ជាតិ
បទវិភាគ
ដំណើរ​វិលត្រឡប់​ដ៏​ពពាក់ពពូន​ទៅ​ស្រុកកំណើត ជា​ភស្តុតាង​នៃ​ចំណាកស្រុក
13, Apr 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ហេតុការណ៍​នៃ​ការវិលត្រឡប់​របស់​ព​ល​រដ្ឋ​ខ្មែរ​ទៅកាន់​ស្រុកកំណើត នាឱកាស​បុណ្យចូលឆ្នាំថ្មី ដែលមាន​សភាព​កកកុញ រហូតដល់​បណ្ដាលឱ្យមាន​ការកកស្ទះ​ចរាចរណ៍​ជាច្រើន​ម៉ោង​នៅតាម​កំណាត់​ផ្លូវ​មួយចំនួន គឺជា​ភស្តុតាង​មួយ​នៃ​ការធ្វើ​ចំណាកស្រុក​របស់​ពលរ​ដ្ឋ​ខ្មែរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ជាពិសេស គឺ​ការធ្វើ​ចំណាកស្រុក​ពី​ខេត្ត​នានា​មក​រាជធានី​ភ្នំពេញ និង​ពី​ខេត្ត​នានា​ដែល​មិនសូវមាន​សេដ្ឋកិច្ច​រីកចម្រើន មិនសូវមាន​ការងារ​ធ្វើ ទៅ​ខេត្ត​នានា​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន និង​សម្បូរ​ការងារ​ធ្វើ​ជាង។ លើសពីនេះ​ទៀត ពលករ​ខ្មែរ​មួយចំនួន​ក៏បាន​ធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅ​បរទេស​ដែរ ជាពិសេស នៅ​ប្រទេស​ថៃ។ អ្នកធ្វើ​ចំណាកស្រុក​មួយចំនួន​ទទួលបាន​សំណាងល្អ ឯ​អ្នក​មួយចំនួនទៀត​ទទួលបាន​សំណាងអាក្រក់ តើ​មាន​កត្តា​រួមផ្សំ​អ្វីខ្លះ​ចំពោះ​បញ្ហា​នេះ?



ការធ្វើ​ចំណាកស្រុក គឺជា​ចលនា​មួយ​ដែល​កើតមាន​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក មិនមែន​មានតែ​នៅ​កម្ពុជា​ទេ។ ប៉ុន្តែ អ្វីដែល​យើង​គួរ​យកចិត្តទុកដាក់​នោះ ថា​តើ ពលរដ្ឋ​ខ្មែរ​ដែល​បានធ្វើ​ចំណាកស្រុក​ទាំង​ផ្ទៃក្នុង​ប្រទេស​និង​ទៅ​ក្រៅប្រទេស បានធ្វើ​ឡើង​ដោយ​សុវត្ថិភាព ច្បាស់លាស់ ស្របច្បាប់ មាន​ព័ត៌មាន​គ្រប់គ្រាន់ និង​គួរ​ទទួលបាន​ស្ថានភាព​ប្រសើរ​ជាង​កន្លែង​ដែល​ពួកគេ​កំពុង​រស់នៅ​ដែរឬទេ។ ជាពិសេស ចំពោះ​ពលករ​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស គួរ​មាន​ការជួយ​អប់រំ ការណែនាំ និង​ការការពារ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ស្ថានទូត ឬ​ស្ថាន​កុង​ស៊ូ​ល​របស់​កម្ពុជា​ដែល​តាំងនៅ​ក្នុងប្រទេស​ដែល​ពួកគេ​ទៅរក​ការងារ​ធ្វើ​នោះ។

យោងតាម​ការសិក្សា និង​ការពិនិត្យសង្កេត មូល​ហេតុដែល​នាំឱ្យមាន​ចំណាកស្រុក​មាន​ដូចខាងក្រោម៖

1. ភាពក្រីក្រ និង​ការខ្វះ​ដី​សម្រាប់​ធ្វើស្រែ ចំការ
2. កង្វះ​ការងារ​ធ្វើ និង​ការងារ​មិនមាន​ស្ថិរភាព
3. លក្ខខណ្ឌ​ការងារ​មិនល្អ​ប្រសើរ(ប្រាក់ខែ​តិច មានការ​រំលោភ​ពី​និយោជក បរិស្ថាន​ការងារ​មិនល្អ​ប្រសើរ...)
4. កង្វះ​ប្រព័ន្ធ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ឆាប់រហ័ស នៃ​ការផ្ដល់​ព័ត៌មាន​អំពី​តម្រូវការ​កម្លាំង​ពលកម្ម និង​តម្រូវការ​ការងារ​ធ្វើ
5. ទំនាក់ទំនង​រវាង​ស្ថាប័នរដ្ឋ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ មិនទាន់មាន​ភាពស្និទ្ធស្នាល មិនទាន់មាន​និរន្តរភាព ភាពស្មោះត្រង់ និង​មិនទាន់មាន​ការយល់​ច្បាស់​ពី​តម្រូវការ​របស់​គ្នា​ទៅវិញទៅមក។

តាមពិត​នៅមាន​មូលហេតុ​ជាច្រើន​ទៀត​ដែល​យើង​មិនបាន​លើកមកបង្ហាញ​នៅទីនេះ។ ការធ្វើ​ចំណាកស្រុក​របស់​ពលរ​ដ្ឋ​ខ្មែរ​កន្លងមក មាន​ពីរ​ប្រភេទ គឺ​ចំណាក់ស្រុក​ស្របច្បាប់ និង​ចំណាកស្រុក​មិន​ស្របច្បាប់។ ទោះបីជា​យ៉ាងណាក៏ដោយ ក៏​ការធ្វើ​ចំណាកស្រុក​ទាំងពីរ​ប្រភេទ​សុទ្ធតែ​បាន​ជួប​បញ្ហា​ប្រឈម​មួយចំនួន៖

ចំណាកស្រុក​ស្របច្បាប់ ជាទូទៅ​មាន​បែបបទ​ស្មុគស្មាញ ចំណាយ​ច្រើន(ទាំង​ផ្លូវការ​និង​មិន​ផ្លូវការ) ត្រូវ​រង់ចាំ​រយៈពេល​យូរ ប៉ុន្តែ ទទួលបាន​ព័ត៌មាន​ច្រើន​និង​ច្បាស់លាស់​ជាង ឯ​ភាគរយ​នៃ​ភាពប្រាកដប្រជា​ចំពោះ​ការទទួលបាន​ការងារ​ធ្វើ និង​ភាពជោគជ័យ​ហាក់ដូច​ជាមាន​កម្រិត​ខ្ពស់ជាង និង​ហានិភ័យ​ក៏មាន​កម្រិត​ទាប​ជាង​ដែរ។

ចំណាកស្រុក​មិន​ស្របច្បាប់ ជាទូទៅ​មាន​បែបបទ​មិនសូវ​ស្មុគស្មាញ ចំណាយលុយ​ប្រហាក់ប្រហែលគ្នា ប្រើ​រយៈពេល​ខ្លី​ជាង​ចំណាកស្រុក​ស្របច្បាប់ ប៉ុន្តែ ទទួលបាន​ព័ត៌មាន​តិច​និង​មិន​ច្បាស់លាស់ ធ្វើឡើង​ដោយ​ដោយ​ប្រថុយប្រថាន ភាគរយ​នៃ​ភាពប្រាកដប្រជា​នៃ​ការទទួលបាន​ការងារ និង​ភាពជោគជ័យ​មាន​កម្រិត​ទាប​ជាង ឯ​ហានិភ័យ​ក៏មាន​កម្រិត​ខ្ពស់ជាង​ដែរ ដូចជា អាច​ត្រូវគេ​បាញ់ ចាប់​ដាក់គុក បញ្ជូន​ឱ្យធ្វើ​ការងារ​ធ្ងន់ ឬ​ការងារ​នេសាទ​នៅតាម​សមុទ្រ...)។

ជាទូទៅ ទាំង​ចំណាកស្រុក​ស្របច្បាប់ និង​ចំណាកស្រុក​មិន​ស្របច្បាប់ សុទ្ធតែ​ធ្វើឡើង​តាមរយៈ​បុគ្គល ឬ​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល។ ប៉ុន្តែ ជារឿយៗក្រុមហ៊ុន​ទាំងនេះ​តែងតែបាន​ទារលុយ​យ៉ាងច្រើន​ពី​ពលករ​ដើម្បី​រត់ការ​ក្នុងការ​បំពេញបែបបទ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស និង​បាន​ភូតកុហក់ និង​លាក់លៀម​ព័ត៌មាន​ពិត​នៅ​កន្លែងធ្វើការ​ក្រៅប្រទេស។ ទីបំផុត ពេល​ពលករ​ទៅដល់​ក្រៅប្រទេស ជាពិសេស ប្រទេស​ថៃ តំណាង​ក្រុមហ៊ុន បាន​បញ្ជូន​ពលករ​ឱ្យទៅ​ធ្វើ​ការងារ​ផ្សេង​ខុសពី​កិច្ចសន្យា ឯ​ទិដ្ឋាការ​ដែល​ក្រុមហ៊ុន​រត់ការ​ឱ្យ​នោះ មិនមែនជា​ទិដ្ឋាការ​ការងារ​ទេ គឺជា​ទិដ្ឋាការ​ទេសចរណ៍ លើសពីនេះ តំណាង​ក្រុមហ៊ុន​បាន​ដក​លិខិតឆ្លងដែន​ទុក​ដើម្បី​កុំឱ្យ​ពលករ​រត់​មក​ស្រុក​វិញ និង​ថែមទាំង​បាន​បញ្ជូន​ពលករ​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​តាម​ទំនើងចិត្ត ជា​របៀប​លក់ដូរ​មនុ​ស្ស។

ក្នុងករណី​ជាច្រើន ពលករ​ខ្មែរ​មួយចំនួន​ត្រូវ​ជាប់គុក​នៅ​ប្រទេស​ថៃ និង​ត្រូវបាន​គេ​បញ្ជូនមក​ព្រុំដែន​វិញ ក្នុងនាម​ជា​អន្តោប្រវេសន៍​ខុសច្បាប់ ដោយសារតែ​ទិដ្ឋាការ​ទេសចរណ៍​នោះ​ផុតកំណត់។ ពេលមកដល់​ស្រុក​ខ្មែរ​វិញ ពលករ​ខ្មែរ​ទាំងនោះ​គ្មាន​លុយ​មួយ​រៀល​ជាប់​នឹង​ខ្លួន គ្មាន​លិខិតឆ្លងដែន ឯ​លុយ​ដែល​បង់​ឱ្យ​ក្រុមហ៊ុន​ទាំង​ប៉ុន្មាន ក៏​គ្មាន​អ្នកទទួលខុសត្រូវ​ដែរ។ ប្រសិនបើ​ពួកគេ​ចង់​ប្ដឹងប្ដល់​អំពី​រឿងនេះ ក៏​ពិបាក​ដែរ ដោយសារតែ​ប្រធាន​ក្រុមហ៊ុន​ដែល​នាំ​ពលករ​ចេញ​ភាគច្រើន ជា​សាច់ញាតិ​របស់​អ្នកធំ ឬ​មាន​ខ្នងបង្អែក​ជា​អ្នកធំ។

អ្វីដែល​យើង​បាន​លើកមកបង្ហាញ​នេះ សារព័ត៌មាន​ដទៃទៀត​ក៏​ធ្លាប់​បានលើកឡើង​ដែរ ប៉ុន្តែ ចំណាត់ការ​របស់​ក្រសួង​មាន​សមត្ថកិច្ច​ចំពោះ​រឿងនេះ ហាក់ដូចជា​មិនបាន​បង្ហាញឱ្យឃើញ​អ្វី​ជា​ដុំកំភួន​ទេ ដែល​ធ្វើឱ្យ​ពលករ​ខ្មែរ​ជា​ច្រើ​នាក់​នៅតែ​បន្ត​រងគ្រោះ​រហូតមកដល់​សព្វថ្ងៃនេះ យើង​មិនដឹង​ច្បាស់​ថា​តើ ការណ៍​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​មិនបាន​ចាត់វិធានការ​ក្ដៅ​ចំពោះ​ជនល្មើស​ក្នុងករណីនេះ បណ្ដាលមកពី​គ្មាន​ភស្តុ​ង​តាង​គ្រប់គ្រាន់ គ្មាន​ច្បាប់​គ្រប់គ្រាន់ គ្មាន​ឆន្ទៈ ឬ​ខ្លាច​ប៉ះពាល់​ដល់​ផលប្រយោជន៍ ឬ​យ៉ាងណា​នោះទេ៕ 

អត្ថបទដោយ សច្ចៈវិទូ

© រក្សាសិទ្ធិដោយ thmeythmey.com