ជាតិ
បទវិភាគ
លោក សម រង្ស៊ី ប្រហែលជា​ចង់​ឲ្យ​គេ​ហៅ «ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច» ជាង «ប្រធាន​បក្សប្រឆាំង»
26, Apr 2015 , 6:30 pm        
រូបភាព
លោក សម រង្ស៊ី និងលោក ហ៊ុន សែន នា​ជំនួបជាមួយ​ខ្មែរនៅម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥
លោក សម រង្ស៊ី និងលោក ហ៊ុន សែន នា​ជំនួបជាមួយ​ខ្មែរនៅម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥
នា​រយៈពេល​ចុងក្រោយ​នេះ គេ​មិនសូវ​លឺ​លោក សម រង្ស៊ី ឧទ្ទេសនាម​ខ្លួនឯង​ថា​ជា «ប្រធាន​គណបក្សប្រឆាំង» ឡើយ ដោយ​លោកនិយម​ប្រើពាក្យ «ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច» ជំនួស​វិញ។ ការប្រើប្រាស់​ពាក្យ​បែបនេះ ប្រហែលជា​លោក សម រង្ស៊ី មិន​ចង់ឃើញ​គម្លាត​រវាង​លោក និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​មេដឹកនាំ​ទាំងពីរ​កំពុង​នាំគ្នា​សាបព្រោះ​វប្បធម៌​សន្ទនា។



កាលពី​ចុងឆ្នាំ២០១៤ លោក សម រង្ស៊ី ត្រូវបាន​សភា​អនុម័ត​ឲ្យ​ក្លាយជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច​នៃ​រដ្ឋសភា ដែលមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី។ ដូចជា​ព្រះ​ម្ចាស់ នរោត្តម រណឫទ្ធិ ផងដែរ ដែល​ទទួលបាន​ឋានៈ​ស្មើ​នេះ ក្នុងនាម​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ព្រះមហាក្សត្រ លោក សម រង្ស៊ី មិនអាច​ប្រើប្រាស់​ឋានៈ​ទៅ​បញ្ជា​រដ្ឋាភិបាល ឬ​យោធា​បានឡើយ។ ទោះបីជា​យ៉ាងណាក៏ដោយ ខណៈដែល​បក្ស​ជាប់ឆ្នោត​ទាំងពីរ​នាំគ្នា​ស្វែងរក​គន្លឹះ​បញ្ចប់​ភាព​តានតឹង​ផ្នែក​នយោបាយ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រើប្រាស់​ឋានៈ​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច ទៅធ្វើជា​ដៃគូ​សន្ទនា​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ដែលមាន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់។

ការឈាន​ទៅកាន់​ជ្រើសរើស​សមាសភាព​ថ្មី​ទាំង៩រូប​សម្រាប់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ការដោះលែង​សកម្មជន​នយោបាយ និង​ដីធ្លី ចេញពី​ពន្ធនាគារ ជាដើម​នោះ ត្រូវបាន​លោក សម រង្ស៊ី អះអាងថា កើតចេញពី​វប្បធម៌​សន្ទនា។ លោក ហ៊ុន សែន ក៏បាន​អះអាង​ផងដែរ​ថា ផ្លែផ្កា​នៃ​វប្បធម៌​សន្ទនា បានធ្វើ​ឲ្យ​ស្ថានភាព​ប្រឈម​ផ្នែក​នយោបាយ​នៅ​កម្ពុជា​ឈានដល់​ទីបញ្ចប់។

ការ​ចេញពី​អង្គប្រជុំ​សភា​រួមគ្នា​ទាំងមុខ​ញញឹម វត្តមាន​រួមគ្នា​នា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​ការនាំគ្នា​ទៅ​សំ​ណះ​សំ​ណា​ល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី បានបង្ហាញ​ឲ្យ​ឃើញថា វប្បធម៌​សន្ទនា​ពិតជា​បោះជំហាន​ទៅមុខ។ លោក សម រង្ស៊ី ថែមទាំង​និយាយថា វប្បធម៌​ត្រូវបាន​ប្រទេស​ជាច្រើន​យក​ធ្វើជា​គំរូ ខណៈ​លោក ហ៊ុន សែន លើកឡើងថា ដី​កម្ពុជា​មិនមែនជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​អ្នកណា​ឡើយ ដូច្នេះ​ការមិន​យកគ្នា​ជាស​ត្រូវ​គឺ​យន្តការ​ដ៏​ពិ​សេសមួយ។

ខណៈដែល​លោក សម រង្ស៊ី ចូលចិត្ត​ឲ្យ​ឈ្មោះ​ខ្លួនឯង​ថា​ជា «ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច» លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​និយម​ហៅ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា «គណបក្ស​ក្រៅ​រដ្ឋាភិបាល» ពោលគឺ​មិនសូវ​ហៅ «គណបក្សប្រឆាំង ឬ​គណបក្សជំទាស» ដូច​មុន​នោះឡើយ។

តើ​គណបក្ស​សង្គ្រោះ​ជាតិ​លែង​ក្លាយជា​គណបក្សប្រឆាំង ហើយ​ដើរ​តាម​លំ​អាន​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឬ​យ៉ាងណា? លោក សម រង្ស៊ី បានបង្ហាញ​ជំហរ​ថា វប្បធម៌​គឺ​ដើម្បី​ស្វែងរក​ផលប្រយោជន៍ ដោយ​មិន​ធ្វើ​ឲ្យ​ជាតិ​រលាយ​នោះឡើយ។

ស្របពេល​ជាមួយគ្នា លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​អះអាងថា វប្បធម៌​សន្ទនា​គឺជា​យន្តការ​មួយ​ដើម្បី​ឲ្យ​បក្សនយោបាយ​ចេះ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី តាមរយៈ​ការជួប​សន្ទនា​គ្នា។ ប៉ុន្តែ​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា វា​មិនមែនជា​យន្តការ​ប្រជាធិបតេយ្យ​នោះទេ ហើយ​គណបក្ស​របស់លោក​នៅតែ​បន្ត​រិះគន់​ចំណុច​ខ្វះខាត និង​អសកម្ម​របស់​រដ្ឋាភិបាល៕



© រក្សាសិទ្ធិដោយ thmeythmey.com