អន្តរជាតិ
អាមេរិកចាប់ទម្លាក់ជំនួយសង្គ្រោះប្រជាជននេប៉ាល់ ខណៈអ្នកស្លាប់ចេះតែកើនឡើង
× រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចាប់ផ្តើមបញ្ជូនក្រុមឆ្លើយតបគ្រោះមហន្តរាយ ទៅកាន់ប្រទេស នេប៉ាល់ ដើម្បីជួយសហការដោះស្រាយបញ្ហាវិបត្តិ និង បញ្ហានានាក្រោយកើតមានគ្រោះ មហន្តរាយរញ្ជួយដីដែលសម្លាប់មនុស្សរហូតដល់ជិត២០០០នាក់។ ក្រៅពីនេះ ក៏មានការអនុម័ត កញ្ចប់ថវិកាសម្រាប់ផ្គត់ផ្គង់ និងដោះស្រាយបន្ទាន់បង្ខំនានាសម្រាប់នេប៉ាល់ផងដែរ។
ជាបឋមរដ្ឋាភិបាលលោក បារ៉ាក់ អូបាម៉ា បានបញ្ជាអោយស្ថាប័នពាក់ព័ន្ធ បញ្ជូនក្រុមឆ្លើយ តបនឹងគ្រោះមហន្តរាយទៅកាន់ប្រទេសនេប៉ាល់ ដើម្បីសហការជួយសង្គ្រោះប្រជាជនដែល រងគ្រោះ និងត្រូវការជំនួយ។ ការបញ្ជូនក្រុមឆ្លើយតបគ្រោះមហន្តរាយនេះត្រូវរៀបចំឡើង ក្រោយកើតមានឡើងគ្រោះមហន្តរាយរញ្ជួយដីនៅនេប៉ាល់ ដែលបានឆក់អាយុជីវិតមនុស្ស ជិត២០០០នាក់ និងបំផ្លិចបំផ្លាញនេប៉ាល់យ៉ាងដំណំ។
បច្ចុប្បន្នេះ ក្រៅពីបញ្ជូនក្រុមអ្នកជំនាញ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក៏បានសម្រេចទម្លាក់ កញ្ចប់ថវិកា ១លានដុល្លារអាមេរិកផងដែរ ដើម្បីផ្តល់ឲ្យរដ្ឋាភិបាលក្រុងកាត់ម៉ាន់ឌូប្រើប្រាស់ ក្នុងកាលៈទេសៈចាំបាច់ ឆ្លើយតបនឹងត្រូវការបន្ទាន់បង្ខំនានា។
បើតាមភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ក្រុមការងារកំពុងដុតដៃដុតជើងដើម្បី ជួយសម្រួលដល់ការផ្តល់ជំនួយទៅកាន់ប្រជាជនដែលប្រឈមគ្រោះថ្នាក់ និងដែលត្រូវការ ជំនួយខ្លាំង។ ហើយកញ្ចប់ថវិកាចំនួន ១លានដុល្លារនោះនឹងត្រូវគេយកទៅប្រើប្រាស់ ឆ្លើយតបរាល់តម្រូវការចាំបាច់និងប្រញាប់ផងដែរ។ បើទោះជាទំហំថវិកាបឋមនេះមិនច្រើន ប៉ុន្មានក៏ពិតមែន ជំនួយនេះអាចនឹងជួយច្រើនដល់ការដោះស្រាយផ្នែកស្បៀងអាហារលំនៅ ដ្ឋានបណ្តោះអាសន្ន និងប្រើប្រាស់ដើម្បីសម្រួលទុក្ខលំបាកផ្សេងទៀតរបស់ប្រជាជន នេប៉ាល់។
គេរំពឹងថាបណ្តាប្រទេសមហាអំណាចប្រទេសជិតខាង និងស្ថាប័នមនុស្សធម៌នានានឹង ចាត់វិធានការចាំបាច់និងជួយគាំទ្រទាំងស្មារតី និងជំនួយមនុស្សធម៌ទៅដល់រដ្ឋាភិបាល នេប៉ាល់ និងប្រជាជននេប៉ាល់ដែលកំពុងរងគ្រោះផងដែរ។ មកទល់ពេលនេះ ប្រទេសមហា យក្សអាស៊ីខាងត្បូង និងជាប្រទេសជិតខាងនេប៉ាល់ ឥណ្ឌា និងប៉ាគីស្ថាន ក៏បានខ្វែងដៃខ្វែង ជើង បញ្ជូនជំនួយមនុស្សធម៌ចាំបាច់ទៅកាន់ប្រទេសនេប៉ាល់ ដើម្បីសម្រាលទុក្ខលំបាករបស់ ប្រជាជនមួយកម្រិត។
គួរបញ្ជាក់ថា ប្រទេសនេប៉ាល់រងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិរញ្ជួយដីកម្រិតខ្ពស់ រហូតដល់ ៧.៩ រ៉ិចទ័រ ហើយគ្រោះមហន្តរាយនេះមិនត្រឹមតែឆក់យកអាយុជីវិតមនុស្ស រាប់ពាន់នាក់ប៉ុណ្ណោះទេវាក៏បានបំផ្លិចបំផ្លាញអាគារ ផ្ទះសម្បែង សំណង់បុរាណជា បេតិកភ័ណ្ឌពិភពលោកជាច្រើនផ្សេងទៀតផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com