ្លូវការ​កម្រិត​រាជធានី ខេត្ត ក្រុង នៅ​មូលដ្ឋាន​របស់ខ្លួន អាច​ត្រូវបាន​គេ​វាយតម្លៃថា៖
1. គណៈ​អភិបាល​ទាំងនោះ គ្មាន​គំនិត​លើកកម្ពស់ អភិវឌ្ឍ និង​អភិរក្ស​ទំនៀមទម្លាប់ ប្រពៃណី និង​វប្បធម៌​ជាតិ
2. គណៈ​អភិបាល​ទាំងនោះ ឱ្យ​តម្លៃ​នយោបាយ​ខ្ពស់ជាងអ្វីផ្សេងៗទៀត រួមទាំង​វប្បធម៌​ផងដែរ
3. សមត្ថភាព និង​គំនិត​ច្នៃប្រឌិត​របស់​គណៈ​អភិបាល​ទាំងនោះ ទាប​ជាង​ក្រុមយុវជន



© រក្សាសិទ្ធិដោយ thmeythmey.com